ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកការប្រកួតប្រដាល់គុនខ្មែរ-សាកល ជើងឯកជាតិឆ្នាំ២០១៩

77


ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩ ប្រដាល់គុនខ្មែរ និងសាកល បានសម្ពោធបើកជាផ្លូវការហើយ កាលពីរសៀលថ្ងៃទី០៧តុលា នៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាកងយោធពលខេមរភូមិន្ទ(ស្តាតចាស់) ហើយតាមការគ្រោងទុកនោះ នឹងត្រូវបិទបញ្ចប់នារសៀលថ្ងៃទី១១តុលាខាងមុខ ។
លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហ ព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលជាគណៈអធិបតីក្នុងពិធីសម្ពោធបើកការប្រកួតនេះ បានសំណូម ពរឲ្យមន្ត្រីបច្ចេកទេសត្រូវតែកាត់ក្ដីដោយយុត្តិធម៌ ដើម្បីកុំឲ្យលេចឮនូវពត៌មានមិនល្អ តាមទំព័របណ្ដាញសង្គម។លោកប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ក៏បានបង្ហាញនូវកាជឿជាក់ដែរថា មន្ត្រីបច្ចេកទេសរបស់លោកនឹងត្រូវប្រជុំរាល់មុនពេលការប្រកួតចាប់ផ្ដើមដើម្បីឲ្យការប្រកួតនេះធានាបាននូវភាពយុត្តិធម៌។
ការប្រកួតប្រដាល់ជើងឯកថ្នាក់ជាតិនេះ  បានប្រើប្រាស់សង្វៀនពីរ គឺប្រដាល់សាកលប្រកួតលើសង្វៀនប្រដាល់ជម្រើសជាតិក្នុងពហុកីឡដ្ឋានជាតិ ដែលត្រូវប្រកួតនាថ្ងៃទី៨តុលា  ឯ ប្រដាល់គុនខ្មែរប្រកួតលើសង្វៀនក្នុងស្តាតចាស់ដែលចាប់ផ្តើមនាថ្ងៃទី០៧តុលានេះ ។
លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានឲ្យដឹងថា សម្រាប់ប្រដាល់គុនខ្មែរមានអ្នកចូលរួមចំនួន៨៣នាក់ ។ ពួកគេមកពី១៥ សមាគមរាជធានី-ខេត្តនិងក្រសួង៣ គឺក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ចំពោះប្រដាល់សាកលវិញនោះ លោកឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សាកល បានឲ្យដឹងដែរថា មានកីឡាករ-កីឡាការិនីចូលរួមចំនួនជាង៨០រូប ដែលមកពី៩រាជធានី-ខេត្ត និងក្រសួង៣ គឺក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
លោកឧត្តមសេនីយ៍ រាជ សុផែន ដែលជាអគ្គលេខាធិការរងសហព័ន្ធប្រដាល់គុនខ្មែរបានឲ្យដឹងដែរថា ក្នុងចំណោមអ្នកប្រដាល់គុនខ្មែរទាំងចំនួន៨៣នាក់នេះ មានចំនួន៩ប្រភេទទម្ងន់ ។ចំពោះប្រដាល់សាកលដែលមានចំនួន៧០នាក់វិញនោះ មានចំនួន៨ប្រភេទទម្ងន់ ។
សូមបញ្ជាក់ថា ការប្រកួតនេះ ធ្វើឡើងក្រោមគម្រោងថវិការបស់ក្រសួងអប់រំយុវជន និងកីឡា ដែលរាល់ការចំណាយសព្វបែបយ៉ាងតាំងពីការធ្វើដំណើរ ស្នាក់នៅ ហូបចុក និងប្រាក់រង្វាន់ ជាដើម គឺថិតក្នុងគម្រោងថវិការដ្ឋទាំងអស់ ។
លោក ម៉ិល កាដូ អគ្គនាយករងកីឡា និងជាអគ្គលេខាធិការសហព័ន្ធប្រដាល់គុនខ្មែរបានអះអាងថា ឆ្នាំនេះសម្រាប់ការហូបចុក ស្នាក់នៅរបស់កីឡាករ គឺយើងបានអនុវត្តដោយផ្តល់ជាសាច់ប្រាក់សុទ្ធដល់ម្នាក់ៗតែម្តង  ដែលថវិកាមានចំនួនតាមគោលការណ៍របបរបស់រដ្ឋ ដែលមានចំនួនច្រើនគួរសមដែរ ដើម្បីចៀសវាងការកើតមានបាតុភាពផ្សេងៗកើតឡើងដោយសារការស្នាក់នៅហូបចុកនេះ  ៕

អត្ថបទដែលជាប់ទាក់ទង