ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ទទួលទេយ្យទានពីសម្តេចព្រះមហាអរិយវង្ស​ សៅរ៍​ ចន្ទថុល្ល​ សរុបទាំងអស់ស្មើនឹងជាង៤០លានរៀល

152

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី ១១​ ខែ​ តុលា ឆ្នាំ ២០១៩នេះ​ បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពីសម្តេចព្រះមហាអរិយវង្ស​ សៅរ៍​ ចន្ទថុល្ល​ ព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម​ ដែលទេយ្យទាននិងថវិកា បើសរុបទាំងអស់ស្មើនឹងជាង៤០លានរៀល។
ក្នុងឱកាសនោះ សម្តេចព្រះមហាអរិយវង្ស​ សៅរ៍​ ចន្ទថុល្ល​ បានមានព្រះថេរដីកាគាំទ្រជានិច្ច និងមានទឹកព្រះទ័យរីករាយ ក្នុងការចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់សាខា​កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតនៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ។
លោកឃួង ស្រេង បានមានប្រសាសន៍ថា ការប្រទាននូវទេយ្យទានដែលជាគ្រឿងឧបភោគ-បរិភោគ និងបច្ច័យមួយចំនួនដល់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញនាពេលនេះគឺជា ទឹកចិត្ត និងទឹកព្រះទ័យពោរពេញដោយមនុស្សធម៌ របស់បងប្អូនពុទ្ធបរិស័ទ និងព្រះតេជគុណគ្រប់ព្រះអង្គ ពិសេសទឹកព្រះទ័យ សម្តេចព្រះមហាអរិយវង្ស សៅរ៍ ច័ន្ទថុល្ល ព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម បង្ហាញឱ្យឃើញកាន់តែច្បាស់ពីការចូលរួមចំណែករបស់វិស័យព្រះពុទ្ធសាសនា ក្នុងវិស័យអាណាចក្រជាមួយសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រមុខដឹកនាំ។
លោកបន្តថា ប្រពៃណីទំនាក់ទំនងបំពេញឱ្យគ្នាទៅវិញទៅមករវាងពុទ្ធចក្រ និងអាណាចក្រនៅក្នុងសង្គមខ្មែរយើងបានកើតឡើងតាំងពីសម័យបុរាណកាលមក និងបានចាក់ឫសគល់ចូលយ៉ាងជ្រៅ ទៅក្នុងសណ្ដានចិត្តប្រជាជនខ្មែរយើង រហូតដល់សម័យបច្ចុប្បន្ន។ លោកបញ្ជាក់ផងដែរថា នៅពេលដែលអាណាចក្រមានការរីកចម្រើនមានសុខសន្តិភាពពេញលេញ នោះប្រជាពលរដ្ឋក៏មានជីវភាពធូរធារ សម្បូរសប្បាយ មានឱកាសគ្រប់គ្រាន់ក្នុងការគោរពបូជាព្រះពុទ្ធសាសនា ហើយវត្តអារាមក៏មានការរីកចម្រើនព្រះសង្ឃក៏មានចង្ហាន់បរិបូរណ៏ និងបានទទួលទេយ្យវត្ថុពីទឹកចិត្តជ្រះថ្លារបស់ពុទ្ធបរិស័ទ ហើយទេយ្យវត្ថុទាំងនេះ ក៏បានវិលមកជួយដល់អាណាចក្រវិញ។ ប៉ុន្តែបើអាណាចក្រធ្លាក់ចុះដុនដាបនោះ ពុទ្ធចក្រក៏ត្រូវសាបសូន្យដែរ។ ជាក់ស្ដែងកាលពីជាង៤០ឆ្នាំមុនពេលប្រទេសរបស់យើងធ្លាក់ទៅក្នុងរបបប្រល័យពូជសាសន៍រយៈពេល ៣ ឆ្នាំ ៨ ខែ និង២០ថ្ងៃ ពេលនោះអ្វីៗត្រូវបំផ្លាញទាំងស្រុង ប្រជាជនត្រូវបានកាប់សម្លាប់ និងធ្វើទារុណកម្មសព្វបែបយ៉ាង ព្រះសង្ឃត្រូវបានចាប់ផ្សឹក វត្តអារាមក៏ត្រូវបានយកធ្វើជាក្រោលគោ ក្រោលក្របី។ ល ។
ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ ប្រទេសជាតិត្រូវបានរំដោះ ព្រះពុទ្ធសាសនានៅកម្ពុជាក៏បានរស់ឡើងវិញ ប្រជាជនក៏មានឱកាសបានធ្វើបុណ្យធ្វើទាន តាមលទ្ធភាពជាបណ្តើរៗ ។ ការងើបរស់ឡើងវិញ គ្រប់វិស័យ រួមទាំងវិស័យពុទ្ធសាសនាផងនោះ ក៏ដោយសារតែបានគុណគណបក្សប្រជាជនកម្ពុជា ពិសេសវីរភាពរបស់ សម្តេចអគ្គ
មហាសេនាបតីតេជោ ហ៊ុន សែន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ យកទៅប្តូរ ដើម្បីទទួលបានមកវិញនូវការរស់រានមានជីវិត មានសុខសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជាទាំងមូល។
បច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងស្ថិរភាពនយោបាយ មានសន្តិភាពពេញលេញបរិបូរណ៏ និងមានការរីកចម្រើនគ្រប់វិស័យ ដោយទទួលបានកំណើនសេដ្ឋកិច្ច៧ភាគរយក្នុងមួយឆ្នាំ ស្ថិតនៅក្នុងប្រទេសចំណូលមធ្យមកម្រិតទាប ហើយនឹងក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកឃួង ស្រេង បានសន្យាថា ទេយ្យទាន ដែលសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញទទួលបាននេះ លោកនឹងយកទៅប្រើប្រាស់ឱ្យចំគោលដៅមនុស្សធម៌ សម្រាប់ជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះពិតប្រាកដ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ហើយសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញទៀតសោត គឺគោរពតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងតាមការចង្អុលបង្ហាញជាប្រចាំពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
គួរបញ្ជាក់ថា ទេយ្យទានដែលសាខាកាកបាទក្រហមកម្ពុជារាជធានីីភ្នំពេញទទួលបាននេះ រួមមាន អង្ករ២០០០គីឡូក្រាម ទឹកដោះគោ១០កេសធំ ស្ករស១៩កេសធំ តែ៧កេសធំ​ មី៣១កេសធំនិង៩កេសតូច សម្ភារៈប្រើប្រាស់២៣សម្រាប់ និងថវិកាចំនួន១០លានរៀល ហើយបើ សរុបគិតជាទឹកប្រាក់ទាំងអស់ស្មើនឹង៤០.៩១២.០០០រៀល ៕

 

អត្ថបទដែលជាប់ទាក់ទង