បើកយុទ្ធនាការ ចុះធ្វើអនាម័យបរិស្ថាន ប្រមូលសំរាម
ភ្នំពេញ៖លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានអោយដឹងកាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩នេះថា ក្នុងមួយរយៈនេះគឺកម្លាំងចម្រុះ របស់គណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានបើកយុទ្ធនាការក្នុងការចុះធ្វើអនាម័យ បរិស្ថានដោយចុះប្រម៉ែប្រមូល សំរាមនៅតាមដងផ្លូវនានា និងតាមដងមហាវិថីក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ទាំងយប់ទាំងថ្ងៃ ដើម្បីលៃលកធ្វើយ៉ាងណាអោយមូលដ្ឋានខណ្ឌបឹងកេងកង ដែលមាន៧សង្កាត់នោះមានអនាម័យ បរិស្ថានល្អប្រសើរ ពោលគឺមានផាសុកភាពផងដែរ។ តួយ៉ាងកាលពីយប់ថ្ងៃទី៧ខែតុលា និង ព្រឹកថ្ងៃទី៨ខែតុលាឆ្នាំ២០១៩នេះ លោកធឹម សំអាន បានដឹកនាំកម្លាំងចម្រុះ ដោយបន្តសកម្មភាពការងាររបស់ខ្លួន ក្នុងការបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចុះធ្វើអនាម័យបរិស្ថាន ដោយប្រមូលសំរាមនៅតាមដងផ្លូវនានា ក្នុងមូលដ្ឋានខណ្ឌបឹងកេងកងរាជភ្នំពេញ។ ហើយការងារនេះដោយសហការជាមួយខាងក្រុមហ៊ុនស៊ិនទ្រី ហើយខាងអាជ្ញាធរខណ្ឌបឹងកេងកង ដោយធ្វើការបែងចែកចេញជា៤គោលដៅសំខាន់ៗ នៅក្នុងមូលដ្ឋានដោយគោលដៅនីមួយៗ ដឹកនាំដោយរូបខ្ញុំជាអភិបាលខណ្ឌ និងអភិបាលរងខណ្ឌគ្រប់រូប ដើម្បីធ្វើការប្រមូលសំរាម ដែលនៅសេសសល់ក្រោយពីបុណ្យភ្ជុំបិណ្ឌនា ពេលកន្លងមកនេះ តែមិនថ្វីនោះទេ នៅពេលនេះកម្លាំងសមត្ថកិច្ចអាជ្ញាធរខណ្ឌបឹងកេងកង ចុះប្រមូលសំរាមទាំងយប់ទាំងថ្ងៃ ដោយដឹកតាមរថយន្តយកទៅចាក់ចោល នៅតាមគំនរសំរាមនៅតំបន់ជាយក្រុងភ្នំពេញ ជារៀងរាល់យប់ថ្ងៃផងដែរ។
ជាមួយគ្នានេះលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន ក៏បានអំពាវនាវដោយសំណូមពរ ទៅដល់បងប្អូនប្រជាជនទូទៅ និងបងប្អូនអាជីវករ សូមមេត្តាវេចខ្ចប់ទុកដាក់សំរាម អោយបានត្រឹមត្រូវ និងចូលរួមបោសសម្អាតធ្វើអនាម័យ បរិស្ថានដើម្បីទីក្រុងយើង អោយកាន់តែល្អប្រសើរ មានផាសុកភាពផងដែរ ពោលគឺទីក្រុងស្អាត គឺផ្ដើមចេញពីយើងទាំងអស់គ្នា៕