សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាតំបន់ភ្នំធម្មជាតិ Kopitoto ក្នុងទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្គារី
ប៊ុលហ្គារី៖ នៅព្រឹកថ្ងៃទី១៧តុលា ឆ្នាំ២០១៩ ដែលជាថ្ងៃទី៣ នៃការស្នាក់នៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទស្សនាតំបន់ភ្នំធម្មជាតិ Kopitoto ក្នុងទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការី។
វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានទទួលនូវការស្វាគមន៍យ៉ាងរ៉ាក់ទាក់ និងស្និទ្ធស្នាលបំផុត ពីសំណាក់ថ្នាក់ដឹកនាំនៃតំបន់ភ្នំធម្មជាតិ Kopitoto។ សូហ្វីយ៉ា គឺជាទីក្រុងរបស់សាធារណរដ្ឋប៊ុលហ្ការី មានប្រជាជនរស់នៅជាង១លាន២សែន៧ម៉ឺននាក់ ជាទីក្រុងដែលមានប្រជាជនរស់នៅច្រើនជាងគេ និងក៏ជាទីក្រុងចំណាស់ជាងគេទី២ នៅតំបន់អឺរ៉ុប។ ទីក្រុងនេះស្ថិនៅលើជើងភ្នំវីតូសា (Vitosha) នៅភាគខាងលិច នៃប្រទេសប៊ុលហ្ការី។
ដោយស្ថិតនៅចំណុចកណ្តាល នៃតំបន់បាល់កង់ សូហ្វីយ៉ាក៏ស្ថិតនៅ ចន្លោះសមុទ្រខ្មៅ និងសមុទ្រ Adriatic និងស្ថិតនៅជិតសមុទ្រ Aegean ជាងគេ។ ទីក្រុងសូហ្វីយ៉ា គឺជាមជ្ឈមណ្ឌលនយោបាយ រដ្ឋបាល និងវប្បធម៌ របស់ប្រទេសប៊ុលហ្ការី។ ទីក្រុងនេះត្រូវបានហ៊ុមព័ទ្ធទៅដោយភ្នំ មានទឹកធ្លាក់ កម្តៅក្តៅចំនួន៤៩កន្លែង និងមានទំនប់ទឹក និងបឹងសិប្បនិម្មិតពាសពេញទីក្រុង។ ភ្នំវីតូសាជានិម្មិតរូបនិងជាភ្នំខ្ពស់ជាងគេ នៅទីក្រុងសូហ្វីយ៉ា។ ភ្នំនេះត្រូវបានគេចាត់ចូលជាឧទ្យានជាតិ កាលពីឆ្នាំ១៩៣៤ ហើយវាត្រូវបានគេថែរក្សាចាប់តាំងពីពេលនោះមក។
សូហ្វីយ៉ាជាទីក្រុងដែលមានការបំពុលខ្យល់ច្រើនជាងគេ នៅក្នុងសហភាពអឺរ៉ុប។ មូលហេតុចម្បងគឺដោយសារ ទី តាំងរបស់ទីក្រុងនេះ ស្ថិតនៅតាមជ្រលងភ្នំ ហើយភ្នំដែលនៅជុំវិញទីក្រុងអសមត្ថភាពក្នុងការសម្អាត ខ្យល់កខ្វក់។ សក្តានុពលសេដ្ឋកិច្ច និងពាណិជ្ជកម្ម សូហ្វីយ៉ា ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយ របស់ប្រទេសប៊ុលហ្ការី និងបានទាក់ទាញអ្នកជំនួញអន្តរជាតិ ក្នុងវិស័យមួយចំនួនដូចជា សេវាហិរញ្ញវត្ថុ អេឡិចត្រូនិក ព័ត៌មានវិទ្យា និងទូរគមនាគមន៍។
បើទោះបីទីក្រុងនេះមានចំនួនប្រជាជនសរុប ១៦% នៃប្រជាជនសរុបរបស់ប្រទេសប៊ុលហ្ការីក៏ដោយ សូហ្វីយ៉ាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ អភិវឌ្ឍប្រទេស ដែលវាបានចូលរួមចំណែក ៣៤% នៃផលិតផលក្នុងស្រុកសរុប (GDP)។ សូហ្វីយ៉ា បានក្លាយជាទិសដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពដោយ ៦៥% នៃភ្ញៀវទេសចរគឺមកពីបរទេស ភាគច្រើនមកពីប្រទេសអ៊ីតាលី អាល្លឺម៉ង់ ក្រិក និងអង់គ្លេស។ ចំនួនកើនឡើងនៃភ្ញៀវទេសចរ ត្រូវបានគេរំពឹងថា នឹងនាំមកនូវចំណុចវិជ្ជមានដល់វិស័យទេសចរណ៍ រួមមានទំនើបភាវូបនីយកម្ម និងការអភិវឌ្ឍការផ្តល់សេវាកម្មនានា។
សូមបញ្ជាក់ដែរថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប៊ុលហ្ការី ត្រូវបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៦៧ ប៉ុន្តែត្រូវបានកាត់ផ្តាច់នៅឆ្នាំ១៩៧៥ ដោយសារសង្រ្គាម និងរបបប្រល័យពូសាសន៍។ នៅឆ្នាំ១៩៧៩ កម្ពុជា និងប៊ុលហ្ការី បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញ។ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៩៩ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទស្ថានទូតរបស់ខ្លួន នៅសូហ្វីយ៉ា ដោយកង្វះថវិកា។ បច្ចុប្បន្ន លោក ប៉ូល សេងគី ត្រូវបានតែងតាំងជាភារធារី នៃស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្ការី ដោយឡែកលោកស្រី Marinela Milcheva Petkova ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋប៊ុលហ្ការី ប្រចាំព្រះរាជាណាចក្រកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម។
នៅលើកិច្ចសហប្រតិបត្តិការវិស័យអប់រំ ពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៩ សាធារណរដ្ឋប៊ុលហ្ការី បាន ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន១៥៩នាក់ ដើម្បីទៅសិក្សានៅប្រទេសប៊ុលហ្ការី។ ដំណើរនៃការអញ្ជើញទៅទស្សនាភ្នំធម្មជាតិ Kopitoto គឺធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចថ្ងៃចុងក្រោយ នៅទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការី របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា៕