រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឱ្យអភិបាលរាជធានីខេត្ត បញ្ជាក់ឯកសារអត្តសញ្ញាណ បម្រើឱ្យការបោះឆ្នោត ជូនប្រជាពលរដ្ឋ
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្តីជូនដំណឹង ដល់អភិបាល នៃគណៈអភិបាលរាជធានី/ខេត្តទាំងអស់ ក្នុងការជំរុញដល់អាជ្ញាធរឃុំសង្កាត់ ក្នុងការចេញឯកសារបញ្ជាក់ អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតជូនប្រជាពលរដ្ឋ ។
សម្តេចក្រឡាហោម បានបញ្ជាក់ថា ដើម្បីធានាដល់សិទ្ធិរបស់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នាពេលខាងមុខនេះ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនតូច មិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ខ្លួន ត្រូវបានបាត់ ឬខូច ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់រដ្ឋបាលរាជធានី ខេត្ត ដូចជា ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋក្នុងដែន សមត្ថកិច្ចរបស់ខ្លួន ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់ខ្លួនត្រូវបានបាត់ ឬខូច ដោយណែនាំដល់សាមីខ្លួន ត្រូវរូសរាន់ដាក់ពាក្យស្នើសុំឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត នៅរដ្ឋបាលឃុំ សង្កាត់សាមី។ ត្រូវណែនាំដល់អាជ្ញាធរឃុំ សង្កាត់ ឲ្យយកចិត្តទុកដាក់ និងពន្លឿនការចេញឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ជូនដល់ប្រជាពលរដ្ឋ ដែលបានស្នើសុំយកទៅប្រើប្រាស់ក្នុងការបោះឆ្នោត ស្របតាមសេចក្តីណែនាំរួមលេខ ០១៨ សណន ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ រវាងក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពីនីតិវិធីនៃការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត និងសេចក្តីណែនាំលេខ០៤០ គ.ជ.ប.សណន ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពីប្រភេទឯកសារ ដែលអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់ការបោះឆ្នោត ជ្រើសតាំតតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨។
សម្តេចក្រឡាហោម ក៏បង្គាប់ដល់អភិបាលរាជធានី ខេត្ត ត្រូវចាត់ចែងផ្សព្វផ្សាយ និងអនុវត្តតាមខ្លឹមសារ នៃលិខិតនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់៕