ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរនឹងបើកលំហរមហាវិថីសម្ដេច តេជោហ៊ុនសែនតភ្ជាប់មកផ្លូវ២៧១អោយធំទូលាយ ដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋ នៅចុងឆ្នាំ២០១៩

83
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងបើកលំហរមហាវិថីសម្ដេចតេជោហ៊ុនសែន(ផ្លូវ៦០ម៉ែត្រ)តភ្ជាប់មកផ្លូវ២៧១ ដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋនៅចុងឆ្នាំ២០១៩នេះ ខណៈដែលមហាវិធីនេះមានលក្ខណៈរួមតូចចង្អៀតនៅចំណុចតភ្ជាប់នឹងផ្លូវ២៧១ ក្នុងភូមិព្រែកតាឡូង សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
  អ្វីដែលជាគម្រោងរបស់អាជ្ញាធររាជធានីភ្នំពេញសហការជាមួយនឹងក្រុមហ៊ុន អាយ អេន ជី ហូលឌីង (ING Holding Co., Ltd) ការបើកលំហរមហាវិថីសម្ដេចតេជោហ៊ុនសែនហៅផ្លូវ៦០ ម៉ែត្រតភ្ជាប់ជាមួយនឹងផ្លូវ២៧១នេះ គ្រោងនឹងបើកការដ្ឋាន ដើម្បីសម្រួលឲ្យការដំណើររបស់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរបានស្រួល ខណៈដែលផ្លូវខាងលើនេះមានលក្ខណៈតូចចង្អៀតដោយសារតែមានផលប៉ះពាល់ជាមួយលំនៅលំនៅរដ្ឋានប្រជាពលរដ្ឋមួយចំនួន។ ប៉ុន្តែទោះបីយ៉ាងណាក្តី ក្រោយពីមានការដោះស្រាយផលប៉ះពាល់នាប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុននិងអាជ្ញាធររាជធានីភ្នំពេញអាចនឹងបើកការដ្ឋានស្ថាបនាផ្លូវខាងលើនេះអោយបានធំទូលាយនៅចុងឆ្នាំ២០១៩ខាងមុខនេះ។ ការដ្ឋាននេះអាចបញ្ចប់ក្នុងរយៈពេល៣ខែ ពោលគឺនៅដើមឆ្នាំ២០២០នឹងដាក់អោយប្រជាពលរដ្ឋបានធ្វើចរាចរណ៍បានហើយ។
  ប្រជាពលរដ្ឋដែលទទួលបានការដោះស្រាយនៃផលប៉ះពាល់ខាងលើបានសម្ដែងនូវការ រីករាយក្នុងចិត្តដោយសារតែការដោះស្រាយនោះពួកគាត់អាចទទួលយកបាន ហើយបាននៅទីតាំងដើមដដែរ ដែលអាចប្រកបរបរអាជីវកម្មរកស៊ីបានដូចធម្មតាជាមួយនឹងការកសាងផ្ទះថ្មថ្មីសន្លាងអោយនៅក្បែរនិងដីរបស់ពួកគាត់ស្នាក់នៅថែមទៀត។
    បើតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថាការដ្ឋានខាងលើនេះអាចនឹងបើកដំណើរការការដ្ឋាននៅក្នុងចុងខែចុងឆ្នាំ២០១៩នេះ ហើយការដ្ឋាននេះដែរអាចនឹងប្រើប្រាស់រយៈពេល៣ខែទើបបញ្ចប់ ហើយនឹងអាចដាក់ឲ្យដំណើរការជូនប្រជាពលរដ្ឋបានធ្វើចរាចរណ៍បានធំទូលាយពីផ្លូវ២៧១ ទៅផ្លូវជាតិលេខ២។
   គួរបញ្ជាក់ថា មហាវិថីថ្មីមួយនេះ មិនត្រឹមតែជួយសម្រួលដល់ការរស់នៅប្រកបអាជីវកម្ម និងការធ្វើដំណើរដឹកជញ្ជូនទំនិញ កសិផល និងសេវាកម្មផ្សេងៗ ក្នុងភូមិសាស្រ្តសង្គាត់ចាក់អង្រែលើប៉ុណ្ណោះទេ ប៉ុន្តែជាយុទ្ធសាស្រ្ត នៃការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ និងជាការដោះស្រាយបញ្ហាប្រឈមចំពោះមុខ គឺការកកស្ទះចរាចរ ក្នុងរាជធានីភ្នំពេញ និងជាបច្ច័យដ៏ល្អក្នុងការកាត់បន្ថយការចំណាយនិងជម្រុញឱ្យសេដ្ឋកិច្ចទីផ្សារប្រព្រឹត្តិប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល៕
អត្ថបទដែលជាប់ទាក់ទង