នគរបាលរាជធានី ដាក់ផែនការ បង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើ លួច ឆក់ ប្លន់ នៅក្នុងរាជធានីភ្នំពេញ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩ នេះ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្តីអំពីការ បង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើ លួច ឆក់ ប្លន់ នៅក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងទទួលការងារនគរបាលសណ្តាប់ធ្នាប់សាធារណៈ លោក ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងទទួលផែននាយកដ្ឋាននគរបាលកណ្តាលយុត្តិធម៌ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីលោកប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រីស្នងការរង នាយ នាយរងការិយាល័យ អធិការ អធិការរង ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងឱកាសនេះដែរ លោកនាយឧត្តមសេនីយ៍ប្រធានអង្គប្រជុំ បានមានប្រសាសន៍សរសើរ ដល់កម្លាំងតាមបណ្តាខណ្ឌទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងរយៈកាលកន្លងមក ដោយបានធ្វើឲ្យបទល្មើសមានការថយចុះជាង៣០% បើធៀបទៅនឹងខែសីហា ជាពិសេសបទល្មើស ដែលកើតឡើង គឺត្រូវបានកម្លាំងបង្ក្រាបបានទាន់ពេលវេលា រួមជាមួយនោះដែរ សមាជិកនៃអង្គប្រជុំ លោកអធិការតាមបណ្តាខណ្ឌ បានចូលរួមជាមតិយោបល់ទៅនឹងការងារ ដែលបានអនុវត្តន៍ជាក់ស្តែង បញ្ហាប្រឈម ដំណោះស្រាយ ក៏ដូចជាផែនការមួយចំនួន ដែលត្រូវអនុវត្តន៍បន្ត។
ជាកិច្ចបញ្ចប់ នៃអង្គប្រជុំ លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានមតិយោបល់ណែនាំល្អៗជាច្រើន ដល់អង្គប្រជុំ ត្រូវធ្វើយ៉ាងណាដើម្បីចូលរួម បង្ការ ទប់ស្កាត់រាល់បទល្មើសនានាកុំឲ្យកើតមានឡើង ជាពិសេសណែនាំឲ្យមានការសហការគ្នាឲ្យបានល្អ និងខិតខំបន្ថែមដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡីងថែមទៀត៕ដោយ៖កូឡាប