ចាប់ជនជាតិចិន២នាក់ ជំរិតទារប្រាក់ ពីជនជាតិ២នាក់ នៅក្រុងបាវិត ,ជនដៃដល់៣នាក់កំពុងរត់គេចខ្លួន
ខេត្តស្វាយរៀង៖បុរសជនរងគ្រោះជាជនចិន២នាក់ ត្រូវបានរំដោះចេញពីកណ្តាប់ដៃបងធំជនជាតិចិនដូចគ្នា ចាប់ជំរិតទារប្រាក់ ដែលជនល្មើសមានគ្នាចំនួន៥នាក់ សមត្ថកិច្ចចាប់២នាក់ និង៣នាក់ កំពុងរត់គេចខ្លួន ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន។
បើតាមលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង ទទួលផែនយុត្តិធម៌ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានមានប្រសាសន៍ឲ្យដឹងថា៖ បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថ ទទួលបានព័ត៌មាន និងរូបភាពវីដេអូប្រើអំពើហឹង្សា លើជនរងគ្រោះ ដែលផ្ញើមកពីប្រទេសចិន ដែលជនសង្ស័យផ្ញើទៅដើម្បីឲ្យអាណាព្យាបាល ជនរងគ្រោះ ជំរិតយកលុយមកលោះខ្លួនជនរងគ្រោះ។ បន្ទាប់ពីទទួលបានព័ត៌មាន និងរូបភាពវីដេអូខាងលើរួចមក កម្លាំងជំនាញកងរាជអាវុធហត្ថ បានធ្វើការពិនិត្យ និងស្រាវជ្រាវ សង្ស័យថាទីកន្លែងធ្វើទារុណកម្ម ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងបាវិត។
លោកវរសេយ៍ឯក ស្រី វុត្ថា បានឲ្យដឹងទៀតថា៖ ក្រោយពីទទួលបានការអនុញ្ញាតពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងក្រោមបញ្ជាផ្ទាល់របស់លោកឧត្តមសេយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងនោះ រហូដល់ម៉ោង១៩ព្រលប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយមូលដ្ឋានកងរាជអាវុហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងទទួលផែនយុត្តិធម៌ បានចុះធ្វើប្រតិបត្តិការនៅត្រង់ចំណុចផ្ទះសំណាក់យីហោ មហាជ័យ ធ្វើការឆែកឆេរបន្ទប់ផ្ទះសំណាក់លេខ២៣ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង ឆែកឆេររកឃើញមនុស្សចំនួន៣នាក់ នៅក្នុងបន្ទប់នោះ ដែលក្នុងនោះជនរងគ្រោះ២នាក់ និងជនសង្ស័យម្នាក់ (ជនជាតិចិនទាំង៣នាក់)។
ប្រភពដដែលបានបន្តទៀតថា៖ រហូតមកដល់ម៉ោង២៣និង១៥នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថខេត្តស្វាយរៀង និងកម្លាំងអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេយ៍ទោ ឡឹក ចំរើន មេបញ្ជាការកងរាជអាវុធហត្ថក្រុងបាវិត បានបន្តចុះប្រតិបត្តិការនៅមុខសណ្ឋាគារJP ស្ថិតក្នុងភូមិ បាវិតកណ្តាល សង្កាត់ បាវិត ខេត្តស្វាយរៀង ធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត ជាជនជាតិចិន នាំខ្លួនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ដើម្បីសាកសួរហើយជនជាតិចិន ជាជនសង្ស័យទាំង២នាក់ បច្ចុប្បន្នកម្លាំងជំនាញកសាងសំណុំរឿង និងវត្ថុតាង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមផ្លូវច្បាប់ ហើយជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបាននោះ ទី១.មានឈ្មោះ ហ្វង់ ឈីឆឹង (ហៅក្រៅ ម៉ឹង គ័រ) ភេទប្រុស អាយុ៤៥ឆ្នាំជនជាតិចិនមានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្លូវកំពង់ស្ពាន ក្នុងសណ្ឋាគារ អូលីដេ បន្ទប់លេខ២០៣ភូមិ បាវិតកណ្តាល សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង។ ជនសង្ស័យទី២.មានឈ្មោះ ធឹង ចាស៊ាង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។
ចំណែកជនរងគ្រោះ ទី១ មានឈ្មោះ យ៉ាង អាសឹង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិមានទីលំនៅភូមិ តាសា សង្កាត់ ឡាំងឈីង ក្រុង ណាននីង ខេត្ត គង់ស៊ី ប្រទេសចិន។ ទី២.ឈ្មោះ ល័រ សាវជៀន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរអាជីវករ ជនជាតិចិន ស្នាក់នៅក្រោយផ្សារអន្តរជាតិ ស្ថិតក្នុងភូមិ បាវិតកណ្តាល សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង។ រីឯជនរងគ្រោះទាំង២នាក់ ត្រូវសមត្ថកិច្ចបញ្ជូន ទៅការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង៕