តារា សម្តែងលី ឧត្តម បញ្ចេញមុខក្មេងប្រុស ដែលបានលួចទ្រព្យ
ភ្នំពេញ ៖ តារាសម្តែង ដែលមាន ត្រេមុខ ដូចកូន កាន់ឥណ្ឌា លោក លី ឧត្តម បានធ្វើឲ្យអ្នកលេងហ្វេសប៊ុកភ្ញាក់ផ្អើល ក្រោយពីតារារូបនេះ បញ្ចេញ មុខមាត់ពិតរបស់ក្មេងប្រុសម្នាក់ ដែលបានលួចទ្រព្យសម្បត្តិលោក និងក្រុមគ្រួសារ ហើយបានគេច ខ្លួនបាត់ស្រមោល។
ហេតុការណ៍ បានធ្វើឡើងកាលពីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០១៨ បន្ទាប់ពីក្មេងប្រុសនោះ បានលួច ម៉ូតូមួយគ្រឿង និង ទូរស័ព្ទ ដៃ១គ្រឿងរបស់លោក តែប៉ុន្មានម៉ោងមុន។ តារារូបនេះបញ្ជាក់ថា៖ ក្មេងប្រុសនោះ មានឈ្មោះ ម៉ៅ ច័ន្ទរ៉ាស៊ី អាយុ ១៨ឆ្នាំ ត្រូវជាមិត្តភក្តិប្អូនប្រុសរបស់លោក ហើយលោក បានទុកចិត្តនិងអាណិតស្រឡាញ់ដូចបងប្អូន ប៉ុន្តែបានធ្វើឲ្យលោកហួសចិត្ត ត្បិតក្មេងប្រុសនេះ បានលួចទ្រព្យសម្បត្តិលោក ហើយរត់គេចខ្លួន។
លោកបញ្ជាក់ដែរថា ៖ កន្លងមកលោកធ្លាប់បានដឹងខ្លះៗដែរថា ក្មេងប្រុសម្នាក់នេះ មានចរិតមិនសូវល្អ និងធ្លាប់ប៉ះពាល់ទ្រព្យ សម្បត្ដិ អ្នកដទៃ ប៉ុន្តែ តាមរយៈសកម្មភាពខាងក្រៅពិបាក នឹងសម្គាល់ ឲ្យលោកដឹង ទើបចេះតែប្រហែស ទើបមានរឿងនេះកើតឡើង។
លោកបន្ដថា ៖ ទ្រព្យសម្បត្តិ ដែលបាត់បង់គឺមិន ច្រើនទេប៉ុន្តែ វាគឺជាកម្លាំងញើសឈាមដែល លោកខិតខំសន្សំ ។ លោកបន្ដថា ៖ មិនទាន់ដាក់ពាក្យបណ្តឹងទៅកាន់មន្ត្រី មានសមត្ថកិច្ចនៅឡើយ ខណៈ ដែលលោកចង់ឲ្យក្មេងប្រុស ឬក្រុមគ្រួសារក្មេងប្រុសនោះ ចូលខ្លួនមកដោះស្រាយ មុនពេលលោកដាក់ពាក្យប្តឹង។ លោកថា៖គ្រួសារ ក្មេងនោះ គឺជាអ្នកមានមុខមានមាត់គួរសមដែរ ដែលឪពុកក៏ជាមន្ត្រីនគរបាល ដែលមិនគួរមានកូន ដែលចូលចិត្តលួចទ្រព្យសម្បត្តិគេ យ៉ាងដូចនោះសោះ។
លោក បានរំលឹកថា៖ លោកកំពុងរកដំណោះស្រាយណាមួយ មុនពេលដែលពាក្យបណ្តឹង របស់លោកឡើងដល់ដៃ មន្ត្រីមានសមត្ថកិច្ចនោះ៕