សម្ដេចក្រឡាហោម ផ្ដល់ប្រាក់លើកទឹកចិត្ត ដល់អ្នកបានមេដាយ
ភ្នំពេញ៖នាព្រឹកថ្ងៃទី៨តុលា លោកឩត្តមសេនីយ៍ឯកជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិ និងជាអនុប្រធានទី១ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បាននាំយកថវិកាលើកទឹកចិត្តរបស់សម្ដេចក្រឡាហោម ឩបនាយកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ផ្ដល់ជូនដល់កីឡាករកីឡាការិនីសូហ្វតិន្នីសកម្ពុជា ដែលបានមេដាយក្នុងការប្រកួតជើងឯកយុវជនអាស៊ី និងនិស្សិតសាកលវិទ្យាល័យអាស៊ី កន្លងមកនាប្រទេសហ្វីលីពីន ។
លោកឩត្តមសេនីយ៍ឯកជាប៊ុនហេង បានឲ្យដឹងថា ការប្រកួតទាំង២ព្រឹត្តិការណ៍នេះ ធ្វើនៅប្រទេសហ្វីលីពីន ដោយមានប្រទេសចំនួន១៣ចូលរួម ។ នេះជាលើកដំបូង ហើយដែលកីឡាករ កីឡាការិនីសូហ្វតិន្នីសកម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍នេះ ។
សម្រាប់ការប្រកួតសូហ្វតិន្នីសអាស៊ីកម្ពុជា ដណ្ដើមបានមេដាយសំរិទ្ធ១គ្រឿង គឺកីឡាករកាន់ សោភ័ណ្ឌ ។ ចំពោះការប្រកួតដណ្ដើម ជើងឯកយុវជនអាស៊ីកម្ពុជា ដណ្ដើមបានមេដាយសំរិទ្ធចំនួន៣គ្រឿង ។
មេដាយសំរិទ្ធទាំង៣គ្រឿងនោះ គឺបានលើវិញ្ញាសាឯកត្តជន ដែលរកបានដោយកីឡាករសាយ សុចិត្រា ។មួយគ្រឿងទៀត បានលើវិញ្ញាសាវាយគូយុវជន ដែលរកបានដោយកីឡាករ សំ ចាន់កាប៊ីន និង កីឡាករសាយ សុចិត្រា ។មេដាយសំរិទ្ធទី៣ រកបានលើវិញ្ញាសាវាយក្រុម យុវជន ដែលមួយក្រុមមាន៦នាក់ ។
សម្រាប់អ្នកបានមេដាយសំរិទ្ធ សម្ដេចក្រឡាហោម ផ្ដល់ប្រាក់លើកទឹកចិត្តក្នុងម្នាក់ៗ ៣០០ដុល្លារ វិញ្ញាសា វាយក្រុម៦នាក់ បាន៩០០ដុល្លារ ចំពោះអ្នកដែលមិនបានមេដាយបាន ផ្ដលប្រាក់ឩបត្ថម្ភម្នាក់ៗ១០០ដុល្លារដែរ ៕