ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

 បុរសម្នាក់ ខ្ចីម៉ូតូគេជិះ តែម្ចាស់គេមិនឲ្យ នៅតែទៅបញ្ឆេះម៉ូតូ ជិះចេញទៅបា​ត់ ម្ចាស់ម៉ូតូប្តឹងពីបទលួច ត្រូវប៉ូលីសចាប់វាយខ្នោះ

76

ខេត្តកណ្តាល៖ បុរសម្នាក់ ខ្ចីម៉ូតូគេជិះ តែម្ចាស់គេមិនឲ្យ នៅតែទៅបញ្ឆេះម៉ូតូ ជិះចេញទៅបា​ត់ ម្ចាស់ម៉ូតូប្តឹងពីបទលួច ត្រូវប៉ូលីសចាប់វាយខ្នោះ ដែលករណីនេះ កើតហេតុថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១២និង៣០នាទី នៅចំណុចភូមិកំពង់ពោធិ៍ ​ឃុំ​ក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ខាន់ សាវី ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកសិករ មានទីលំនៅភូមិកំព​ង់​ពោធិ៍​ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែក ជនសង្ស័យ ឈ្មោះ ធឿន ធា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មា​នទីលំនៅ​ភូមិ​កំពង់​ពោធិ៍​ត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ហើយធ្លាប់ជាប់ពន្ធនាគារ ១លើក នៅខេត្តកណ្ដាល រយៈពេលចំនួន ៨ខែ ពីបទ គំរាមកំហែងថានឹងសម្លាប់ ប្រព្រឹត្តនៅភូ​មិកំព​ង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ វត្ថុតាងចាប់យក ម៉ូតូចំនួន១គ្រឿងម៉ាកហុងដាឌ្រីមសង់ C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ កណ្ដាល1P-1761។

នគរបាលមូលដ្ឋាន បានរៀបរាប់ពីសភាពរឿងហេតុនេះថា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១២ និង៣០នាទី ឈ្មោះ ខាន់ សាវី កំពុងរៀបចំជិះម៉ូតូទៅទិញថ្នាំព្យាបាលក្រព្រះ​ ស្រាប់តែមានឈ្មោះ ធឿន ធា បានដើរមកដល់ស្រែក​ខ្ចី​ម៉ូតូរ​បស់​ឈ្មោះ ខាន់ សាវី ប៉ុន្តែឈ្មោះ ខាន់ សាវី​ ប្រ​កែកថាមិនឲ្យទេ តែឈ្មោះ ធឿន ធា នៅតែចាក់សោម៉ូតូ (សោនៅជាប់នឹងម៉ូតូស្រាប់) ជិះចេញយ៉ាងលឿនបាត់ទៅ​ ​ភ្លាមនោះ​ឈ្មោះខាន់​ សា​វី បានទូ​រស័ព្ទរាយការណ៍មកសមត្ថកិច្ចនគ​រ​បាល​ប៉ុស្តិ៍ក្រាំ​ងយ៉ូ​វ។
បន្ទាប់ពីទទួលបានព័ត៌មា​ន​ខាងលើ​ភ្លា​ម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំ​ង​យ៉ូវ​ សហការជាមួយកម្លាំងផ្នែកព្រ​ហ្ម​ទណ្ឌស្រុ​កស្អាង​ កម្លាំ​ងប៉ុស្តិ៍​នគរ​បាលរ​ដ្ឋបា​លស្អាង​ភ្នំ និងកម្លាំងប៉ុ​ស្តិ៍នគរ​បាល​រដ្ឋបា​លព្រែក​គ​យ បានឃាត់ខ្លួនឈ្មោះ ធឿន ធា រួមនឹងវត្ថុតាង​ខា​ងលើ​ នៅចំ​ណុច​ភូមិពា​មសា​លា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូន​មកអធិ​កា​រដ្ឋា​ននគរបាលស្រុកស្អាង ដើម្បីក​សាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង