ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខិតខំកៀរគរវិនិយោគិនជប៉ុនមកសិក្សាពីឱកាសវិនិយោគលើវិស័យកសិកម្មដើម្បីបង្កើនភាពប្រកួតប្រជែងទីផ្សារលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាកសិករ

68

ភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនារសៀលថ្ងៃសុក្រ១៣កើតខែអស្សុជឆ្នាំកុរឯកស័ក.. ២៥៦៣ត្រូវនឹងថ្ងៃទី១១ខែតុលាឆ្នាំ២០១៩ឯកឧត្តមរដ្ឋមន្ត្រីវេងសាខុនបានទទួលជួបឯកឧត្តមMIKAMI Masahiro ដើម្បីសម្តែងការគួរសមបន្ទាប់ពីឯកឧត្តមត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។

មានប្រសាសន៍នាឱកាសនេះ  ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការអបអរសាទរជូនដល់ឯកឧត្តមMIKAMI Masahiro  ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតថ្មីនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។ហើយតាមរយ:ឯកឧត្តមឯកអគ្គរាជទូតលោកក៏បានថ្លែងអំណរគុណជូនចំពោះប្រជាជននិងរាជរដ្ឋាភិបាលជប៉ុនដែលបានជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើនតាមរយ:គម្រោងអភិវឌ្ឍន៍លើគ្រប់វិស័យការជួយកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍សំខាន់ៗដូចជាស្ពានផ្លូវថ្នល់និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដែលរចនាសម្ព័ន្ធទាំងអស់នោះគឺជាសរសៃឈាមរុញកំណើនសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ននិងបន្តរក្សាកំណើរនេះឲ្យមាននិរន្តរភាពនាពេលអនាគត។ពាក់ព័ន្ធនឹងវិស័យកសិកម្មឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការបន្តជួយឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាលជប៉ុនតាមរយៈអង្គការJICA លើការងារបណ្តុះបណ្តាលបច្ចេកទេសការពង្រឹងសមត្ថភាពសហគមន៍កសិកម្មទីផ្សារកសិកម្មនិងថ្មីៗនេះបានជួយបង្កើតមជ្ឈមណ្ឌលពិសោធន៍គីមីនិងវេចខ្ចប់បន្លែសុវត្ថិភាព។ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមនិងជឿជាក់ថារាជរដ្ឋាភិបាលជប៉ុនតាមរយ:ឯកឧត្តមឯកអគ្គរាជទូតថ្មីនឹងបន្តគាំទ្រនិងជួយអភិវឌ្ឍប្រទេសកម្ពុជាជាពិសេសវិស័យកសិកម្មដោយផ្តោតជាសំខាន់លើការគាំទ្រដល់ការបង្កើនសមត្ថភាពសហគមន៍ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្របច្ចេកវិទ្យានិងបច្ចេកទេសក្នុងការធ្វើកសិកម្មតាមបែបទំនើបលើកកម្ពស់ការកែច្នៃវេចខ្ចប់ប្រកបដោយគុណភាពនិងស្តង់ដារនិងកៀរគរវិនិយោគិនពីប្រទេសជប៉ុនមកវិនិយោគដើម្បីអភិវឌ្ឍន៍វិស័យនេះប្រកបដោយចីរភាពនិងនិរន្តរភាព។

ឯកឧត្តមឯកអគ្គរាជទូតបានថ្លែងអំណរគុណជូនចំពោះឯកឧត្តមរដ្ឋមន្រ្តីនិងសហការីដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបរូបលោកនាថ្ងៃនេះ។លោកពិតជារីករាយដែលមានឱកាសមកបំពេញបេសកកម្មក្នុងព្រះរាជាណាចក្រកម្ពុជាហើយក៏បានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍន៍រីកចម្រើនទាំងផ្នែកសេដ្ឋកិច្ចសង្គមនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផងដែរ។  ទៀតសោតចំពោះវិស័យកសិកម្មវិញឯកឧត្តមឯកអគ្គរាជទូតបានបញ្ជាក់បន្ថែមថាវិស័យកសិកម្មកម្ពុជាបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចនិងជាវិស័យដែលមានសក្តានុពលខ្ពស់សម្រាប់អនាគតតែក្នុងពេលបច្ចុប្បន្ននេះគឺកំពុងមានប្រឈមជាមួយនឹងបញ្ហាកង្វះខាតខាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រគឺនៅមានកម្រិតហេតុដូច្នេះក្នុងអាណត្តិថ្មីនេះលោកនឹងខិតខំបន្តសហការនិងគាំទ្រឲ្យអស់លទ្ធភាពនិងជាពិសេសនឹងពិនិត្យពិចារណាលើគម្រោងថ្មីៗដែលអាចជួយដល់ការអភិវឌ្ឍវិស័យកសិកម្មព្រមទាំងខិតខំកៀរគរវិនិយោគិនជប៉ុនមកសិក្សាពីឱកាសវិនិយោគលើវិស័យនេះដើម្បីបង្កើនភាពប្រកួតប្រជែងទីផ្សារលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាកសិករនិងជារួមអភិវឌ្ឍន៍វិស័យនេះឲ្យកាន់តែរីកចម្រើនថែមទៀត។

ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ជូនថារូបលោកនិងមន្ត្រីជំនាញនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទទាំងអស់បានត្រៀមលក្ខណៈជាស្រេចហើយនឹងបន្តផ្តល់កិច្ចសហការឲ្យលទ្ធភាព។លោកក៏បានជូនពរឲ្យឯកឧត្តមឯកអគ្គរាជទូតក្នុងឱកាសស្នាក់នៅបំពេញបេសកកម្មការងារការទូតការងារមនុស្សធម៌និងបច្ចេកទេសនៅព្រះរាជាណាចក្រកម្ពុជាឲ្យទទួលបានជោគជ័យសុខភាពល្អបវរប្រសើរនិងប្រកបដោយសុវត្ថិភាពខ្ពស់។

អត្ថបទដែលជាប់ទាក់ទង