ពុះពារក្រោមគំនរហានិភ័យ៖ របាយការណ៍បច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក
ភ្នំពេញ៖កំណើនសេដ្ឋកិច្ចនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិត្រូវបានប៉ាន់ប្រមានថាបានថមថយក្នុងរយៈពេលខ្លីនេះ។កំណើនក្នុងតំបន់បានថយចុះពី៦,៣ភាគរយក្នុងឆ្នាំ២០១៨មកនៅត្រឹម៥,៨ភាគរយក្នុងឆ្នាំ២០១៩ហើយវាបន្តថយចុះដល់៥,៧និង៥,៦ភាគរយក្នុងឆ្នាំ២០២០និង២០២១។ ការប៉ាន់ប្រមានកំណើនសេដ្ឋកិច្ចមានការថមថយកំណើនចាប់តាំងពីរបាយការណ៏បច្ចុប្បន្នភាពសេដ្ឋកិច្ចកាលពីខែមេសាឆ្នាំ២០១៩សម្រាប់ប្រទេសជាច្រើនក្នុងតំបន់។របាយការណ៍របស់ធនាគារពិភពលោកដែលផ្សព្វផ្សាយនៅថ្ងៃទី១០តុលានេះ។
នៅប្រទេសចិនភាពតានតឹងផ្នែកពាណិជ្ជកម្មកាន់តែខ្លាំងឡើងជាមួយសហរដ្ឋអាមេរិកបានបង្អន់ល្បឿនកំណើនសេដ្ឋកិច្ចឱ្យនៅមធ្យមហើយរដ្ឋាភិបាលប្រឹងប្រែងរកវិធីធ្វើឱ្យសេដ្ឋកិច្ចមានតុល្យភាពឡើងវិញ ដោយផ្តោតការយកចិត្តទុកដាក់លើការទទួលទានប្រើប្រាស់ក្នុងស្រុកវិញ។
កំណើនរបស់សេដ្ឋកិច្ចធំៗមួយចំនួនទៀតនៅក្នុងតំបន់ក៏ថយសម្ទុះដែរហើយការងើបស្ទុះឡើងវិញនូវសកម្មភាពផលិតកម្មនៅដើមឆ្នាំនេះក៏មានតែមួយភ្លែតទេ។តម្រូវការក្រៅស្រុកខ្សោយគួបផ្សំជាមួយនឹងភាពមិនប្រាកដប្រជានៃនយោបាយពាណិជ្ជកម្មលើសកលលោកផងបានដាក់សម្ពាធទៅលើសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់ដោយធ្វើឱ្យការនាំចេញថយចុះ, ធុរកិច្ចខ្វះទំនុកចិត្ត, និងការវិនិយោគចុះទន់ខ្សោយ។
កំណើនក្នុងប្រទេសដែលមានទំហំសេដ្ឋកិច្ចតូចៗនៅក្នុងតំបន់រាងងើបឡើងបន្តិចនៅក្នុងអំឡុងពេល៦ខែដំបូងនៃឆ្នាំ២០១៩កន្លងទៅដែលឆ្លុះបញ្ចាំងអំពីអំពីការវិវត្តជាក់លាក់ក្នុងប្រទេសនីមួយៗមានដូចជា កំណើនស្វាហាប់របស់វិស័យទេសចរណ៍, អចលនទ្រព្យ, និងឧស្សាហកម្មនិស្សារណកម្មជាដើម។
កំណើនរបស់ការនាំចេញបានធ្លាក់ចុះយ៉ាងគំហុកក្នុងពេលដែលតម្រូវការលើសកលលោកចុះខ្សោយ។កំណើនសេដ្ឋកិច្ចសកលលោកបង្អន់ល្បឿនក្នុងអំឡុងពេល៦ខែដើមឆ្នាំ២០១៩ឆ្លុះបញ្ចាំងអំពីការថយសម្ទុះនូវសកម្មភាពរបស់សេដ្ឋកិច្ចធំៗរួមមានប្រទេសចិន, ឥណ្ឌា, សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក។ការបង្អន់ល្បឿនរបស់ការនាំចេញបានកើតមានជាទូទៅៗហើយប៉ុន្តែបណ្តាប្រទេសដែលមានទីផ្សារងើបឡើងនិងកំពុងអភិវឌ្ឍន៍មួយចំនួនក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិកដោយរួមទាំងចិនបានរងផលប៉ះទង្គិច ខ្លាំងជាងគេ។
