ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វ៉ាត់ ចំរើន៖ សហព័ន្ធកីឡាជាតិ ណាដែលមានកាតព្វកិច្ច ឆ្ពោះទៅស៊ីហ្គេម២០២៣ ត្រូវតែ ដើរឲ្យទាន់គេ

86

ភ្នំពេញ៖អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ២០២៣ (CAMSOC) បានមានប្រសាសន៍បញ្ជាក់ថា សហព័ន្ធទាំងឡាយណាដែលដឹងច្បាស់ថា ខ្លួនមានកាតព្វកិច្ចឆ្ពោះទៅ ស៊ីហ្គេមឆ្នាំ២០២៣ ត្រូវតែកែទម្រង់និងដើរឲ្យទាន់គេ ពីព្រោះCAMSOC មិនលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុង របស់សហព័ន្ធកីឡាជាតិឡើយ ប៉ុន្តែ CAMSOC នៅរង់ចាំជួយជានិច្ចឲ្យសហព័ន្ធមានភាពរឹងមាំ និងម្ចាស់ការដោយខ្លួនឯង ក្នុងកផែនការអភិវឌ្ឍន៍ឆ្ពោះទៅស៊ីហ្គម ឆ្នាំ២០២៣។

លោកវ៉ាត់ចំរើន អគ្គលេខាធិការ CAMSOC បានបន្តថា សហព័ន្ធកីឡាជាតិ ដែលមានក្នុងស៊ីហ្គេមឆ្នាំ២០២៣ គឺសហព័ន្ធទាំងនោះ នឹងមានភាពរឹងមាំរាប់សិបឆ្នាំក្រោយឆ្នាំ២០២៣ ជាបន្តទៀត។ ដូចនេះសាមីសហព័ន្ធ គប្បីត្រូវនឹកឃើញ និងត្រូវប្រឹងប្រែងឲ្យបានរឹងមាំដោយខ្លួនឯង។

លោកវ៉ាត់ចំរើន បញ្ជាក់ទៀតថា នៅឆ្នាំ២០២១ខាងមុខCAMSOC នឹងវាយតម្លៃចុងក្រោយបំផុតថា តើសហព័ន្ធណាខ្លះ ត្រូវចូលស៊ីហ្គេម ឆ្នាំ២០២៣ និងសហព័ន្ធណាខ្លះត្រូវនៅខាងក្រៅ។

លោកអគ្គលេខាធិការ CAMSoc បានសង្កត់ធ្ងន់ថា គណៈកម្មាធិការជាតិរៀបចំការប្រកួត កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ ២០២៣ ដែលមានសម្តេចពិជ័យសេនា ទៀ បាញ់ ជាប្រធាន និងលោកបណ្ឌិត ថោង ខុន ជាអនុប្រធានអចិន្រ្តៃយ៍ បានដាក់ចេញនូវគោលការណ៍ ឲ្យលេខាធិការដ្ឋាន CAMSOC ធ្វើយ៉ាងណាជំរុញយន្តការដឹកនាំ គ្រប់គ្រង របស់សហព័ន្ធកីឡាជាតិ ឲ្យមានភាពច្បាស់លាស់។

មកដល់ពេលនេះ ភាពស្មុគស្មាញ ត្រូវបានដោះស្រាយជាបន្តបន្ទាប់ ហើយជាក់ស្តែងសហព័ន្ធកីឡា ទទួលបានសេវានេះ ជាបណ្តើរៗហើយ ដោយគិតមកដល់ថ្ងៃនេះ គឺមានសហព័ន្ធចំនួន៧ហើយ ដែលទទួលបានការឧបត្ថម្ភថវិកាពី CAMSOC សម្រាប់ចេញទៅហ្វឹកហាត់ និងធ្វើការប្រកួតនៅក្រៅប្រទេស។ ជាមួយគ្នានោះ CAMSOC បានកោតសរសើរ នូវស្មារតីចូលរួមប្រកបដោយ ការទទួលខុសត្រូវខ្ពស់ របស់សហព័ន្ធកីឡាជាតិនានា ខណៈលេខាធិការដ្ឋាន CAMSOC បានបង្កើតឲ្យមានការិយាល័យច្រកចេញចូលតែមួយ ដើម្បីកាត់បន្ថយភាពស្មុគស្មាញ និង ជួយសម្រួលឲ្យបានលឿនឆាប់រហ័ស នូវការឧបត្ថម្ភគាំទ្រថវិកា ជូនដល់សហព័ន្ធកីឡាជាតិ ប្រកបដោយភាពស្មោះត្រង់ និងច្បាស់លាស់ ។

លោក វ៉ាត់ ចំរើន បញ្ជាក់ថា  “CAMSOC កំពុងសម្រួចនិងជួយជ្រោមជ្រែង ទៅលើសហព័ន្ធកីឡាជាតិណា ដែលកំពុងមានយន្តការគ្រប់គ្រងល្អ និងផែនការច្បាស់លាស់។ រីឯសហព័ន្ធមួយចំនួន ដែលនៅសេសសល់បញ្ហាផ្ទៃក្នុង ភាពអសកម្មផ្ទៃក្នុង គឺយើងមិនរង់ចាំទេ ដោយ CAMSOC នឹងបន្តដើរឆ្ពោះទៅមុខជានិច្ច៕

អត្ថបទដែលជាប់ទាក់ទង