ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆក់ការបូប ពីជនបរទេសដែល កំពុងជិះកង់ទៅទស្សនា តំបន់ប្រាសាទក្រុងសៀមរាប ជនសង្ស័យម្នាក់ត្រូវចាប់ខ្លួនភ្លាមៗ

99

សៀមរាប : នគរបាលបានឃាត់ខ្លួនជនសង្ស័យ បានម្នាក់ភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាព​ ឆក់ការបូប ពីជនបរទេស ដែលកំពុងជិះកង់ទៅទស្សនា តំបន់ប្រាសាទ ក្នុងក្រុងសៀមរាប ហើយជនសង្ស័យនិងវត្ថុតាង ត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូន ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ហើយបក្ខពួកម្នាក់ទៀត ដែលគេចខ្លួន កំពុងស្រាវជ្រាវរកចាប់ខ្លួន ដើម្បីផ្តន្ទាទោសតាមច្បាប់។

នគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប បានឲ្យដឹងថា កាលពីថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៨ វេលា ម៉ោង៨ព្រឹក នៅចំណុចជិតកន្លែងទិញសំបុត្រ ចូលទស្សនាប្រាសាទ ស្ថិត ក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទ្រព្យសម្បតិ្ត) បង្កឡើងដោយជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាព ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ក្រហម ហើយឆក់យកកាបូប ក្នុងកន្រ្តកកង់ពីជនរងគ្រោះឈ្មោះ kim Hyemin ភេទស្រី អាយុ៣២ ឆ្នាំជនជាតិកូរ៉េខាងត្បូង ខណៈពេលដែលជនរងគ្រោះ​ កំពុងជិះកង់ទៅទស្សនា តំបន់ប្រាសាទ ក្រោយពីធ្វើសកម្មភាពភ្លាម ជនរងគ្រោះក៏បានស្រែក បណ្តាលឲ្យមានការភ្ញាក់ផ្អើល​។ តែដោយសារមានកម្លាំងនគរបាល នៃអធិការដ្ឋានក្រុងសៀមរាប ដែលនៅប្រចាំការ ក្បែរនោះឃើញទាន់ក៏នាំគ្នាធ្វើការ ប្រដេញ។ ពេលនោះជនសង្ស័យទាំងពីរនាក់ បានផ្តួលម៉ូតូចោល ហើយរត់គេចខ្លួនចូលទៅក្នុងបរិវេណព្រៃអង្គរ។

បន្ទាប់ពីទទួលសេចក្តីរាយការណ៍ ពីនគរបាលដែលនៅគោលដៅ លោកវរសេនីយ៍ឯកទេព ចាន់ណា អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប រួមនឹងលោក វរសេនីយ៍ត្រីនួន ស័ក្តិចំរើនរិទ្ធ បានដឹកនាំកម្លាំងបន្ថែម ដោយមានសហការ ជាមួយនគរបាលការពារបេតិកភណ្ឌ នគរបាលទេសចរណ៍ នគរបាលចរាចរ​ និងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងដោយមានការចូលរួមពីបងប្អូនប្រជាការពារ បានធ្វើការតាម ស្វែងរកជនសង្ស័យទាំងពីរនាក់ រហូតឃាត់ខ្លួន បានជនសង្ស័យចំនួន១នាក់​ និងដកហូតម៉ូតូបានចំនួន១គ្រឿង និងស្រាវជ្រាវរកឃើញការបូបរបស់ជនរងគ្រោះ ដែលជនសង្ស័យបោះចោល ក្នុងព្រៃបានមកវិញ។

ជនសង្ស័យឈ្មោះ រស់ ម៉ារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ អន្លង់វិល ឃុំ/ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ វត្ថុតាងដកហូតបានមកវិញ និងប្រគល់ជូនជនរងគ្រោះវិញទូរស័ព្ទម៉ាកIphone x ពណ៌ខ្មៅ១គ្រឿង ទូរស័ព្ទម៉ាក samsung ពណ៌ទឹកមាស ១គ្រឿង កាមេរ៉ា១គ្រឿង Power bankពណ៌ស១គ្រឿង ឆ័ត្រ១ ប្រាក់១០០$ និងសម្ភារៈមួយចំនួន។

ជនសង្ស័យនិងវត្ថុតាង ត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ចំណែកបក្ខពួករបស់ជនសង្ស័យ ដែលបានរត់គេចខ្លួនបាត់នោះ នគរបាល បានធ្វើការកំណត់អត្តសញ្ញាណរួចរាល់ហើយ ដើម្បីស្វែងរកឃាត់ខ្លួនបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់ផងដែរ ៕

 

អត្ថបទដែលជាប់ទាក់ទង