ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាក់អន្ទារតម្លើងជណ្ដើរយន្ត ធ្លាក់ពីកម្ពស់១៦ជាន់ ក្នុងអគារកម្ពុស់២១ជាន់ សង្កត់ស្លាប់មនុស្ស៣នាក់ នៅខណ្ឌដូនពេញ, មកទល់ព្រឹកនេះ សពនៅមិនទាន់យកចេញបានទេ

199

 

ភ្នំពេញ ៖ តាមសេចក្ដីរាយការណ៍បឋម មានបុរស៣នាក់ បានស្លាប់គួរឲ្យអាណោចអធ័ម កប់ក្នុងគំនរកម្ទេចកំទីបែកបាក់ ក្នុងការដ្ឋានសំណង់អគារខ្ពស់កំពុងសាងសង់មួយកន្លែង បន្ទាប់ពីបាក់អន្ទារកម្ពស់១៦ជាន់ ដែលពួកគាត់កំពុងតម្លើងជណ្ដើរយន្ត បណ្ដាលឲ្យកប់លិចក្នុងគំនរបែកបាក់បាត់ ឃើញតែជើងម្ខាងឡើងលើប៉ុណ្ណោះ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលឡើង កាលវេលាម៉ោង៨៖១០នាទីយប់ ថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៩នេះ ស្ថិតតាមបណ្ដោយផ្លូវ៦៥ ក្នុងការដ្ឋានសំណង់អគារខ្ពស់មួយកន្លែងកំពុងសាងសង់ ស្ថិតនៅចំណុចខាងកើតសណ្ឋាគារហូលីដេ ភូមិ១០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សពរងគ្រោះទាំង៣នាក់ ទី១.ឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ជាងជណ្ដើរយន្ត ស្នាក់ក្នុងការដ្ឋានខាងលើ មានស្រុកកំណើតភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សពរងគ្រោះទី២.ឈ្មោះ យ៉ែម ទីន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាងតម្លើងជណ្ដើរយន្ត ស្នាក់ក្នុងការដ្ឋាន មានស្រុកកំណើតភូមិទន្លេរស ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ សពរងគ្រោះទី៣.ឈ្មោះ ធីម ធីរ៉ង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ ជាងតម្លើងជណ្ដើរយន្ត ស្នាក់ក្នុងការដ្ឋាន មានស្រុកកំណើតនៅភូមិត្រពាងបី ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

យាងតាមប្រភពពីកម្មករម្នាក់ ដែលស្គាល់កម្មកររងគ្រោះទាំង៣នាក់ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះទាំង៣នាក់ ជាជាងតម្លើងជណ្ដើរយន្តក្នុងការដ្ឋានសំណង់កើតហេតុខាងលើ នៅមុនកើតហេតុ ពួកគាត់បានបាត់ខ្លួនឈឹង សូម្បីតែទូរស័ព្ទក៏ទាក់ទងមិនបាន តាំងពីព្រលប់ថ្ងៃសៅរិ៍ ទី១២ ខែតុលាមកម្លេះ ហើយក៏មិនដឹងថា បាក់អន្ទារដែលពួកគាត់តម្លើងជណ្ដើរយន្ត នៅជាន់ទី១៦ នៃសំណង់អគារកំពុងសាងសង់ កម្ពស់២១ជាន់នេះ តាំងពីម៉ោងប៉ុន្មាននោះទេ។

ទើបនៅវេលាម៉ោង៨៖១០នាទីយប់ ថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៩នេះ ដោយព្រួយបារម្ភពីសុវត្ថិភាពផង ពួកគាត់បានដើររកមើល និងគាស់សង្ក័សីដែលបាំងជណ្ដើរយន្តនោះមើល ស្រាប់តែភ្ញាក់ផ្អើលតែម្ដង ព្រោះឃើញជើងមនុស្សម្នាក់ បាស់ឡើងលើ និងក្បាលកប់ទៅក្នុងគំនរបែកបាក់លិចបាត់ មិនដឹងថាជាអ្នកនោះទេ តែជាងជណ្ដើរយន្តមានតែពួកគាត់ទាំងបីនាក់ដែលបាត់ខ្លួនប៉ុណ្ណោះ ទើបប្រញាប់ប្រញាល់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យមើល រួចធ្វើកំណត់ហេតុ រាយការណ៍ជូនថ្នាក់លើ បានដឹងបឋមសិនប៉ុណ្ណោះ ដើម្បីរងចាំព្រឹកឡើង សមត្ថកិច្ចជំនាញមកកាយយកជនរងគ្រោះចេញមកធ្វើកោសល្យវិច័យ រួចប្រគល់សពឲ្យក្រុមគ្រួសារយកសពទៅធ្វើបុណ្យតាមប្រពៃណី។

បើតាមលិខិតអនុញ្ញាតិសាងសង់ លេខ២៤២ ដនស របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបិទជាប់មាត់ទ្វាររបងចេញចូលការដ្ឋានខាងលើ បានឱ្យដឹងថា សំណង់អគារខាងលើនេះ មានកម្ពស់អតិបរមា ៨៧,៥០ម៉ែត្រ មានជាន់ក្រោមដី៣ជាន់, ជាន់ផ្ទាល់ដី ពីជាន់ទី១ ដល់ជាន់ទី២១ និងឡៅតឿ នៅលើដីឡូត៍ទំហំ៤២០២ម៉ែត្រក្រឡា មានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុលេខ ១២០២១០១០-០០១, ១២០២១០១០-០០២, ១២០២១០១០-០០៥ ស្ថិតនៅផ្លូវលេខ៦៥, ៨០, ៤៧, ភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ របស់លោកស្រី ប៉ា វង្ស សម្ភារ និងលោកស្រី ប៉ា វង្សទិត្យា (ទ្រព្យអវិភាគ)៕

អត្ថបទដែលជាប់ទាក់ទង