កំណើនរបស់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិកត្រូវបានប៉ាន់ប្រមាណទុកថានឹងថមថយថែមទៀត នៅឆ្នាំខាងមុខៗ។កំណើនក្នុងតំបន់ត្រូវបានប៉ាន់ប្រមាណទុកថានឹងធ្លាក់ចុះពី៦,៣ភាគរយក្នុងឆ្នាំ២០១៨មកនៅត្រឹម៥,៨ភាគរយក្នុងឆ្នាំ២០១៩និងបន្តធ្លាក់ដល់ ៥,៧ភាគរយ និង ៥,៦ភាគរយនៅក្នុងឆ្នាំ២០២០និង២០២១ទៀត។ការប៉ាន់ប្រមាណទុកអំពីកំណើនត្រូវបានកែសម្រួលទម្លាក់ចុះពីទិន្នន័យក្នុងការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចកាលពីខែមេសាឆ្នាំ២០១៩សម្រាប់សេដ្ឋកិច្ចមួយភាពធំក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក។(សូមមើលតារាងខាងក្រោម)
ការកាត់បន្ថយភាពក្រីក្រមានភាពយឺតយ៉ាវដែរ នៅពេលដែលកំណើនសេដ្ឋកិច្ចបង្អន់សម្ទុះរបស់វា។ការប៉ាន់ស្មានអត្រាភាពក្រីក្រសម្រាប់ឆ្នាំ២០១៩ ដែលត្រូវបានធ្វើកន្លងមកសម្រាប់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិកដោយប្រើបន្ទាត់ភាពក្រីក្រសម្រាប់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ (UMIC) (ត្រូវជា៥,៥/ថ្ងៃយុគភាពអំណាចទិញឆ្នាំ២០១១) ត្រូវបានសើរើដំឡើងទៅដល់២៤ភាគរយវិញធៀបទៅនឹង ២៣,៧ភាគរយដែលមាននៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិកដែលបានចេញផ្សាយនាខែមេសាឆ្នាំ២០១៩។ត្រង់នេះមានន័យថាមនុស្សចំនួន ៦,៦លាននាក់ថែមទៀតក្នុងប្រទេសកំពុងអភិវឌ្ឍន៍នៃតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិកកំពុងស្ថិតក្រោមបន្ទាត់ភាពក្រីក្រសម្រាប់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ បើផ្អែកតាមការប៉ាន់ប្រមាណកំណើននាពេលថ្មីៗនេះ ធៀបទៅនឹងការប៉ាន់ប្រមាណទុកនាខែមេសាឆ្នាំ២០១៩។
ទស្សនវិស័យអំពីកំណើនសេដ្ឋកិច្ចក្នុងតំបន់ ប្រឈមនឹងហានិភ័យកាន់តែខ្លាំង។
