ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការដ្ឋានសាងសង់ស្ពានអាកាសក្បាល ថ្នល់បន្ថែម នឹងធ្វើការចាក់បេតុងតួស្ពាន(Box Girder) ដំណាក់កាលទី១ ការធ្វើចរាចរចុះពីស្ពានព្រះមុន្នីវង្សចាស់ត្រូវបិទជាបណ្តោះអាសន្ន

87
ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ពានអាកាសក្បាលថ្នល់បន្ថែម នឹងធ្វើការចាក់បេតុងតួស្ពាន(Box Girder) ដំណាក់កាលទី១ ដូច្នេះទេដើម្បីធានាសុវត្ថិភាពការដ្ឋាន រដ្ឋបាលរាជធានីភ្នំពេញបាន សម្រេចបិទការធ្វើចរាចរ សម្រាប់អ្នកដំណើរចុះពីស្ពានព្រះមុន្នីវង្សចាស់ជាបណ្តោះអាសន្នសិន។
  លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងនៅព្រឹកថ្ងៃទី១៤ តុលា នេះថា ដើម្បីធានាសុវត្ថិភាពការដ្ឋាន ចាប់ពីវេលាម៉ោង ២១និង០០យប់ថ្ងៃទី១៤ខែតុលាឆ្នាំ២០១៩ ដល់ម៉ោង ៥និង០០ទៀបភ្លឺថ្ងៃទី១៥ខែតុលាឆ្នាំ២០១៩ ការដ្ឋានសាងសង់បន្ថែមស្ពានអាកាសក្បាលថ្នល់ នឹងធ្វើការចាក់បេតុងតួស្ពាន(Box Girder) ដំណាក់កាលទី១ ដោយត្រូវបិទផ្លូវមិនអោយធ្វើចរាចរចុះពីស្ពានព្រះមុន្នីវង្សចាស់ ឆ្ពោះទៅទិសមហាវិថីព្រះមុន្នីវង្សឡើយ ។ ចំពោះចរាចរពីស្ពានព្រះមុនី្នវង្សចាស់បត់ស្តាំមកមហាវិថីព្រះនរោត្តម ចរាចរពីមហាវិថីព្រះមុនី្នវង្សទៅស្ពានព្រះមុនីវង្សថ្មី និងចរាចរទៅមកលើស្ពានអាកាសក្បាលថ្នល់ នឹងអនុញ្ញាត្តអោយធ្វើចរាចរជាធម្មតា។ដូច្នេះទេ សូមសាធារណជនយោគយល់អធ្យាស្រ័យ ។
  គួរបញ្ជាក់ថា ស្ពានអាកាសក្បាលថ្នល់ពីមហាវិថីព្រះមុនីវង្សទៅវិថីព្រះនរោត្តមមានប្រវែង៧៧ ម៉ែត្រពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់និងពីគល់ស្ពានដល់ស្ពានអាកាសចាស់១២៣ម៉ែត្រ សរុប២០០ម៉ែត្រ ។ ស្ពាននេះមានទទឹង ៧,៥ម៉ែត្រពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឡើងស្ពានឆ្ពោះទៅមហាវិថីព្រះនរោត្តម។
   គួរបញ្ជាក់ទៀតថា បច្ចុប្បន្ននេះនៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៦ កន្លែងហើយ គឺ​ស្ពានអា​កកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា  ស្ពានអាកាស៥មករា ស្ពានអាកាសស្តុបផ្សារដីហុយ និងស្ពានអាកាសចោមចៅ ដែលស្ពាននេះក្រុមការងារបាននឹងកំពុងបើកការដ្ឋានស្ថាបនា
យ៉ាងញាប់ដៃញាប់ជើង ដូចស្ពានអាកកាសក្បាលថ្នល់នេះដែរ ៕
អត្ថបទដែលជាប់ទាក់ទង