ឃាត់ខ្លួនជនជាតិចិន៤នាក់ ពាក់ព័ន្ធករណីលួច កាច់បំបែកសោរម៉ូតូ និងវាយប្លន់ជនជាតិចិន និងជនជាតិចិន
ព្រះសីហនុ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់ ពាក់ព័ន្ធករណីលួច កាច់បំបែកសោរម៉ូតូ និងវាយប្លន់ជនជាតិចិន និងជនជាតិចិន។ ប្រតិបត្តិការឃាត់ខ្លួនក្រុមជនជាតិចិនខាងលើ ធ្វើឡើងកាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នៅចំណុចម្តុំឧតុនិយម ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថាមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ កម្លាំងល្បាតផែននគរបាលព្រហ្មទណ្ឌ បានប្រទះឃើញជនសង្ស័យជាជនជាតិចិន២នាក់ កំពុងធ្វើសកម្មភាពកាច់បំបែកសោរកម៉ូតូ ឃើញដូចនេះសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យ និងត្រួតពិនិត្យឃើញមានឧបករណ៍សំរាប់កាច់សោរកម៉ូតូមួយចំនួន បន្ទាប់មកសមត្ថកិច្ចយើងបានឃាត់ខ្លួនយកមកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ។
ក្រោយពីសួរនាំជនសង្ស័យរួច សមត្ថកិច្ចយើងបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ចាប់បានបក្ខពួកជនសង្ស័យចំនួន ២នាក់បន្ថែមទៀត។
ជនសង្ស័យចំនួន៤នាក់៖១.ឈ្មោះ Zhou Wen ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ លិខិតឆ្លងដែនៈ (គ្មាន), ២.ឈ្មោះ Tan Bei ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ២សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ លិខិតឆ្លងដែនៈ (គ្មាន), ៣.ឈ្មោះ Lin Wei ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៥សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ លិខិតឆ្លងដែនៈ (គ្មាន) និង៤.ឈ្មោះ Li HongLiang ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ លិខិតឆ្លងដែនៈ (គ្មាន)។
វត្ថុតាងចាប់យកបានរួមមាន៖ ឧបករណ៍សំរាប់ចម្លងសោរ, ឧបករណ៍សំរាប់ឆ្កឹះសោរ, សក់ក្លែងក្លាយចំនួន២(សំរាប់ប្រព្រឹត្តបទល្មើសឧក្រិដ្ឋ), ស្រោមមុខខ្មៅ ឃើញតែរង្វង់ភ្នែកចំនួន៤(សំរាប់ប្រព្រឹត្តបទល្មើសឧក្រិដ្ឋ), ដំបងដែករលាស់ចំនួន២ដើម, មួកចំនួន៣, ពិលឆក់ចំនួន១, វិទ្យុទាក់ទងចំនួន១, ម៉ាស៊ីនឆូតលុយចំនួន១, លិខិតឆ្លងដែនចំនួន០២ច្បាប់, ផ្លែកាច់សោរកម៉ូតូចំនួន១៤ផ្លែ, ដងសំរាប់កាច់បំបែកសោរកម៉ូតូលេខ៨ចំនួន២ដើម, ដែកកាច់បំបែកសោរ Solex ២ដើម, ឧបករណ៍សំរាប់បើកLock សន្ទះសោរម៉ូតូ១, ម៉ាស់ចំនួន១០, សោរម៉ូតូចំនួន៣, សោរអក្សរT ចំនួន២, ឧបករណ៍សំរាប់បំបែកកញ្ចក់រថយន្ត ចំនួន១, ឧបករណ៍សំរាប់ផ្តាច់ប្រព័ន្ធ Lock រថយន្ត ចំនួន១, ឧបករណ៍សំរាប់កាច់បំបែកសោរទូរដែក ចំនួន១, ឧបករណ៍សំរាប់ឆ្កឹះសោរទា្វររថយន្ត, ទ្វារផ្ទះ, សោរម៉ូតូ, សោរផ្ទះ មួយចំនួនធំ, ម៉ូតូម៉ាក Air Blade ចំនួន៦គ្រឿង។
លោកស្នងការបន្តថា តាមចម្លើយសារភាពជនសង្ស័យជនជាតិចិនទាំង៤នាក់ខាងលើបានឲ្យដឹងថា ក្នុងចំណោមជនសង្ស័យជនជាតិចិន៤នាក់ មានជនសង្ស័យជនជាតិចិន ២នាក់ គឺ:(ឈ្មោះ Zhou Wen និងឈ្មោះTan Bei ) ដែលបានប្រព្រឹត្តបទល្មើស វាយប្លន់ជន រងគ្រោះម្នាក់ជាជនជាតិចិនដូចគ្នា កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១១នឹង២០នាទី នៅតាមផ្លូវជិតអង្គការម្លប់តាប៉ាង ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ជនរងគ្រោះឈ្មោះ Liu Chuan ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរ កម្មករសំណង់ មានទីលំនៅ លក់ដូរ លិខិតឆ្លងដែនលេខៈ E04274347 ។សំភារៈបាត់បង់៖ ប្រាក់១,៧០០$ (មួយពាន់ប្រាំពីររយដុល្លារ), ទូរស័ព្ទ១គ្រឿងម៉ាក i-Phone។
បច្ចុប្បន្នកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តការសាកសួរយកចម្លើយ និងការសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