ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិធីបដិសណ្ឋារកិច្ចផ្លូវការនៃដំណើរទស្សនកិច្ច សម្តេចតេជោនាយករដ្ឋមន្រ្តីនៅទីក្រុងប្រាកសាធារណរដ្ឋឆែក

68

​​សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប្រាកសាធារណរដ្ឋឆែកហើយនៅព្រឹកថ្ងៃទី១៤តុលានេះ។

នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការដែលធ្វើឡើងនៅវិមានបុរាណKramarova ក្នុងទីក្រុងប្រាកវត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តីត្រូវបានការធ្វើគារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅនិងរ៉ាក់ទាក់បំផុតពីសំណាក់សមភាគីនាយករដ្ឋមន្រ្តីឆែកឯកឧត្តមAndrej Babis និងថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាលឆែកជាច្រើនរូបទៀត។នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះដែរសម្តេចតេជោនាយករដ្ឋមន្រ្តីដែលអមដំណើរដោយផ្ទាល់ពីសមភាគីនាយករដ្ឋមន្រ្តីឆែកបានអញ្ជើញធ្វើដំណើរកាត់កម្រាលព្រំក្រហមប្រារព្វពិធីផ្លូវការនៅចំពោះមុខកងកិត្តិយសនិងកងត្រែទ័ពនៃសាធារណរដ្ឋឆែក។សម្តេចតេជោនាយករដ្ឋមន្រ្តីនិងឯកឧត្តមនាយករដ្ឋមន្រ្តីឆែកបានអញ្ជើញគោរពទង់ជាតិនៃប្រទេសទាំងពីរព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋឆែកប្រកបបរិយាកាសរីករាយនិងស្និទ្ធស្នាលក្រៃលែង។

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចផ្លូវការរួចមកសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលអមដំណើរដោយផ្ទាល់ពីសមភាគីនាយករដ្ឋមន្រ្តីឆែកឯកឧត្តមAndrej Babis អញ្ជើញធ្វើគារវកិច្ចស្វាគមន៍ពីសំណាក់ឯកឧត្តមលោកជំទាវជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលឆែកនិងឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាក្នុងបរិយាកាសស្និទ្ធស្នាលរ៉ាក់ទាក់បំផុត។សូមបញ្ជាក់ថាសាធារណរដ្ឋឆែកមានផ្ទៃក្រឡាទំហំ៧៨,៨៦៧គីឡូម៉ែត្រការ៉េមានព្រំប្រទល់ជាប់និងប្រទេសអូទ្រីសអាល្លឺម៉ង់ប៉ូឡូញនិងស្លូវ៉ាគីនិងមានប្រជាជនរស់នៅសរុប​ ​១០,៦៨៦,២៦៩នាក់គិតក្នុងខែកក្កដាឆ្នាំ២០១៨។ប្រជាជនឆែកកាន់សាសនារ៉ូម៉ាំងកាតូលីក។ស្ថានភាពសេដ្ឋកិច្ចសាធារណរដ្ឋឆែកក្នុងឆ្នាំ២០១៧កន្លងទៅផលិតផលសរុបក្នុងស្រុកGDP ៣៧៥,៩ពាន់លានដុល្លាអាមេរិកក្នុងនោះGDP សម្រាប់មនុស្សម្នាក់៣៥,៥០០ដុល្លាអាមេរិកក្នុងមួយឆ្នាំ។អត្រាកំណើនGDP ,% ផលិតផលសំខាន់ៗគិតជាភាគរយ(GDP) ក្នុងនោះផ្នែកសេវា៥៩,% ឧស្សាហកម្ម៣៨% និងកសិកម្ម២,%

សាធារណរដ្ឋឆែកជាប្រទេសមានការនាំចេញនូវផលិតផលសំខាន់ៗមួយចំនួនដូចជាគ្រឿងម៉ាស៊ីនឧបករណ៍ដឹកជញ្ជូនវត្ថុធាតុដើមប្រេងឥន្ធន: និងសារធាតុគីមី។ល។សូមបញ្ជាក់ថាព្រះរាជាណាចក្រកម្ពុជាបានភ្ជាប់ទំនាក់ទំនងការទូតជាមួយអតីតសាធារណរដ្ឋសង្គមនិយមឆេកូស្លូវ៉ាគីនៅថ្ងៃទី១៨ខែឧសភាឆ្នាំ១៩៥៦។នៅឆ្នាំ១៩៧៥ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរត្រូវបានកាត់ផ្តាច់ក្នុងរបបខ្មែរក្រហម។ឆ្នាំ១៩៧៩កម្ពុជាបានភ្ជាប់ទំនងទំនងជាមួយនឹងសាធារណរដ្ឋសង្គមនិយមឆេកូស្លូវ៉ាគីនៅថ្ងៃទី៧ខែកញ្ញាឆ្នាំ១៩៩៦ទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋឆែកត្រូវបានបង្កើតឡើងវិញបន្ទាប់ពីប្រទេសឆេកូស្លូវ៉ាគីបែងចែកជាពីរប្រទេស។

កាលពីថ្ងៃទី១៨ដល់ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០០៦ព្រះករុណាសម្តេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាស្តេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណរដ្ឋឆែកដើម្បីទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែករបាំពីសាធារណរដ្ឋឆែក៕

អត្ថបទដែលជាប់ទាក់ទង