បញ្ជូនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនទៅតុលាការ
(បន្ទាយមានជ័យ) ៖ នៅវេលាម៉ោង១៣និង០០នាទីថ្ងៃទី១០ខែតុលាឆ្នាំ២០១៩កម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯកសប៊ុនសឿងមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលផែនការងារគ្រឿងញៀន បានចុះបង្រ្កាបករណីចែកចាយរក្សាទុកនិងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ចំនួន០២គោលដៅផ្សេងគ្នា ។
លោកវរសេនីយ៍ឯកសប៊ុនសឿងបានឲ្យដឹងថា៖ ក្រោយពីទទួលបានព័ត៌មានអំពីករណីខាងលើ លោកបានស្នើសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ត្រីបោនប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងដោយមានការសម្របសម្រួលដោយលោកមាសច័ន្ទពិសិដ្ឋព្រះរាជអាជ្ញានៃអយ្យាការអមសាលាដំបូងខេត្តលោកបានចាត់ឲ្យកម្លាំងជំនាញចុះបង្រ្កាបដល់ទីតាំងកើតហេតុនិងនាំខ្លួនមកជនសង្ស័យមកសាកសួរចំនួន០៤នាក់១–ឈ្មោះវេតពឺនភេទប្រុសអាយុ២៦ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅមិនពិតប្រាកដក្នុងក្រុងសិរីសោភ័ណ ២–ឈ្មោះហ៊នតៈវណ្ណភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅមិនពិតប្រាកដក្នុងក្រុងសិរីសោភ័ណ ៣–ឈ្មោះធី និចភេទស្រីអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅមិនពិតប្រាកដក្នុងក្រុងសិរីសោភ័ណ ៤–ឈ្មោះហុងគឹមឡេងភេទស្រីអាយុ១៩ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅមិនពិតប្រាកដក្នុងក្រុងសិរីសោភ័ណ និងដកហូតវត្ថុតាងរួមមាន៖–គ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន០៦កូនថង់ស្មើ២,៥៩ក្រាម –ម៉ូតូ០១គ្រឿង –ទូរស័ព្ទដៃចំនួន០៣គ្រឿង –នាឡិកាដៃចំនួន០២ខ្សែ –ខ្សែកលោហធាតុពណ៌លឿង០១ខ្សែ –ចិញ្ចៀនលោហធាតុពណ៌លឿង០៣វង់ –ក្រវិលលោហធាតុពណ៌លឿង០១ចំហៀង –កូនថង់ច្រកគ្រឿងញៀនមួយចំនួន–ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ក្រោយពីបញ្ចប់ការស៊ើបអង្កេតនិងតាមចម្លើយសារភាពរបស់ជនសង្ស័យនិងការធ្វើតេស្តរកសារធាតុញៀនគឺមានភាពស៊ីសង្វាក់គ្នាបង្ហាញពីតម្រុយនៃបទល្មើសយ៉ាងជាក់លាក់ដូច្នេះជនសង្ស័យត្រូវបានចោទប្រកាន់ពីបទ ចែកចាយរក្សាទុកនិងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់។បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