ឆេះទូកនេសាទមួយគ្រឿង នៅចំណុចមុខផែធំចន្លោះកោះពស់ មកពីផ្ទុះកំប៉ុងហ្គាសដាំបាយ
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៣និង៣០នាទី រសៀល មានករណីឆេះទូកនេសាទមួយគ្រឿង នៅចំណុចមុខផែធំចន្លោះកោះពស់ ក្បែរកោះត្រងោល ស្ថិតនៅ ភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ។ សមត្ថកិច្ចប្រាប់ថា ទូកនេសាទ ដែលឆេះនេះ ពណ៌ខៀវ មានប្រវែងទទឹង២,៥ម៉ែត្រ បណ្តោយប្រវែង១២ម៉ែត្រ មានមនុស្សចំនួន៣នាក់ នៅលើទូកនេសាទដែលឆេះនោះ ៖ ទី១.ឈ្មោះម៉ម ប៊ុនធឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនេសាទ រស់នៅភូមិព្រែកអំពិល ឃុំកោះតូច ខេត្តកំពត ជាម្ចាស់ទូក, ទី២.ឈ្មោះហៀក បឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនេសាទ (កូនដៃ) និងទី៣.ឈ្មោះស៊ុន ផាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរនេសាទ (កូនដៃ) ។ តាមម្ចាស់ទូក មូលហេតុដែលបណ្តាលឲ្យឆេះទូកនេសាទខាងលើនេះ គឺបណ្តាលមកពីផ្ទុះកំប៉ុងហ្គាសដាំបាយ ។ ហើយសម្ភារនេសាទនៅលើទូកខូចខាតទាំងស្រុង ។ ក្រោយកើតហេតុ លោក ឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូបរ័ចំនួន២គ្រឿង ចុះជួយអន្តរាគមន៍ទាន់ពេលវេលា និងបានដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យ ក្នុងនោះលោកឧកញ៉ាមានប្រសាសន៍ថា នឹងចេញថ្លៃព្យាបាលទាំងស្រុងផងដែរ៕