សៀវភៅ “ស” ឆ្នាំ២០១៩ បានប្រមូលផ្តុំការឆ្លុះបញ្ចាំងទស្សនៈ រួមរបស់ក្រុមហ៊ុនសមាជិក នៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា
(ភ្នំពេញ)៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាត ឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអឺរ៉ុប ចូលជួបសម្តែងការគួរសម
និងពិភាក្សាលម្អិតអំពីខ្លឹមសារនៃជំពូកស្តីពីធនធានមនុស្សនៃសៀវភៅ “ស” របស់សភាពាណិជ្ជកម្មអឺរ៉ុប ឆ្នាំ២០១៩ និងស្នើសុំអនុសាសន៍ណែនាំពីឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។
សៀវភៅ “ស” ឆ្នាំ២០១៩ របស់សភាពាណិជ្ជកម្មអឺរ៉ុបនេះ បានប្រមូលផ្តុំការឆ្លុះបញ្ចាំងទស្សនៈរួមរបស់ក្រុមហ៊ុនសមាជិកនៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា នៅលើទិដ្ឋភាពនានាជុំវិញបរិស្ថានធុរកិច្ចក្នុងប្រទេស ។
សៀវភៅនេះ បោះពុម្ភលើកទី៣ នៅកម្ពុជា ខែមិថុនា ឆ្នាំ២០១៩ មាន ២៨៧ទំព័រ និង ១០ជំពូក។ ដោយជំពូក ១ ស្តីពីធនធានមនុស្ស បានសរសេរពាក់ព័ន្ធវិស័យការងារ។ ជំពូកនេះមានចំនួន ៤ចំណុច ដូចខាងក្រោម៖ ១. ការជួលនិយោជិតជាជនបរទេស ២. គិលានដ្ឋាន នៅតាមសហគ្រាស ៣. ការពិនិត្យមើល ឡើងវិញនូវលក្ខខណ្ឌ តម្រូវសម្រាប់ការហ្វឹកហ្វឺនកូនជាង ៤. ការប្រាស្រ័យទាក់ទង រវាងស្ថាប័នសាធារណៈ និងវិស័យឯកជន ។
និងពាក់ព័ន្ធនឹង ការអនុវត្តច្បាប់ថ្មីៗមួយចំនួនទៀត។
នៅក្នុងជំនួបនេះ ភាគីខាងសភាពាណិជ្ជកម្មអឺរ៉ុប បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះលោករដ្ឋមន្រ្តី ដែលបានខិតខំដោះស្រាយនូវបញ្ហានានាកន្លងមក ដែលជាកង្វល់របស់អ្នកវិនិយោគទុន ដែលបានសម្រួលយ៉ាង ខ្លាំងដល់ការធានាបាននូវភាព ប្រកួតប្រជែងរបស់កម្ពុជា បន្តធានាបាននូវភាពទាក់ទាញវិនិយោគទុនថែមទៀត។
លោកក៏បានសម្តែងនូវការពេញចិត្តជាខ្លាំងនូវចម្លើយជាវិជ្ជមានរបស់លោករដ្ឋមន្រ្តី ក្នុងការបញ្ជាក់បន្ថែមទៀតនូវចម្ងល់មួយចំនួន សម្រាប់ជាមូលដ្ឋានក្នុងផ្តល់ព័ត៌មានដល់អ្នកវិនិយោគទុនអឺរ៉ុបយល់កាន់តែច្បាស់ពីច្បាប់ លិខិតបទដ្ឋាន និងគោលនយោបាយ ពាក់ព័ន្ធនិងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ភាគីទាំងពីរបានប្តេជ្ញាបន្តភាពជាដៃគូ នេះបន្តទៀត ក្នុងការដោះស្រាយនូវរាល់សំណូមពរ ឬកង្វល់នានា សំដៅធ្វើយ៉ាងណា ឱ្យបរិយាកាសវិនិយោគនៅកម្ពុជា បន្តបានភាពទាក់ទាញជាពិសេសដល់សហគមន៍អឺរ៉ុប៕