ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក

72

រសៀលថ្ងៃដដែលនោះដែរ បន្ទាប់ពីធ្វើសន្និសីទព័ត៌មានរួមគ្នាជាមួយ ឯកឧត្តម នាយករដ្ឋមន្ត្រីឆែករួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Jaroslav Kubera ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក ដែលធ្វើឡើងនៅវិមានព្រឹទ្ធសភា ទីក្រុងប្រាក ប្រទេសឆែក។

នៅក្នុងជំនួបនេះ​ ឯកឧត្តម Jaroslav Kubera មានប្រសាសន៍ជំរាបជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ថាសភានៃសាធារណរដ្ឋឆែក គឺជាស្ថាប័ននីតិបញ្ញត្តិ នៃសាធារណរដ្ឋឆែក ដែលត្រូវបានបែងចែកជា២ថ្នាក់ គឺ១សភាជាន់ខ្ពស់ (ព្រឹទ្ធសភា) និង២សភា ជាន់ទាប (រដ្ឋសភា)។ ឯកឧត្តមមានប្រសាសន៍បន្តថា ព្រឹទ្ធសភាត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦ និងមានសមាជិកចំនួន៨១រូប ដែលត្រូវបានជ្រើសរើសតាមរយ:ការបោះឆ្នោតចំនួន២ជុំ ពោលប្រ​សិនបើគ្មានបេក្ខជនណាមួយទទួលបានសម្លេងគាំទ្រភាគច្រើន នៅក្នុងជុំទី១នោះទេ បេក្ខជនដែលមានការគាំទ្រច្រើនជាងគេ២រូប នឹងត្រូវបានបោះឆ្នោតជ្រើសរើសក្នុងជុំទី២។

នៅក្នុងកិច្ចសន្ទនាគ្នានោះដែរ ភាគីទាំងពីរបានស្នើឲ្យមានការផ្លាស់ប្តូរទស្សនកិច្ចកម្រិត គណ:កម្មការជំនាញរវាងព្រឹទ្ធ សភា នៃប្រទេសទាំងពីរ និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសក្នុងក្របខណ្ឌសហភាពអន្តរសភា (IPU) និងវេទិកាផ្សេងៗទៀត។ មេដឹកនាំទាំងពីរ ក៏បានធ្វើការពិភាក្សាគ្នាផងដែរ ទាក់ទិនទៅនិងស្ថាប័នរដ្ឋសភា នៃប្រទេសទាំងពីរ តាមរយ:ការស្នើបង្កើត ឲ្យមានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឆែក។ ស្នើឲ្យមានការផ្លាស់ប្តូរទស្សនកិច្ចកម្រិតថ្នាក់ដឹកនាំ គណ:កម្មការជំនាញ និងក្នុងក្របខណ្ឌអគ្គលេខាធិការដ្ឋាន រវាងរដ្ឋសភានៃប្រទេសទាំងពីរ។ ជាពិសេសសូមអោយសហភាពអ៉ឺរ៉ុប និងគណៈកម្មការអ៉ឺរ៉ុប ធ្វើយ៉ាងណាប្រព្រឹទ្ធទៅ​ ជាពិសេសផ្នែកទំនាក់ទំនងជាមួយបណ្ដារប្រទេសទាំងអស់ អោយស្មើសិទ្ធគ្នា និងដោយយុត្តិធម៌។

សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់​ដឹក​នាំព្រឹទ្ធសភា រដ្ឋាភិ​បាល និងប្រជាជននៃសាធារណរដ្ឋឆែក ចំពោះការស្វាគមន៍និងបដិសណ្ឋារ​កិច្ច ដ៏កក់ក្តៅចំពោះសម្តេចផ្ទាល់ និងគណៈប្រតិភូកម្ពុជា ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប្រាក។​ ក្នុង​ជំនួបគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានពាំនាំការអញ្ជើញរបស់សម្តេចវិបុលសេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ជូនចំពោះ ឯកឧត្តម Jaroslav Kubera ប្រធានព្រឹទ្ធសភា នៃសាធារណ​រដ្ឋ​ឆែក ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដែលការអញ្ជើញនេះត្រូវបាន ឯកឧត្តម ប្រធាន​ព្រឹទ្ធ​សភាឆែក សូមទទួលយកនូវការអញ្ជើញ និងឆ្លើយតបតាមពេលវេលាដ៏សមស្របខាងមុខ។

ក្នុងនាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោនាយករដ្ឋមន្រ្តីបានអញ្ជើញភាគីឆែកឲ្យមកបំពេញចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEM) លើកទី១១ នៅកម្ពុជាក្នុង ឆ្នាំ២០២០។ ក្នុងជំនួបនោះដែរ ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសម្រាប់ប្រទេសទាំងពីរ ទាំងស្ថាប័ននីតិបញ្ញត្តិ និងទាំងស្ថាប័ននីតិប្រតិបត្តិ៕

អត្ថបទដែលជាប់ទាក់ទង