ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក វិល្លាម រកឃើញកំហុស របស់ចៅហ្វាយខេត្តមណ្ឌលគិរី និងមេប៉េអឹមខេត្តស្ទឹងត្រែង

41

ភ្នំពេញ៖ នៅថ្ងៃទី ៥ និងថ្ងៃ ៦ ខែ តុលា ឆ្នាំ ២០១៩ នេះលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុក (វិល្លាម) សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក អមដំណើរដោយក្រុមការងារជំនាញ១០រូប សហការជាមួយមន្ត្រីលេខាធិការដ្ឋានរបស់ឧត្តមក្រុមប្រឹក្សា២រូបបានចុះដល់ ខេត្តមណ្ឌលគិរី ស្ទឹងត្រែង និង ខេត្តឧត្តមានជ័យ ក្នុងចំណោមខេត្តទាំង១០នៃគោលដៅបេសកកម្មដើម្បីស្រាវជ្រាវស៊ើបអង្កេតករណីពិសេសមួយករណី ពិនិត្យនិងតាមពាក្យបណ្ដឹងរបស់ពលរដ្ឋ៣ករណី ក្នុងចំណោម១៧ករណី មានដូចជា

១ / ករណី បើកការស៊ើបអង្កេត រកភស្តុតាងចំពោះ ការភូតកុហកនិងភាពអសកម្ម របស់អភិបាលខេត្តមណ្ឌលគិរី ចំពោះសម្ដេចតេជោ ពាក់ព័ន្ធនិងករណីបន្លំអង្គហេតុស្ថានភាពភ្នំដោះក្រមុំ ដែលមាន KTV ចំនួន៣ បើកលើភ្នំដោះក្រមុំក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ជនជាតិភាគតិច នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ។

២ / ករណីពលរដ្ឋ ឈ្មោះ ថុល សីហា នៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី ដែលបានប្ដឹងចំពោះឧកញ៉ា ធាង ទ្រី ដែលបានគៃបន្លំរំលោភដី និងភាពអសកម្មរបស់រដ្ឋបាលខេត្ត ក្នុងការដោះស្រាយករណីអ្នកប្រើប្រាស់អាវុធ បាញ់បោះសេរីជាង ២៦៤ គ្រាប់ក្នុងដីរបស់គាត់។

៣ / ករណីពលរដ្ឋ ឈ្មោះ សែ ម៉េងជា នៅភូមិកណ្ដាល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលបានប្ដឹងចំពោះលោក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលប្រើអំណាចខុសច្បាប់ រឹបអូសទ្រព្យសម្បត្តិខុសច្បាប់ ចាប់ជនរងគ្រោះនិងភរិយា ដាក់ពន្ធធនាគាដោយអយុត្តិធម៌ ជាពិសេស មេបញ្ជាការរូបនេះ មានភាពអសកម្មក្នុងការអនុវត្តន៍ តាមសេចក្ដីជូនដំណឹង របស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលបញ្ជាឲ្យមេបញ្ជាការនេះ ប្រគល់ទ្រព្យសម្បត្តិឲ្យជនរងគ្រោះវិញ

៤ / ករណីពលរដ្ឋ ឈ្មោះ រស់ មុំ តំណាងពលរដ្ឋ ៩១ គ្រួសារ ឋិតនៅភូមិស្រែ កណ្ដាល ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ប្ដឹងចំពោះរដ្ឋបាលខេត្តសៀមរាប និង ឧត្តរមានជ័យ ដែល អសកម្មក្នុងការដោះស្រាយដីធ្លីវិវាទ របស់ពួកគាត់ដែលនាំឲ្យបញ្ហាកាន់តែរីកធំ គ្មានអ្នកទទួលខុសត្រូវ

លោក បានថ្លែងថា បន្ទាប់ពីបញ្ចប់បេសកកម្មសរុប ៧ ករណីក្នុងខេត្តចំនួន ៦ខេត្តរួចមកក្រុមការងារយើងខ្ញុំ និងបន្តដំណើរទៅខេត្ត ព្រះវិហារ សៀមរាប កំពង់ធំ និងបន្ទាយមានជ័យបន្ថែមទៀត ក្នុងបេសកកម្មនេះ ដើម្បីពិនិត្យមើលបញ្ហា១០ករណីបន្ថែមជាអាទិ៍រួមមាន , ការរំលោភច្បាប់ ភាពអសកម្មរបស់មន្ត្រីការបំពាន ការភូតកុហករាជរដ្ឋាភិបាល ការគប់គិតរំលោភដីរដ្ឋ ជាដើម ដើម្បីបិទបញ្ចប់បេសកកម្មពិសេសចំនួន១០ខេត្តនេះ

លោកបានឲ្យដឹងថា រាល់ករណីនីមួយៗនឹងសិក្សាយ៉ាងលម្អិត ដើម្បីរៀបចំរបាយការណ៍ជូនសម្ដេចតេជោ ជាពិសេសគឺករណីរបស់អភិបាលខេត្តមណ្ឌលគិរី និង ករណីមេបញ្ជាការខេត្តស្ទឹងត្រែង៕

អត្ថបទដែលជាប់ទាក់ទង