ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិក្ខាសាលាបណ្ដុះបណ្ដាលក្រុមអ្នកជំនាញសម្រាប់ ប្រទេសតំបន់អាស៊ី ប៉ាស៊ីហ្វិក និងអ៊ឺរ៉ុបខាងកើត ស្ដីពីការគ្រប់គ្រងទិន្នន័យសម្រាប់ការធ្វើសារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ជាតិ

50

 

ទីក្រុងសៀមរាប ពីថ្ងៃទី០៧ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ​២០១៩៖ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលចំនួនពីរ និងកិច្ចប្រជុំចំនួនមួយគឺ សិក្ខាសាលាបណ្ដុះបណ្ដាលក្រុមអ្នកជំនាញប្រឹក្សាយោបល់សម្រាប់ប្រទេសតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងតំបន់អ៊ឺរ៉ុបខាងកើត ស្ដីពីការគ្រប់គ្រងទិន្នន័យសម្រាប់ការធ្វើសារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ជាតិ សិក្ខាសាលាបណ្ដុះបណ្ដាលសម្រាប់អ្នកជំនាញពិនិត្យរបាយការណ៍សារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ និងកិច្ចប្រជុំក្រុមអ្នកជំនាញប្រឹក្សាយោបល់លើការងារប្រែប្រួលអាកាសធាតុ។ នេះគឺជាលើកទី២ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ និងសិក្ខាសាលានេះ ដែលលើកទី១ បានប្រព្រឹត្តទៅនៅឆ្នាំ២០១៧ នាទីក្រុងសៀមរាប។​

សិក្ខាសាលា និងកិច្ចប្រជុំនេះ បានរៀបចំឡើងដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រោមកិច្ចសហប្រតិបត្តិការ និងឧបត្ថម្ភដោយលេខាធិការដ្ឋានអនុសញ្ញាក្រប ខណ័្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ។ សិក្ខាសាលាបណ្ដុះបណ្ដាលក្រុមអ្នកជំនាញប្រឹក្សាយោបល់ស្ដីពីការគ្រប់គ្រងទិន្នន័យសម្រាប់ការធ្វើសារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ជាតិ បានរៀបចំឡើងក្នុងគោលបំណង​ ១) ឆ្លើយតបទៅនឹងបញ្ហាលើកឡើងដោយប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសអ្នកជំនាញក្នុងការគ្រប់គ្រងទិន្នន័យសម្រាប់ការធ្វើសារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ជាតិ ២) ជាវេទិកាមួយដ៏សំខាន់ ក្នុងការទទួលបាននូវចំណេះដឹង តាមរយៈការចែករំលែកបទពិសោធន៍ មេរៀនល្អៗពីប្រទេសផ្សេងៗនិងតំបន់ ដើម្បីជំរុញនូវការគ្រប់គ្រងការរៀបចំរបាយការណ៍ព័ត៌មានស្ដីពីសារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ដែលប្រកបដោយភាពច្បាស់លាល់ តម្លាភាព គុណភាព និងពេញលេញ ជាពិសេសរបាយការណ៍បច្ចុប្បន្នភាព២ឆ្នាំម្ដងសម្រាប់ប្រទេសតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងតំបន់អ៊ឺរ៉ុបខាងកើត និង៣) ការកសាងបណ្ដាញ។ សិក្ខាសាលានេះមានការចូលរួមដោយ សមាជិក និងអ្នកជំនាញមកពីប្រទេសតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងតំបន់អ៊ឺរ៉ុបខាងកើត ចំនួនប្រមាណ៥០នាក់។

នៅក្នុងសុន្ទរកថាបើក លោក ទិន ពន្លក អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានមានប្រសាសន៍ថា សិក្ខាសាលា និងកិច្ចប្រជុំនេះគឺជាវេទិកាដ៏សំខាន់សម្រាប់កិច្ចពិភាក្សាពីបញ្ហាប្រែប្រួលអាកាសធាតុ និងបរិស្ថាននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងតំបន់អ៊ឺរ៉ុបខាងកើត។ ឯកឧត្តមបានបញ្ជាក់ថា យើងទាំងអស់គ្នាបានដឹងថា ការប្រែប្រួលអាកាសធាតុ គឺកើតមានពិតប្រាកដ និងបានបង្កនូវផលប៉ះពាល់យ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន។ សកម្មភាពមនុស្សបានបញ្ចេញនូវឧស្ម័នផ្ទះកញ្ចក់ដ៏ច្រើនលើសលុប ជាពិសេសការបញ្ចេញឧស្ម័នកាបូនិក។ សកម្មភាពរបស់មនុស្ស ដូចជាតាមរយៈ វិស័យថាមពល ដឹកជញ្ជូន កសិកម្ម ការកាប់បំផ្លាញព្រៃឈើ សំរាម និងសំណល់ បានបញ្ចេញនូវឧស្ម័នផ្ទះកញ្ចក់ដែលបង្កឱ្យកើនឡើងកម្ដៅពិភពលោក និងបណ្ដាលឱ្យមានការប្រែប្រួលអាកាសធាតុ ដូចជាការកើនឡើងនូវសីតុណ្ហភាព កើនឡើងនូវកម្ពស់ទឹកសមុទ្រ និងការប្រែប្រួលមិនទៀងទាត់នៃរបបទឹកភ្លៀង ដែលបង្កនូវផលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវិតមនុស្ស បង្កការខូចខាតដល់សេដ្ឋកិច្ច និងបរិស្ថានផងដែរ។

