កងយោធពលខេមរភូមិន្ទ ត្រូវអនុវត្តន៍ដាច់ខាត ពីបញ្ហាទាក់ទងទៅនឹងសន្តិសុខជាតិ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ សូមជម្រាបជូនដល់សាធារណមតិជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថា នាពេលថ្មីៗនេះ មានសារព័ត៌មាន និងសង្គមស៊ីវិលមួយចំនួន នៅតែមានការយល់ច្រឡំអំពីតួនាទីរបស់ កងយោធពលខេមរភូមិន្ទ។
នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ សូមបញ្ជាក់ឱ្យកាន់តែច្បាស់អំពីតួនាទីនេះដូចខាងក្រោមថា កងយោធពលខេមរភូមិន្ទ មានតួនាទីដូចដែលបានចែងក្នុងរដ្ឋធម្មនុញ្ញគឺការពារ ជាតិ សាសនា និងព្រះមហាក្សត្រ។ ដូច្នេះ ប្រសាសន៍ និងបទបញ្ជារបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសប្រារព្ធខួបលើកទី២៥ឆ្នាំ នៃការបង្កើតកងពលលេខ៧០ គឺជាបទបញ្ជាដ៏ត្រឹមត្រូវបំផុត ដែលកងយោធពលខេមរភូមិន្ទ ត្រូវតែអនុវត្តន៍ជាដាច់ខាត ពីព្រោះបញ្ហានេះទាក់ទងទៅនឹងសន្តិសុខ សន្តិភាព ស្ថិរភាពទាំងសេដ្ឋកិច្ច នយោបាយ និងការអភិវឌ្ឍ របស់ព្រះរាជាណាចក្រកម្ពុជា។
អ្នកនាំពាក្យ បានបន្ថែមថា ក៏ប៉ុន្តែបើសិនជាមាន វិវាទនយោបាយរវាំង គណបក្សនយោបាយ និងគណបក្សនយោបាយ កងយោធពលខេមរភូមិន្ទ រក្សារជំហរអព្យាក្រឹតភាពរបស់ខ្លួន។ ផ្ទុយទៅវិញ ទង្វើប៉ុនប៉ងរបស់ជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួករបស់ខ្លួន តម្រូវឱ្យកងយោធពលខេមរភូមិន្ទ មិនអាចអត់ឱនឱ្យបានជាដាច់ខាត ពីព្រោះក្រុមអគតិទាំងនោះ ដែលមាន ទណ្ឌិត សម រង្ស៊ី ជាមេខ្លោង ត្រូវបានស្ថាប័នមានសមត្ថកិច្ចចោទពីបទឧបឃាត កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ។
ក្នុងបរិបទនេះ កងយោធពលខេមរភូមិន្ទ ត្រូវតែមានកាតព្វកិច្ចពេញលេញ ដើម្បីការពារព្រះរាជាណាចក្រកម្ពុជា គ្រប់ទម្រង់ទាំងអស់៕