ចាប់ខ្លួនស្ដ្រីម្នាក់ ឆបោក និងរំលោភលើទំនុកចិត្ត ដែលបានខ្ចីលុយគេជាង៧ម៉ឺនដុល្លារ គេចវេះមិនសង
ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ បានធ្វើការចាប់ខ្លួនស្ដ្រីម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ និងរំលោភលើទំនុកចិត្ត យោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ ហួម តាំងហឿត អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលដឹកនាំប្រតិបត្តិការនេះ បានប្រាប់ឲ្យដឹងថា ស្ដ្រីដែលត្រូវសមត្ថកិច្ចចាប់ខ្លួនឈ្មោះ ហេង សេដ្ឋាលីដា អាយុ២៦ឆ្នាំ មានទីលំនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ដោយឡែក ប្ដីរបស់ស្ដ្រីរូបនេះ ឈ្មោះ អ៊ាង ម៉េងយូ ក៏ត្រូវតុលាការចេញដីកាបញ្ជាឲ្យចូលខ្លួនផងដែរ។
បើតាមលោកឧត្តមសេនីយ៍ទោ ហួម តាំងហឿត ជនរងគ្រោះបានរៀបរាប់ថា ឈ្មោះ ហេង សេដ្ឋាលីដា និងប្ដីឈ្មោះ អ៊ាង ម៉េងយូ បានខ្ចីលុយរបស់ខ្លួន ជាង៧ម៉ឺនដុល្លារ លុះដល់ថ្ងៃកំណត់ត្រូវសងបែរជាគេចវេះ ទើបជនរងគ្រោះដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចជំនាញតែម្ដង។ ក្រោយធ្វើការសួរនាំ នៅពេលនេះស្ដ្រីខាងលើ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជូនទៅតុលាការដើម្បីចាត់ការបន្ដតាមនីតិវិធី៕ ដោយ៖កូឡាប