• ការអូសបន្លាយនៃភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិននឹងបន្តជះផលមិនល្អទៅលើកំណើននៃការវិនិយោគដោយសារតែមានភាពមិនប្រាដកប្រជាច្រើនពេក។ក្នុងខណៈដែលក្រុមហ៊ុនមួយចំនួនកំពុងស្វែងរកផ្លូវគេចឱ្យផុតពីការជាប់អត្រាពន្ធគយរបស់សហរដ្ឋអាមេរិកដោយត្រូវចល័តខ្សែចង្វាក់ផលិតកម្មទាំងស្រុងចេញពីប្រទេសចិនឬដោយត្រូវធ្វើសកម្មភាពផលិតតាមរយៈប្រតិបត្តិការតាមផ្នែកនៅតាមប្រទេសផ្សេងៗគ្នា បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិកក៏នៅជួបបញ្ហាមួយទៀតដែរគឺការខ្វះសមត្ថភាពស្រូបយកសកម្មភាពផលិតទាំងនោះ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនមានទំហំតូចឬមិនទាន់គ្រប់គ្រាន់នៅឡើយ។
• ការធ្លាក់ចុះផ្នែកសេដ្ឋកិច្ចលឿនហួសពីការស្មាននៅក្នុងប្រទេសចិន, ក្នុងតំបន់សេដ្ឋកិច្ចចាយប្រាក់អឺរ៉ូ, និងនៅក្នុងសហរដ្ឋអាមេរិកគួបផ្សំជុំវិញបញ្ហាប្រិកស៊ិដ(Brexit) ផងអាចនឹងកាន់តែធ្វើឱ្យចុះខ្សោយនូវតម្រូវការពីខាងក្រៅសម្រាប់ការនាំចេញពីក្នុងតំបន់នេះ។
• បំណុលខ្ពស់និងចេះតែកើនឡើងនៅក្នុងប្រទេសខ្លះក៏កំពុងតែរឹតត្បិតលទ្ធភាពនៃប្រទេសទាំងនោះក្នុងការអនុវត្តគោលនយោបាយសារពើពន្ធនិងរូបិយវត្ថុដើម្បីសម្រាលផលប៉ះពាល់ពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចដែរ។
• លើសពីនេះការប្រែប្រួលទាំងយ៉ាងគំហុកណាមួយនៅក្នុងលក្ខខណ្ឌហិរញ្ញវត្ថុសកលលោកអាចនាំឱ្យមានការចំណាយកាន់តែខ្ពស់លើការខ្ចីបុលសម្រាប់តំបន់ដោយវាដាក់សម្ពាធសង្កត់ទៅលើកំណើនឥណទានហើយបន្ថែមបន្ទុកទៅលើការវិនិយោគរបស់វិស័យឯកជននិងកំណើនសេដ្ឋកិច្ចក្នុងតំបន់ទៀតផង។
ដើម្បីពុះពារក្រោមគំនរហានិភ័យនេះរបាយការណ៍បានផ្តល់អនុសាសន៍ថាប្រទេសទាំងឡាយណាដែលមានលទ្ធភាពអន្តរាគមន៍ផ្នែកគោលនយោបាយគ្រប់គ្រាន់គួរតែប្រើប្រាស់វិធានការសារពើពន្ធនិង/ឬរូបិយវត្ថុដើម្បីជួយជំរុញសេដ្ឋកិច្ចរបស់ខ្លួនឱ្យទៅមុខហើយព្រមពេលគ្នានោះការពារឱ្យបាននូវនិរន្តរភាពសារពើពន្ធនិងបំណុលផងដែរ។បណ្តាប្រទេសក្នុងតំបន់ក៏នឹងទទួលបានផលចំណេញដែរពីការបន្តរក្សាការបើកចំហផ្នែកពាណិជ្ជកម្មនិងពីការធ្វើសមាហរណកម្មតំបន់ឱ្យកាន់តែស៊ីជម្រៅ ថែមទៀត។ហានិភ័យទាំងនេះកាន់តែសបញ្ជាក់ឱ្យឃើញនូវភាពបន្ទាន់ឱ្យប្រទេសក្នុងតំបន់បន្តធ្វើការកែទម្រង់ ដើម្បីលើកកម្ពស់ផលិតភាពនិងជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ក្នុងនោះមានការកែទម្រង់បទប្បញ្ញត្តិដែលធ្វើឱ្យបរិយាកាសធ្វើពាណិជ្ជកម្មនិងការវិនិយោគកាន់តែមានភាពប្រសើរឡើងដើម្បីទាក់ទាញការវិនិយោគនិងសម្រួលដល់ការធ្វើចរាចរណ៍ទំនិញ, បច្ចេកវិទ្យា, និងចំណេះធ្វើផងដែរ៕