ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សេចក្ដីថ្លែងការណ៍ទាក់ទងនឹងព្រំដែន កម្ពុជា_វៀតណាម ក្រោយពីមានពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងកម្ពុជា និង វៀតណាម កាលពីថ្ងៃទី០៥ ខែតុលានេះ

70
ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម_GDP) នៅថ្ងៃច័ន្ទ ៩កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៧ ខែ តុលា ឆ្នាំ២០១៩នេះ  បានសេចក្ដីថ្លែងការណ៍ទាក់ទងនឹងព្រំដែន កម្ពុជា_វៀតណាម ក្រោយពីពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០១៩កន្លងមកថ្មីៗនេះ។
   ក្នុងសេចក្ដីថ្លែងការណ៍នោះបានបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) មានក្ដីបារម្ភអំពីការចុះហត្ថលេខាលើឯកសារច្បាប់ចំនួន ០២ ទាក់ទងនឹងបញ្ហាព្រំដែន រួមមាន (១) សនិ្ធសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និង  សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារណៈរដ្ឋសង្គមនិយមវៀតណាម និង (២) ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០១៩។
 ដោយសារព្រះរាជាណាចក្រកម្ពុជា មិនមានគណៈកម្មការជំនាញឯករាជ្យលើបញ្ហាព្រំដែន ប្រវត្តិសាស្រ្ត ច្បាប់ និងប្រជាសាស្រ្ត  គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មិនអាចដឹងបានថា ការចុះសន្ធិសញ្ញាព្រំដែនរវាងរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៦ និងរដ្ឋាភិបាលវៀតណាម នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៩ កម្ពុជា ខាត ឬវៀតណាម ចំណេញទេ។  គបម យល់ឃើញថា ការមានព្រំដែនមួយច្បាស់លាស់ជារឿងល្អប្រសើរ។
  គបម ទាមទារ៖ ១. រាជរដ្ឋាភិបាលកម្ពុជាបង្ហាញឯកសារច្បាប់ទាំងពីរទាក់ទងនឹងបញ្ហាព្រំដែន ដែលបានចុះហត្ថលេខា នាថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១៩ ជាសាធារណៈ។
 ២. រាជរដ្ឋាភិបាលកម្ពុជាត្រូវធានាថាប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសម្ចាស់ដីនៅតាមបន្ទាត់ព្រំដែន                              អាចកាន់កាប់ ប្រើប្រាស់ អាស្រ័យផល និងដើរហើរ ដោយគ្មានការរារាំង និងគំរាមកំហែង។
 ៣. រាជរដ្ឋាភិបាលកម្ពុជាត្រូវអភិវឌ្ឍតំបន់ព្រំដែនឲ្យក្លាយជាសហគមន៍សម្បូរសប្បាយ។
 ៤. រាជរដ្ឋាភិបាលកម្ពុជាមិនត្រូវបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅតាមបណ្ដោយព្រំដែនដោយវិនិយោគគិន
 នៃប្រទេសដែលជាប់ព្រំដែននោះឡើយ។
 គបម យល់ឃើញថា ក្នុងស្ថានភាពនយោបាយដែលប្រទេសនៅមិនទាន់មានឯកភាពជាតិ  និងក្នុងពេលដែលសភាជាតិគ្រប់គ្រងដោយគណបក្សតែមួយ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ពុំគួរផ្ដល់សច្ចាប័នលើសន្ធិសញ្ញា ឬកិច្ចព្រមព្រៀងលើបញ្ហាព្រំដែនឡើយ។
   គបម សូមរំលឹកអំពីគោលនយោបាយនៃសៀវភៅបៃតង ចំណុច ១១២ ចែងថា៖ បង្កើតក្រុមជំនាញបច្ចេកទេសច្បាប់អន្តរជាតិ ប្រវត្តិសាស្រ្ត និងផែនទី ដើម្បីផ្ដល់យោបល់ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង និង ចំណុច ១២១ ចែងថា៖ ពិនិត្យសើរើ និងអាចឈានទៅចរចាឡើងវិញនូវកិច្ចសហប្រតិ្តការ និងកិច្ចព្រមព្រៀងអន្តរជាតិមួយចំនួន ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងអធិបតេយ្យជាតិ៕
អត្ថបទដែលជាប់ទាក់ទង