ឆមាសទី១ឆ្នាំ២០១៨ គយនិងរដ្ឋាករ ប្រមូលចំណូលបានជាង ១ពាន់លានដុល្លារ
ភ្នំពេញ៖ ឆមាសទី១ ឆ្នាំ២០១៨នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានប្រមូលបានចំណូលជូនរដ្ឋ ប្រមាណ ៤.៧៣៦ប៊ីលានរៀល ស្មើនឹងប្រមាណ ១.១៧២លានដុល្លារ ស្មើនឹងប្រមាណ ៥៦,៧ភាគរយ នៃផែនការកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨។ បើធៀបឆមាសទី១ ឆ្នាំ២០១៧ ចំណូលពីការប្រមូលពន្ធគយ និងអាករផ្សេងៗ ក្នុងរយៈពេល៦ខែឆ្នាំ២០១៨នេះ កើនឡើងប្រមាណ ២៧,៨ភាគរយ ក្នុងនោះចំណូលពីមុខទំនិញយានយន្តមានកំណើន ៤០,៥ភាគរយ មុខទំនិញប្រេង និងថាមពលកើនឡើង ១០,៥ភាគរយ គ្រឿងសំណង់កើនឡើង ២៦,៦ភាគរយ និងមុខទំនិញចម្រុះផ្សេងទៀតមានកំណើន២៧ភាគរយ។
ក្នុងកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០១៨ លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ប្រភេទពន្ធ និងអាករសំខាន់ៗដែលប្រមូលដោយគយមានពន្ធគយ (ពន្ធនាំចូល) អាករពិសេស និងអាករលើតម្លៃបន្ថែម (VAT)។ នៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ បើប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០១៧ ការប្រមូលពន្ធគយមានកំណើនជិត ១៦ភាគរយ អាករពិសេសមានកំណើន ៣៩,៤ភាគរយ ហើយ VAT មានកំណើន ២៧ភាគរយ។ ដោយឡែកតួលេខបណ្ដោះអាសន្ន នៃទំហំពាណិជ្ជកម្មអន្តរជាតិក្នុងឆមាសទី១ ឆ្នាំ២០១៨ ធៀបនឹងឆមាសទី១ ឆ្នាំ២០១៧ តម្លៃនាំចូលសរុបមានកំណើន ១៧ភាគរយ តម្លៃនាំចេញសរុបមានកំណើនជាង ៧ភាគរយ ក្នុងនោះតម្លៃផលិតផលកាត់ដេរនាំចេញកើនឡើងជិត ១៣ភាគរយ និងតម្លៃផលិតផលស្រូវ និងអង្ករកើនឡើង ៥៣ភាគរយ។
លោក គុណ ញឹម បានបញ្ជាក់ថា កំណើនពាណិជ្ជកម្មអន្តរជាតិ និងកំណើនចំណូលពន្ធ និងអាករគយ ដែលសម្រេចបានក្នុងកម្រិតខ្ពស់គួរឲ្យកត់សម្គាល់នេះ គឺដោយសារកត្តាមួយចំនួន ដែលក្នុងនោះកត្តាសំខាន់ គឺស្ថេរភាពនយោបាយក្នុងប្រទេស ដែលជាមូលដ្ឋានគ្រឹះគាំទ្រ និងធានាប្រក្រតីភាព នៃសកម្មភាពពាណិជ្ជកម្ម វិនិយោគ ផលិតកម្ម នសេវាកម្ម និងការប្រើប្រាស់ជាទូទៅ ដែលប្រការទាំងនេះ បានជំរុញឲ្យមានកំណើនការនាំចូលមុខទំនិញផ្សេងៗ ឆ្លើយតបនឹងតម្រូវការនិងការផ្គត់ផ្គង់ក្នុងស្រុក។
ក្នុងកិច្ចប្រជុំនោះ លោកអគ្គនាយកក៏បានលើកឡើងអំពីលទ្ធផលល្អនៃការអនុវត្តការងារកំណែទម្រង់និងទំនើបកម្មគយនិង ផែនការសកម្មភាពឆ្នាំ២០១៨ ផងដែរ។ ក្នុងនោះ មានការពង្រឹងប្រសិទ្ធិភាពការងារបច្ចេកទេសគយ, ការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងការលើកកម្ពស់អភិបាលកិច្ចល្អទាំងក្នុងអង្គភាពគយ និងទាំងក្នុងវិស័យឯកជនជាដើម។
សម្រាប់ទិសដៅអនុវត្តការងារក្នុងឆមាសទី២ ឆ្នាំ២០១៨ ប្រតិភូរាជរដ្ឋាភិបាល បានរំលឹកឡើងវិញនូវការណែនាំទាំង៨ចំណុច របស់លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានលើកឡើងនាកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំឆ្នាំ២០១៧ កាលពីខែមករា កន្លងទៅនេះ។ ទន្ទឹមនឹងនោះលោកអគ្គនាយក ក៏បានដាក់ចេញវិធានការជាក់លាក់មួយចំនួន ដើម្បីឈានទៅសម្រេចឲ្យបានតាមគោលដៅនានា ដែលបានកំណត់ ជាពិសេសគឺការប្រមូលចំណូលពន្ធ និងអាករចូលថវិកាជាតិ ឲ្យបានគ្រប់និងលើសផែនការ៕