ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណ:ប្រតិភូវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចចិន ៤០ក្រុមហ៊ុន មកបំពេញទស្សនកិច្ចខេត្តព្រះសីហនុ

51

ខេត្តព្រះសីហនុ៖ លោក HONG ZUBIN ដឹកនាំគណ:ប្រតិភូវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចចិន ៤០ក្រុមហ៊ុន ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម គួច ចំរើន អភិបាលនៃគណ: អភិបាលខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់ពីសក្តានុពលវិនិយោគ និងទេសចរណ៍នៅខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរាបជូនពីការរីកចម្រើនរបស់ខេត្ត ស្របតាមនយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់១ របស់លោកប្រធានាធិបតីចិន ស៊ី ជីងពីង និងគោលនយោបាយចតុកោណទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យខេត្តព្រះសីហនុ មានការរីកលូតលាស់ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងជម្រុញការអភិវឌ្ឍទាក់ទាញវិនិយោគទុន ធ្វើឱ្យខេត្តទទួលបានវិនិយោគិនយ៉ាងច្រើនរយៈពេល ២ឆ្នាំនេះ ពិសេសអ្នកវិនិយោគចិន ។
ឯកឧត្តម អភិបាលខេត្តបន្តថា រាជរដ្ឋាភិបាលបានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង ធ្វើឱ្យខេត្តមានការប្រែប្រួល ពីមុនខេត្តព្រះសីហនុ ជាខេត្តទេសចរណ៍ មកដល់ពេលបច្ចុប្បន្ន ជាខេត្តពាណិជ្ជកម្មមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងដំណើការ និង ៤ទៀត កំពុងត្រៀមដំណើការ ទាក់ទាញក្រុមហ៊ុនប្រមាណជា៣០០ មកវិនិយោគ ផ្តល់ការងារជូនប្រជាពលរដ្ឋជាង ៨០.០០០នាក់ ទន្ទឹមការរីកចំរើន បានធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លូ ប្រឡាយកំពុងប្រឈមផងដែរ។ សម្តេចតេជោ បានជម្រុញឱ្យក្រសួង ស្ថាប័នចុះមកជួយកសាងឡើងវិញនូវហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ ក្នុងក្រុងព្រះសីហនុ នៅរដូវប្រាំងខាងមុខចាប់ផ្តើមដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាច្រើនខ្សែដេីម្បីបំរើឱ្យវិស័យទេសចរណ៍ និងវិនិយោគ។ មានសក្តានុពលជាច្រើនផ្សេងទៀតផ្តល់ឱកាសអ្នកវិនិយោគទុន ដើម្បីពិនិត្យ និងធ្វើការសិក្សា ការវិនិយោគនៅខេត្តព្រះសីហនុ ។ បច្ចុប្បន្នមានការវិនិយោគផ្នែកឧស្សាហកម្មធុនស្រាល យើងចង់មានឧស្សាហកម្មធុនធ្ងន់បន្ថែមទៀត ។
លោក HONG ZUBIN ប្រធានគណ:ប្រតិភូ វិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចចិន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត ដំណើរទស្សនកិច្ចនៅខេត្តព្រះសីហនុ ក្រុមប្រតិភូរបស់លោកសិក្សាឈ្វេងយល់ពីសេដ្ឋកិច្ច ទំនាក់ទំនងពាណិជ្ជកម្ម និងសន្តិសុខ ។ល។ តាមការសង្កេតរបស់ប្រតិភូឃើញថា ខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើនយ៉ាងលឿនក្រោមការ គ្រប់គ្រងរបស់អាជ្ញាធរខេត្ត ទាក់ទងហេដ្ឋារចនាសម្ព័ន្ធ វិស័យសំណង់នានាមានការរីកចម្រើន ប្រតិភូក៏ចង់ដឹងពីវិស័យសំណង់ អចលន:ទ្រព្យ ឧស្សាហកម្ម កសិកម្ម កាវេចខ្ចប់ ការកែឆ្នៃផលិតផលកសិកម្ម ហើយសង្ឃឹមថា នឹងមានកិច្ចសហប្រតិបត្តិការកាន់តែល្អបន្ថែមទៀត សម្រាប់ធ្វើការវិនិយោគនៅខេត្តព្រះសីហនុ នាពេលខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង