ចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូក មួយកន្លែងនៅជាប់មាត់ស្ទឹងសៀមរាប រកឃើញឈើល្មើសច្បាប់ចំនួន ៦.២៣០ម៉ែត្រគូប
សៀមរាប ៖ សមត្ថកិច្ចចម្រុះនៃខេត្តសៀមរាប បានពិនិត្យក្នុងកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង នៅជាប់មាត់ស្ទឹងសៀមរាប ដោយរកឃើញឈើមួយចំនួនធំ ។ សមត្ថកិច្ចចម្រុះធ្វើការវាសវែង និងផ្ទៀងផ្ទាត់វិក្កយបត្រទិញឈើពីដេប៉ូលក់រួចម រកឃើញថា មានឈើលើសចំនួន ៦.២៣០ម៉ែត្រគូប ហើយចំពោះឈើដែលល្មើសច្បាប់ ជាវត្ថុតាងនៃបទល្មើស ដែលគ្មានលិខិតពីមន្ត្រីជំនាញត្រូវបានធ្វើកំណត់ហេតុដកហូត និងដឹកជញ្ជូនទៅរក្សាទុក នៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី។
សូមបញ្ជាក់ថា កម្លាំងចម្រុះនៃខេត្តសៀមរាប បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកគ្មានច្បាប់នៅជាប់មាត់ស្ទឹងសៀមរាប រួចក៏ប្រទះឃើញ មានស្តុកឈើល្មើសច្បាប់ ក៏សហការគ្នាបន្តនីតិវិធីបង្ក្រាប ឈានដល់រកឃើញឈើល្មើសច្បាប់មួយចំនួនផងដែរ។ ហេតុការណ៍នេះធ្វើឡើងនៅវេលាម៉ោង៨និង៤៥នាទី ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
កម្លាំងចម្រុះរួមមាន ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច, រដ្ឋបាលព្រៃឈើ និងអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំដោយលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានចុះបង្ក្រាប និងធ្វើការឆែកឆេរទីតាំងសន្និធិផល អនុផលព្រៃឈើ២កន្លែង ដែលមានម្ចាស់ទីតាំងឈ្មោះ លៀម មុំ ភេទស្រី អាយុ៤៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងភូមិសាស្ត្រ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ទីតាំងកើតហេតុ ក្នុងកិច្ចប្រតិបត្តិការនោះ ទទួលបានលទ្ធផលដូចខាងក្រោម ៖ ឈើប្រភេទលេខ១ សុក្រម ចំនួន ៣២២ដុំ ស្មើនិង ១៩.៦៧០ម៉ែត្រគូប, ឈើប្រណីត(ធ្នង់) ចំនួន ១២០ដុំស្មើនិង ១.២០០ម៉ែត្រគូប, សរុបឈើទាំងអស់ ស្មើនិង២០.៨៧០ម៉ែត្រគូប។
សមត្ថកិច្ចបន្តថា ក្រោយពីកម្លាំងសមត្ថកិច្ចចម្រុះធ្វើការវាសវែង និងផ្ទៀងផ្ទាត់វិក័យបត្រទិញឈើពីដេប៉ូលក់រួចមរកឃើញថា មានឈើលើសចំនួន ៦.២៣០ម៉ែត្រគូប។ ចំពោះចំនួនឈើដែលលើស ជាវត្ថុតាងនៃបទល្មើស ដែលគ្មានលិខិតពីមន្ត្រីជំនាញត្រូវបានធ្វើកំណត់ហេតុដកហូតនិងដឹកជញ្ជូនទៅរក្សាទុក នៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីអនុវត្តទៅតាមនីតិវិធីនៃច្បាប់ ស្តីពី ព្រៃឈើ៕