រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឲ្យបញ្ឈប់ការចាក់ផ្សាយបទចម្រៀង (រាំស្កុប) របស់ផលិតកម្មសាន់ដេ
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រាប់ឲ្យម្ចាស់ស្ថានីយទូរទស្សន៍ និងទូរទស្សន៍គ្រប់ប្រព័ន្ធ និងម្ចាស់ទូរទស្សន៍អនឡាញគ្រប់ប្រភេទ បញ្ឈប់ការចាក់ផ្សាយបទចម្រៀងដែលមានចំណងជើងថា (រាំស្កុប) របស់ផលិតកម្មសាន់ដេ។
បើយោងតាមបានចេញសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ លោកខៀវ កាញារីទ្ធ បានឲ្យដឹងថា ការបញ្ឈប់ការចាក់ផ្សាយ បទចម្រៀងរាំស្កុបនេះ ដោយសារតែវីដេអូបទចម្រៀងនេះ បានប្រើស្លាកសញ្ញា (Logo) របស់មន្ទីរពេទ្យកាល់ម៉ែត ដោយគ្មានការអនុញ្ញាត។
លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រាប់ថា ក្រុមហ៊ុនសាន់ដេ វីដេអូ បានផលិតបទចម្រៀងមានចំណងជើងថា (រាំស្កុប) ដែលនៅក្នុងឈុតសម្តែង បទចម្រៀងនោះ បានប្រើប្រាស់ឯកសណ្ឋានដែលមានស្លាកសញ្ញា (Logo) របស់មន្ទីរពេទ្យកាល់ម៉ែត ដោយពុំមានការអនុញ្ញាត ពីមន្ទីរពេទ្យកាល់ម៉ែត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់មន្ទីរពេទ្យ និងទឹកចិត្តក្នុងការបំពេញការងារវិជ្ជាជីវៈរបស់បុគ្គលិកនៃមន្ទីរពេទ្យកាល់ម៉ែតទាំងមូល។
សេចក្តីជូនដំណឹងបានបញ្ជាក់បន្ថែមថា សូមឲ្យម្ចាស់ស្ថានីយទាំងអស់អនុវត្តន៍ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ៕