សេង ស្រឿន និង ពុយ វណ្ណៈ ស្វែងរកជ័យជំនះបានឬទេ ?
ភ្នំពេញ៖ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវលើសង្វៀនអាស៊ីអាគ្នេយ៍ រសៀលថ្ងៃទី១២តុលានេះ អ្នកប្រដាល់កម្ពុជា២រូប ត្រូវតស៊ូទល់ជាមួយ នឹងអ្នកប្រដាល់ជើងខ្លាំងថៃ ។
ពុយ វណ្ណៈក្លិបឃ្លាំងមឿងកីឡា ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ កូឡាប ដាំ(Kolap
Dam) ។កូឡាប ដាំជាអ្នកប្រដាល់ថៃមួយរូបធ្លាប់មកប្រកួត នៅស្រុកខ្មែរយ៉ាងជោគជាំ ទៅហើយ ។គេជាអ្នកប្រដាល់មួយរូប ដែលមិនស្រួលបង្រ្កាបនោះទេ ទោះបីគេមិនមែនជាអ្នកប្រដាល់ដែល មានស្នៀងកែងអស្ចារ្យ ក៏ពិតមែន តែគេមានកណ្ដាប់ធ្ងន់ ទាត់ចេញបានរហ័ស និងជង្គង់របស់ គេមិនស្រួលទប់ទល់ឡើយ ។
វណ្ណៈវិញក៏ជាអ្នកប្រដាល់ខ្លាំងដែល កំពុងតែធ្វើឲ្យសង្វៀនរញ្ជួយ មិនស្ទើរដែរទេ ។ គេបានធ្វើឲ្យអ្នកប្រដាល់រៀមច្បងមួយចំនួន បរាជ័យក្រោមស្នាដៃ របស់គេមិនតិចនាក់ណោះឡើយ ។មួយរយៈនេះការ ប្រកួតរបស់គេភាគច្រើន បានទទួលជ័យជំនះ ។
អ្នកប្រដាល់កម្ពុជារូបនេះ មានប្រវត្តិប្រកួតចំនួន៧២ដង ឈ្នះ៥៤ដង ចាញ់១៦ដង និងស្មើពិន្ទុ២ដង ។ចំពោះកូឡាប ដាំវិញ គេមានប្រវត្តិប្រកួតចំនួន៩៩ដង ឈ្នះ៨៥ដង ចាញ់១៣ដង និងស្មើពិន្ទុ១ដង ។អ្នកប្រដាល់ទាំង២រូបនេះ សុទ្ធតែមានឱកាស ដើម្បីឈ្នះដូចគ្នាតែមិនដឹងថា នរណាជួបសំណាងល្អនោះទេ ។
សេង ស្រឿនក្លិបមហិទ្ធិរិទ្ធមេស ថ្ងកខេត្តស្វាយរៀង ជួបប្រកួតជាមួយអ្នកប្រដាល់ថៃវ៉ាន់ ឆាលើម(Wan Chhaleum) ។
វ៉ាន ឆាលើមគេមិនសូវមានឱកាស មកប្រកួតនៅស្រុកខ្មែរទេ ហើយគេមកម្ដងៗតែងតែ ស្ពាយជ័យជំនះ យកទៅស្រុកគេវិញ ។ការប្រកួតរបស់គេចុងក្រោយ នៅស្រុកខ្មែរឈ្នះអ្នកប្រដាល់កម្ពុជាសេក គឹមរុនក្លិបម្កុដរាជសីហ៍នៅទឹកទី៣ ។
ជំនួបជាមួយសេង ស្រឿនទំនងជាវ៉ាន់ ឆាលើមមានឱកាសឈ្នះច្រើនជាង ហើយមើលទៅ ។អ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួតចំនួន៧០ដង ឈ្នះ៥៧ដង ចាញ់១៣ដង ។ចំពោះសេង ស្រឿនវិញគេមានប្រវត្តិប្រកួត ចំនួន៩១ដង ឈ្នះ៧១ដង ចាញ់១៨ដង និងស្មើពិន្ទុ ២ដង ។ នរណាឈ្នះក្នុងការប្រកួតនេះ ?