សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកដល់ប្រទេសប៊ុលហ្គារី ដោយសុវត្ថិភាព
នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នេះ បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូល ស្តីពីទឹកលើកទី៣ នៅប្រទេសហុងគ្រី (3rd Water Summit) និងក្រោយពីបានជួបពិភាក្សាការងារ ជាមួយមន្រ្តីសំខាន់ៗ នៃប្រទេសហុងគ្រីរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើដំណើរតាមយន្តហោះពិសេស បានមកដល់ប្រទេសប៊ុលហ្គារី (Bulgaria)ប្រកបដោយសុវត្ថិភាពហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងជួបប្រជុំពិភាក្សាការងារទ្វេភាគី ជាមួយនាយករដ្ឋមន្រ្តីប៊ុលហ្ការី លោក បូយកូ បូរីសសុវ (Boyko Borissov)។
នៅក្នុងកម្មវិធី៣ថ្ងៃនៅប្រទេស Bulgaria សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងអញ្ជើញជួបពិភាក្សាការងារជាមួយ លោក រូមិន រ៉ាដេវ (Rumen Radev) ប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្គារី និងមន្រ្តីសំខាន់ៗមួយចំនួនផ្សេងទៀត នៃរដ្ឋាភិបាល Bulgaria ដែលក្នុងនោះក៏ នឹងមានពិធីចុះហត្ថលេខាលើពិធីសារ និងឯកសារសំខាន់ៗមួយចំនួន ស្តីពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរផងដែរ៕