ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន ២៤២៨គ្រួសារ ក្នុងស្រុកក្រូចឆ្មារ  បានទទួលអំណោយ ពីអង្គការ muslimehelfen តាមរយៈសមាគមនិស្សិតមុស្លិមកម្ពុជា

59

ត្បូងឃ្មុំ៖ ​​​សមាគមនិស្សិតមុស្លិមកម្ពុជា បានសហការជាមួយអង្គការមុស្លិមហេលហ្វិន (muslim ehelfen) នៅប្រទេសអាល្លឺម៉ង់ បាននាំយកអំណោយជាកញ្ចប់អាហារ គ្រឿងឧបភោគ បរិភោគចែកជូនដល់ប្រជាពលរដ្ឋចំនួន ( ២៤២៨គ្រួសារ)ដែលរងគ្រោះដោយទឹកជំនន់ មកពីឃុំកំពង់ទ្រាស និងឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ពិធីចែកអំណោយបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត សុះ មុះសិន សមាជិករដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា និងមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ លោក ម៉ូត យូសុះ តំណាងរាស្ត្រខេត្តត្បូងឃ្មុំ លោកស្រី នី ចាន់ធីតា អភិបាលរង តំណាងលោកអភិបាលខេត្តត្បូងឃ្មុំ និងជាថ្នាក់ ដឹកនាំសមាគមនិស្សិតមុស្លិមកម្ពុជា សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរពាក់ព័ន្ធ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ យុវជនសម្ព័ន្ធយុវជនមុស្លិមកម្ពុជា លោកអភិបាលស្រុកក្រូចឆ្មារ លោកមេឃុំ ក្រុមប្រឹក្សាឃុំ គណៈអ៊ីម៉ាំខេត្ត គណៈអ៊ីម៉ាំស្រុក កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ២៤២៨គ្រួសារ កាលពីម្សិលមិញ តុលា ឆ្នាំ២០១៩។
លោកវេជ្ជ.សុះ មុះសិន បានពាំនាំនូវការផ្តាំសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងពាំនាំនូវសាឡាមរបស់លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា លោកឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី និង លោក ហ្សាការីយ៉ា អាដាម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំឥស្លាមដទៃទៀត ជូនចំពោះបងប្អូន លោកពូ អ្នកមីងទាំងអស់នៅទីនេះ។
សូមបញ្ជាក់ថា នៅលើពិភពលោកបច្ចុប្បន្ននេះ ការរើសអើងជាតិសាសន៍ និងការរើសអើងសាសនា គឺនៅតែបន្តកើតមាន។ ដោយឡែកនៅក្នុងតំបន់យើងនេះ ក៏មានប្រទេសមួយចំនួននៅតែរើសអើងផ្នែកសាសនា ដែលបង្កឱ្យមានអស្ថិរភាព និងភាពវឹកវរនៅក្នុងសង្គម គឺផ្ទុយស្រឡះពីប្រទេសកម្ពុជា។ បើទោះបីកម្ពុជាជាប្រទេសមួយតូចក៏ពិតមែន ប៉ុន្តែការរស់នៅរបស់ប្រជា ជនបង្កើតបាននូវសាមគ្គីភាពដ៏ល្អក្នុងការរួមរស់ជាមួយគ្នា គ្មានការរើសអើង ប្រកាន់ពូជសាសន៍ ព៌ណសម្បុរ ឬសាសនាអ្វីឡើយ គឺជាប្រទេសមានសុខដុមនីយកម្មផ្នែកសាសនា។ យើងអាចរស់នៅដ៏សុខសាន្តជាមួយគ្នា មានការគោរពស្រឡាញ់គ្នាទៅវិញទៅមក ចេះជួយយកអាសារគ្នាក្នុងនាមជាមនុស្សជាតិដូចគ្នា និងសុទ្ធសឹងជាអ្នកដែលចង់រស់ជ្រកក្រោមម្លប់សន្តិភាពជាមួយគ្នា។ បច្ចុប្បន្នប្រទេសយើងមានសន្តិភាពពេញលេញ ឯសមិទ្ធផលនានាមានការរីកចម្រើនលើគ្រប់វិស័យក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ នេះបង្ហាញឱ្យឃើញថាប្រជាពលរដ្ឋកម្ពុជា កំពុងរស់នៅយ៉ាងសុខសាន្ត ដែលអ្នកដឹកនាំប្រទេសមានគុណធម៌ ស្រឡាញ់នូវសុខសន្តិភាព ចង់ឱ្យប្រជាពលរដ្ឋបានរស់នៅដោយសុខដុមរមនាជាមួយគ្នា ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ នៃដំបូលរដ្ឋធម្មនុញ្ញតែមួយ។ ជាមួយគ្នានេះឯកឧត្តមវេជ្ជ. សុះ មុះសិន បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានសាមគ្គីភាពល្អជាមួយគ្នា ចេះជួយទុក្ខធុរៈគ្នា និងចេះជួយយកអាសារគ្នា កុំជឿល្បិចកលឃោសនាបោកប្រាស់ទាំងឡាយណាពីក្រុមជ្រុលនិយម ដែលនាំយើងឱ្យទៅរកក្តីវិនាស អន្តរាយ ធ្វើឱ្យបែកបាក់សាមគ្គីភាព បង្កនូវអសន្តិសុខក្នុងសង្គម និងធ្វើឱ្យមានអស្ថេរភាពនយោ បាយ។
