ក្រុមហ៊ុន Minebee Mitsumi ធ្វើបទបង្ហាញគម្រោងអំពូលភ្លើងវៃឆ្លាត ក្នុង ក្រុង ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យគណៈប្រតិភូជប៉ុន ដឹកនាំដោយលោក កៃ នុម៉ា ប្រធានក្រុមហ៊ុន Minebee Mitsumi ចូលជួបពិភាក្សា និងធ្វើបទបង្ហាញគម្រោងទីក្រុងវៃឆ្លាត នៅក្រុងព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃចន្ទ ១រោជ ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ។
តាមបទបង្ហាញក្នុងការពង្រីកគម្រោងទីក្រុងវៃឆ្លាត ក្នុងគោលបំណងពង្រីកគម្រោងទីក្រុងវៃឆ្លាតបន្ថែមទៀតក្នុងប្រទេសកម្ពុជាពិសេស ក្រុង ខេត្តព្រះសីហនុ ផ្តល់ឱកាសដល់ក្រុមហ៊ុនធ្វើបទបង្ហាញ ពីគម្រោងវៃឆ្លាត ដោយប្រើប្រាស់ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ LED វៃឆ្លាតគ្រប់គ្រងដោយប្រព័ន្ធឥតខ្សែជូនថ្នាក់ដឹកនាំសាលាខេត្តព្រះសីហនុនាពេលកន្លងទៅនេះ ។
លោក កៃ នុម៉ា ក្រុមហ៊ុន Minebee Mitsumi មាន ប្រសាសន៍ជំរាបជូនអភិបាលខេត្តព្រះសីហនុ ដោយគូសបញ្ជាក់ថា ប្រព័ន្ធអំពូលវៃឆ្លាត ទំនើបជួយកាត់បន្ថយការប្រើប្រាស់ សន្សំសំចៃភ្លើង ដោយភ្ជាប់ពីមួយទៅមួយដោយមិនប្រើខ្សែដែលមានប្រសិទ្ធិភាពខ្ពស់ ប្រព័ន្ធបច្ចេកវិទ្យាវៃឆ្លាតប្រើប្រាស់បានយូរអង្វែង ក្រុមហ៊ុនមានបទពិសោធន៍នៅកម្ពុជាជាង១០ឆ្នាំ ដែលមានបុគ្កលិក ៧.០០០នាក់ ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្វាគមន៍នូវអំពូលវៃឆ្លាតបំភ្លឺផ្លូវ ជាផលិតផលធ្វើនៅកម្ពុជា ជាស្នាដៃកូនខ្មែរ។ ដោយសារខេត្តព្រះសីហនុមានបង្គោលភ្លើង ៩៧០ដើម ហើយបង្គោល៥០០ បំពាក់ភ្លើងសូឡា ប៉ុន្តែវារងការខូចខាត ដោយសារការអភិវឌ្ឍនាពេលបច្ចុប្បន្ន។ ដោយបានការយកចិត្តទុកដាក់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កញ្ចប់ថវិកាកសាងហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់ក្នុងក្រុងព្រះសីហនុ ហើយបង្គោលភ្លើងទាំងនោះ មានការប៉ះពាល់នូវការសាងសង់ហេដ្ឋារចនាសម្ពន្ធផ្លូវថ្មី ដោយ ធ្វើការពង្រីកកន្លងផ្លូវថ្មី គ្រោងនឹងបើកការដ្ឋានសាងសង់នាពេលខាងមុខ ដែលមានផ្លូវសរុបចំនួន ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ក្នុងនោះក៏មានសាងសង់ផ្លូវថ្មីបន្ថែម ដើម្បីជួយសម្រួលការកកស្ទះចរា ចរណ៍ នៅក្នុងទីប្រជុំជនក្រុងព្រះសីហនុ និងតាមដងផ្លូវជាតិលេខ៤៕