កម្ពុជា ជាប្រទេសដែលងាយរងគ្រោះដោយសារផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុនេះ ដោយសារសេដ្ឋកិច្ចពឹងផ្អែកលើផ្នែកកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្សនៅមានកម្រិត កង្វះនូវធនធានថវិកា និងបច្ចេកវិទ្យាសម្រាប់ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

រាជរដ្ឋាភិបាលកម្ពុជា​ បានខិតខំប្រឹងប្រែងក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុទាំងនៅក្នុងប្រទេស និងទាំងការចូលរួមជាមួយសហគមន៍អន្តរជាតិ។​ នៅកម្រិតជាតិ រាជរដ្ឋាភិបាលបានរៀបចំ និងអនុម័តនូវផែនការយុទ្ធសាស្រ្តប្រែប្រួលអាកាសធាតុកម្ពុជា២០១៤-២០២៣ ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពប្រែប្រួលអាកាសតាមវិស័យ បានវិភាជន៍ថវិកា បានសហការជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនក្នុងអនុវត្តការងារប្រែប្រួលអាកាសធាតុ ដូចជាការកសាងសមត្ថភាពថ្នាក់ជាតិសម្រាប់ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនេះ។ កម្ពុជា បានផ្ដល់សច្ចាប័នដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស និងបានដាក់ជូននូវរបាយការណ៍រួមចំណែករបស់ម្ពុជាក្នុងការអនុវត្តអនុសញ្ញាក្រប ខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ។ ក្នុងនាមជាប្រទេសសមាជិកអនុសញ្ញា កម្ពុជាត្រូវផ្ដល់នូវព័ត៌មានស្ដីពីការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងសកម្មភាពក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ក៏ដូចជាសកម្មភាពបន្ស៊ាំ មធ្យោបាយអនុវត្ត ដូចជាធនធានហិរញ្ញវត្ថុ ការផ្ទេរបច្ចេកវិទ្យា និងការកសាងសមត្ថភាព។ កម្ពុជា ត្រូវដាក់ជូនទៅលេខាធិការដ្ឋានអនុសញ្ញានូវ របាយការណ៍សារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់មួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានព័ត៌មានជាក់លាក់។

ការវាស់វែង របាយការណ៍ ផ្ទៀងផ្ទាត់ និងតម្លាភាពនៃសកម្មភាពកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ កាន់តែមានសារសំខាន់ខ្លាំងឡើង ហេតុដូចនេះ សារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់មានតួនាទីសំខាន់ក្នុងការផ្ដល់ជាមូលដ្ឋានសម្រាប់អ្នកធ្វើការសម្រេចចិត្តក្នុងការរៀបចំនិងអនុវត្តផែនការយុទ្ធសាស្រ្តក្នុងប្រទេសនីមួយៗក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។
សិក្ខាសាលានេះ ជាវេទិកាសំខាន់សម្រាប់ឱ្យសមាជិកចូលរួម បានចែករំលែកនូវបញ្ហា ក៏ដូចជាបទពិសោធន័ក្នុងការគ្រប់គ្រង និងរៀបចំសារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ ក៏ដូចជាស្វែងរកដំណោះស្រាយនូវបញ្ហាទាំងនោះតាមរយៈការជួយពីអ្នកជំនាញ។​

សិក្ខាកាមចូលរួមទាំងអស់អាចឆ្លៀតឱកាសទស្សនាតំបន់អង្គរ​ ដែលជាអតីតទីក្រុងប្រវត្តិសាស្រ្តរបស់កម្ពុជាពីសតវត្សរ៍ទី៩ ដល់សតវត្សរ៍ទី១៤៕

អត្ថបទដែលជាប់ទាក់ទង