ជនដៃដល់ម្នាក់បាញ់សម្លាប់២នាក់ប្ដីប្រពន្ធ នៅមណ្ឌលគិរីរឿងទំនាស់ដីធ្លីត្រូវសមត្ថកិច្ចចាប់បាននៅស្វាយរៀង
ស្វាយរៀង៖ជនដៃដល់ក្នុងឃាតកម្មដ៏ សាហាវបាញ់សម្លាប់២នាក់ប្ដីប្រពន្ធនៅស្រុកកោះញែកខេត្តមណ្ឌលគិរី កាលពី១ខែមុននោះនៅល្ងាចថ្ងៃទី៧ខែតុលាឆ្នាំ២០១៩នេះ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ តាមចាប់ខ្លួនបានហើយនៅក្រុងបាវិតខេត្តស្វាយរៀង។
ប្រតិបត្តិការនេះត្រូវបានធ្វើឡើង ក្រោមការបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍សន្ដិបណ្ឌិតនេតសាវឿន អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែននគរបាល យុត្តិធម៌និងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯកង៉េងជួ ប្រធាននាយកដ្ឋាននគរបាលព្រហទណ្ឌដោយចាត់ឲ្យវរសេនីយ៍ឯកជាវវិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌបើកការស្រាវជ្រាវតែម្ដង។
លោកវរសេនីយ៍ឯកជាវវិបុលបានប្រាប់កាសែតក្នុងស្រុក ឲ្យដឹងថាក្រោយការទទួលបានបទបញ្ជា និងការចង្អុលបង្ហាញលោកបានដឹកនាំកម្លាំងនាយកដ្ឋានសហការ ជាមួយកម្លាំងនគរបាលខេត្តស្វាយរៀងនិងកំណត់អត្ដសញ្ញាណជនដៃដល់ ទើបឈានដល់ការចាប់ខ្លួនបាននៅវេលាម៉ោង៤ល្ងាចនេះនៅចំណុច ការដ្ឋានសំណង់មួយកន្លែងស្ថិតក្នុងក្រុងបាវិតខេត្តស្វាយរៀង។
លោកវរសេនីយ៍ឯកជាវវិបុលបានបញ្ជាក់ថា ជនដៃដល់ដែលកម្លាំងជំនាញចាប់ខ្លួនបានឈ្មោះសុខចំរើន ភេទប្រុសអាយុ៤៩ឆ្នាំមានទីលំនៅភូមិអូគគីឃុំអូតាយ៉ស្រុកកោះញែក ខេត្តមណ្ឌលគីរីបានរត់គេចមកធ្វើកម្មករសំណង់ ស្ថិតនៅភូមិបាវិតកណ្តាលសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។ បច្ចុប្បន្នជនសង្ស័យកំពុងបញ្ជូនមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសួរនាំនិងបញ្ជូនបន្ដទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីវិញ ដែលជាម្ចាស់ករណី។
សូមជម្រាបថាករណីឃាតកម្មបាញ់សម្លាប់២នាក់ប្ដីប្រពន្ធនេះ បានកើតឡើងនៅថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១៩នៅ ចំណុចថ្មដារស្ថិតនៅភូមិរវាក់ឃុំរ៉យស្រុកកោះញែកខេត្តមណ្ឌលគិរី។ ជនរងគ្រោះជាប្ដីឈ្មោះរ៉ាហៅម៉ៅ(ប្ដី) អាយុ៣៧ឆ្នាំមុខ របរកសិករនិងប្រពន្ធឈ្មោះអានអុលអាយុ៣៤ឆ្នាំមុខរបរកសិករ។ ដើមចមដែលនាំឲ្យមានអំពើឃាតកម្មនេះគេសង្ស័យផ្ដើមចេញពីរឿងទំនាស់ដីធ្លី៕