ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដើមផ្កាជប៉ុន អូការី គីវ៉ាតា ចាប់ផ្តើមចេញផ្កា បង្អួតសម្រស់នៅតាមសួនច្បារ នានានៅក្នុងរាជធានីភ្នំពេញ

293

ភ្នំពេញ៖ ដើមផ្កាជប៉ុន អូការីគីវ៉ាតា បានចាប់ផ្តើមចេញផ្កា បង្អួតសម្រស់ហើយនៅតាមសួនច្បារ នានានៅក្នុងរាជធានីភ្នំពេញ ដែលផ្កានេះចេញផ្កាមួយឆ្នាំម្តង ហើយអាយុកាលនៃការចេញផ្កានេះមានរយៈពេលប្រមាណ ៤ខែ ។
លោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងថា ដើមផ្កាជប៉ុន អូការីគីវ៉ាតា បានចាប់ផ្តើមចេញផ្កា បង្អួតសម្រស់ហើយ ។លោកបញ្ជាក់ថា ដើមផ្កាជប៉ុនត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាំនៅសួនច្បារព្រះនាងប្រាជ្ញាបារមីខណ្ឌជ្រោយចង្វារចំនួន២៩ដើមនិងដាំនៅខាងលិចសាកលវិទ្យាល័យភូមិន្ទចំនួន៦ដើម ហើយដល់វាចេញផ្កាគឺមានសម្រស់ស្អាតណាស់ ជាការទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងខ្លាំងផងដែរ។
គួរបញ្ជាក់ថា ដើម្បីលើកសោភណ្ឌភាពរាជធានីភ្នំពេញអោយកាន់តែមានភាពទាក់ទាញទាំងភ្ញៀវជាតិនិងអន្តរជាតិ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេងជាអភិបាលបានធ្វើការកែលំអ សួនច្បារជាច្រើននៅក្នុងរាជធានីភ្នំពេញ ដោយសារថា
សួនច្បារទាំងនេះ វា មិនត្រឹមតែលើកសោភណ្ឌភាពរាជធានីភ្នំពេញប៉ុណ្ណោះទេ តែវាជាកន្លែងហាត់ប្រាណដ៏ពេញនិយមរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញថែមទៀតផង។
ពាក់ព័ន្ធនិងការងារនេះដែរ កាលពីពេលថ្មីៗនេះ
លោកអភិបាលរាជធានីភ្នំពេញបានជម្រុញអោយអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដាំដើមឈើប្រណិតៗនៅលើសួនខាងលិចស្ពានជ្រោយចង្វា ដើម្បីអោយសួននេះ
ក្លាយជាសួនឧទ្យានមួយនៅក្នុងក្រុងភ្នំពេញ ហើយដើមឈើដែលត្រូវដាំនៅទីនោះ មានប្រភេទឈើធ្នង់ គគី ក្រញ៉ូង ដោយមានចំនួនចាប់ពី២៥០ទៅ៣០០ដើម ។
អ្វីដែលជាការគ្រោងទុក រដ្ឋបាលរាជធានីភ្នំពេញក៏នឹងធ្វើពិធីដាំដើមឈើនៅទីនេះតែម្តង ក្រោមវត្តមាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ៕

 

អត្ថបទដែលជាប់ទាក់ទង