ពាក់ព័ន្ធនឹងកម្មវិធីថ្ងៃនេះ លោកវេជ្ជ.សុះ មុះសិន បានលើកឡើងថា ដោយមើលឃើញពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយគ្រោះទឹកជំនន់ក្នុងឆ្នាំ២០១៩នេះ សមាគមនិស្សិតមុស្លិមកម្ពុជាបានអំពាវនាវដល់អង្គការមុស្លិមហែលហ្វិន(muslimehelfen) នៅប្រទេសអាល្លឺម៉ង់ ដើម្បីរួមចំណែកជួយសម្រួលដល់ទុក្ខលំបាកខ្វះខាតនៃប្រជាពលរដ្ឋរងគ្រោះ ចំនួន ២២០៦គ្រួសារ ក្នុងឃុំកំពង់ទ្រាសទាំងមូល ដែលមាន០៦ភូមិ និង ចំនួន ២២២គ្រួសារ មកពីភូមិទួលសម្បត្តិ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយក្នុង ០១គ្រួសារ ទទួលបានអង្ករចំនួន ២០ គីឡូក្រាម មី ០១កេស ស្មើ ៥០កញ្ចប់ និងត្រីខ ១០កំប៉ុង។
លោក បានបន្តថា ក្រៅពីគម្រោងខាងលើ ក្នុងនាមជាដៃគូអភិវឌ្ឍន៍របស់សមាគមនិស្សិតមុស្លិមកម្ពុជា អង្គការ muslimehelfen ក៏បានផ្តល់នូវគម្រោងមនុស្សធម៌ជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរ ឬសាសនាឡើយ មានដូចជា កសាងអគារអន្តេវាសិកដ្ឋានសំរាប់និស្សិតនារីមុស្លិម ចំនួន ២កន្លែង ដែលមាននិស្សិតនារីមុស្លិមស្នាក់នៅ ដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅរាជធានីភ្នំពេញ ជារៀងរាល់ឆ្នាំ ផ្តល់ប្រាក់កម្ចីឥណទានឥតការប្រាក់ដល់ប្រជាពលរដ្ឋខ្មែររស់នៅក្នុងសហគមន៍ក្រីក្រ ខណ្ឌដូនពេញ និងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះដោយសារមហន្តរាយគ្រោះធម្មជាតិ ដូចជា ទឹកជំនន់ ខ្យល់ព្យុះ ភ្លើងឆេះផ្ទះ នៅតាមបណ្តារាជធានី ខេត្ត ផ្តល់ថវិកាសម្រាប់រៀបចំកម្មវិធីស្រាយបួសក្នុងខែរ៉ាម៉ាដន និងកម្មវិធី Qurban (ចែកសាច់គោ) ជារៀងរាល់ឆ្នាំ បើកវគ្គបណ្តុះបណ្តាលកាត់ដេរ ភាសាអង់គ្លេស ជំនាញកុំព្យូទ័រ ដោយឥតគិតថ្លៃ។ ហើយនៅថ្ងៃទី៦ ខែតុលាខាងមុខ សមាគមនឹងពាំនាំអំណោយសង្គ្រោះបន្ទាន់ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ចំនួន ១៤ខ្នងផ្ទះ ស្មើនឹង ២៤គ្រួសារ ស្ថិតក្នុងភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលអំណោយ និងថវិការសម្រាប់គ្រួសារទាំងនោះ សរុប ១៣២៦៦អឺរ៉ូ។ ទន្ទឹមនឹងនេះ យើងកំពុងពង្រឹង និងពង្រីកភាពជាដៃគូ ដោយបានចាប់ផ្តើមគម្រោងថ្មីមួយទៀតសម្រាប់សហគមន៍ គឺ គម្រោងចិញ្ចឹមកុមារកំព្រា ១៥០នាក់ នៅតាមផ្ទះ ដោយក្មេងកំព្រា ម្នាក់ៗនឹងទទួលបានប្រាក់ឧបត្ថម្ភ ៣០អឺរ៉ូ ក្នុងមួយខែ ដែលកំពុងដំណើរការប្រកាសជ្រើសរើស។ សមាគមកំពុងសិក្សាពីគម្រោងបង្កើតមជ្ឈមណ្ឌលសិក្សា និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅខេត្តកំពង់ធំ ដើម្បីស្រូបយកក្រុមមុខសញ្ញា ដែលបោះការសិក្សា ឬគ្មានជំនាញច្បាស់លាស់ អាចមកទទួលការបណ្តុះបណ្តាលពីគម្រោងនេះ។
លោកវេជ្ជ. សុះ មុះសិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការ muslimehelfen ដែលតែងតែគិតគូរ និងយកចិត្តទុក្ខដាក់ រួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា ជាងនេះទៅទៀតឯកឧត្តមក៏សូមថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអជ្ញាធរពាក់ពន្ធ័ដែល​ បានប្រឹងប្រែងទាំងកម្លាំងកាយ កម្លាំងចិត្តដើម្បីទប់ស្កាត់ និងជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នាពេលកន្លងនេះបានទាន់ពេលវេលា៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង