រដ្ឋបាលខណ្ឌទួលគោកនិងក្រុមការងារថ្នាក់ ជាតិ ចុះជួយមូលដ្ឋាន ដង្ហែអង្គកឋិនវេរ ប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមាវត្តនាគវ័ន បានទឹកប្រាក់ជាង១២ម៉ឺនដុល្លារ




បុណ្យកឋិន ជាពិធីបុណ្យមួយដែលបានចាប់ផ្ដើមធ្វើឡើងបន្ទាប់ពីបុណ្យចេញវស្សា ដោយត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានវត្ដណាមួយ ត្រូវបានខកខានឡើយ សម្រាប់ជាកិច្ចជួយឧបត្ថម្ភដល់ព្រះសង្ឃចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកត្តិក ដែលនេះ ជាប្រពៃណី ទំនៀមទំលាប់ព្រះពុទ្ធសាសនា និងការគោរពបូជារបស់ប្រជាពលរដ្ឋយើង តាំងពីយូរយាណាស់មកហើយ ។អង្គកឋិនទាននេះរយៈពេលតែ២៩ថ្ងៃតែប៉ុណ្ណោះ ដោយចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកត្តិក ដោយវត្តមួយទទួលបាន
តែម្តង។ ហេតុនេះគេតែងតែឃើញ ក្បួនកឋិនទានតែងបានដង្ហែ ទៅកាន់ទីអារាមរៀងៗខ្លួន ហើយបើទីអារាមណាមួយ មិនមិនមានកឋិនណាមួយហែលចូលទេ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ។
សូមបញ្ជាក់ថា កឋិន គឺជាសំពត់ដែលទាយកទាយិកានាំយកគ្រឿងស្លៀកដណ្តប់ ដែលដេរភ្ជាប់ដោយចេស មានឈ្មោះថា ចីវរ ទៅប្រគេនចំពោះភិក្ខុសង្ឃ ដែលបានគង់ចាំព្រះវស្សាអស់រយៈពេល៣ខែរួចមកហើយ។ ចំពោះបុគ្គលអ្នកធ្វើ គប្បីធ្វើអោយត្រូវតាមរបៀបវិន័យព្រះពុទ្ធ ឯព្រះសង្ឃ ក៏គប្បីក្រាលគ្រង និងអនុមោទនា អោយត្រឹមត្រូវតាមវិន័យព្រះពុទ្ធដែរ ទើបកើតជាកឋិនពេញលក្ខណៈ រីឯអានិសង្ស គឺទាយកអ្នកធ្វើកឋិន បានអានិសង្សច្រើន ឯភិក្ខុសង្ឃអ្នកទទួលក្រាលគ្រង និងអនុមោទនា ក៏បានអានិសង្ស៥យ៉ាងដែរ។
នៅក្នុងឱកាសបុណ្យកឋិនទាន ដែលផ្តួចផ្តើមដោយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង និងលោកឯក ឃុនដឿនខាងលើនេះ ប្រមូលបានបច្ច័យ គិតជាប្រាក់ដុល្លារបានចំនួន១២៨៦៩០ដុល្លារអាមេរិក សម្រាប់បំរើដល់ការកសាងសមិទ្ធផលនានា ក្នុងវត្តនាគវ័ននេះ។ ក្រៅពីនេះលោកទេសរដ្ឋមន្ត្រីក៏បានប្រគេនដល់ព្រះសង្ឃដែលគង់នៅក្នុងវត្តនេះចំនួនជាង៣០០អង្គ ដោយក្នុងមួយអង្គចំនួន៥ម៉ឺនរៀលផងដែរ។
នៅក្នុងឱកាសនោះព្រះគ្រូនាគាភិរក្ខ ងិន ឃីម ព្រះអនុគណខណ្ឌទួលគោក និងជាព្រះគ្រូចៅអធិការវត្តនាគវ័ន បានថ្លែងអំណរគុណចំពោះលោកនិងលោកស្រី និងញាតិញោមជាពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានមកចូលរួមចាប់មគ្គផលកសាងនូវកុសល ក្នុងអង្គកឋិនទាននេះ ហើយព្រះអង្គ ក៏បានឧទ្ទិសកុសលផលបុណ្យដែលកើតចេញពីអង្គកឋិនទាននេះ សូមអោយបានទៅបុព្វការីជន ដែលបានចែកឋានរំលាយក្ខ័ន្ធទៅកាន់លោកខាងមុខនោះផង និងសូមអោយញាតិញោមទាំងអស់ជួបប្រទះតែសេចក្តីសុខ សេចក្តីចំរើន៕