ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា ក្រុមអតីតគណបក្សប្រឆាំងជាច្រើនរូប ត្រូវបានសមត្ថកិច្ចចាប់ខ្លួននឹងបញ្ជូនខ្លួន ទៅតុលាការជាបន្តបន្ទាប់ បន្ទាប់ពីសមត្ថកិច្ចរកឃើញថា សកម្មភាពរបស់អ្នកទាំងនោះ គឺជាការចូលរួមក្នុងផែនការផ្គូលរំលំរាជរដ្ឋាភិបាលបច្ចុប្បន្ន ហើយសម្តេច ចាត់ទុកថា ទង្វើរបស់ក្រុមអ្នកប្រឆាំងទាំងនោះ បានដើរហួសបន្ទាត់ក្រហម។ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់មហាសន្និបាតអាណត្តិទី២ របស់សមាគមជាតិ ក្រុមប្រឹក្សារាជធានី-ខេត្ត កាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា អ្វីដែលសមត្ថកិច្ចបាននិងកំពុងធ្វើក្នុងពេលនេះ គឺមិនមែនជាការគំរាមកំហែងអ្វីនោះទេ ដែលវាផ្ទុយទៅនឹងមតិរិះគន់មួយចំនួន។ សម្តេចក្រឡាហោម បានបន្ដថា ប៉ុន្តែដោយសារពួកគេដើរហួសបន្ទាត់ក្រហម ដែលជាការដើរតាមអតីតមេបក្សប្រឆាំង ក្នុងការធ្វើរដ្ឋប្រហារ ទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់ ដែលជាអំពើក្បត់ជាតិ។ វាជាធម្មតាទេ ដែលមតិលើកឡើងខុសគ្នា ហើយបើអ្នកទាំងនោះធ្វើសកម្មភាពគាំទ្រអ្វីដែល សម រង្ស៊ី បានសម្រេចចិត្តនិងប្រកូកប្រកាសនោះ គឺជារឿងខុសច្បាប់ ដូច្នេះវាមិនមែនជាការគំរាមកំហែងទៅលើសិទ្ធិបញ្ចេញមតិអ្វីនោះទេ ប៉ុន្តែវាជាការបំពានច្បាប់។
សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអះអាងថា កម្លាំងសមត្ថកិច្ចមិនអត់ឱនឲ្យនោះទេចំពោះ អ្នកដែលចូលរួមក្នុងសកម្មភាពប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយសមត្ថកិច្ចនឹងធ្វើការចាប់ខ្លួនជាបន្ដបន្ទាប់ ចំពោះអ្នកប្រព្រឹត្តខុសទាំងនោះ។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ចាប់ខ្លួនរបស់កម្លាំងសមត្ថកិច្ចមួយរយៈពេលចុងក្រោយនេះ មិនមែនជាការគំរាមកំហែងខាងផ្នែកនយោបាយ ឬការបញ្ចេញមតិនោះឡើយ ពោលសមត្ថកិច្ចមើលឃើញថា អ្នកទាំងអស់នោះបានដើរហួសព្រំដែនកំណត់ ហើយបាននិងកំពុងអនុវត្តន៍តាមអ្វីដែលជាការអំពាវនាវរបស់ឧក្រិដ្ឋជន សម រង្ស៊ី ដែលមានចេតនាចង់ធ្វើរដ្ឋប្រហារ និងប្ដូររបបរាជានិយម។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា “អ្នកលើកឡើងមតិខុសគ្នា ប៉ុន្ដែត្រង់ថាបើគាត់ធ្វើសកម្មភាពគាំទ្រអ្វីដែល សម រង្ស៊ី បានសម្រេចចិត្ត បានប្រកូកប្រកាស នេះជាការខុសច្បាប់ អាហ្នឹងដើរហួស ដូច្នេះវាមិនមែនជាការគំរាមកំហែង ទៅលើសិទ្ធិបញ្ចេញមតិនោះទេ បានន័យពួកគាត់ធ្វើបំពានច្បាប់ ការប្រមាថព្រះមហាក្សត្រ ឬក៏គាត់ចង់ធ្វើរដ្ឋប្រហារ តាមរយៈបដិវត្តន៍ពណ៌ ការប្រមូលកម្លាំងមហាជនផ្ដួលរំលំរដ្ឋាភិបាល អាហ្នឹងវាហួសក្របខ័ណ្ឌ ហើយការចាប់ខ្លូន នឹងមើលតាមជាក់ស្ដែង”៕