កងកម្លាំងប្រដាប់អាវុធទាំងមូល ត្រូវអនុវត្តន៍ម៉ឺងម៉ាត់ ចំពោះជនក្បត់ជាតិ សម រង្ស៊ី ទៅតាមផ្លូវច្បាប់
ស្ទឹងត្រែង ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់យ៉ាងច្បាស់នៅនៅចំពោះមុខនាយទាហានថា កងកម្លាំងប្រដាប់អាវុធទាំងមូល មានទាហាន នគរបាល និងកងរាជអាវុធហត្ថ ត្រូវតែចូលរួមថែរក្សាឲ្យបាន នូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ហើយអនុវត្តន៍ម៉ឺងម៉ាត់ ចំពោះជនក្បត់ជាតិ សម រង្ស៊ី ទៅតាមផ្លូវច្បាប់។
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងបែបនេះ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩ នៅវរសេនាតូចរថក្រោះ យោធភូមិភាគទី១ ដែលបានអញ្ជើញជួបសំណេះសំណាល ផ្ដាំផ្ញើសួរសុខទុក្ខ និងចែកអាវរងារ ដល់កងកម្លាំងប្រដាប់អាវុធចំនួន ១៣អង្គភាព នៅទិសយោធភូមិភាគទី១ ។
លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានមានប្រសាសន៍ អំពីការឆ្លងបន្ទាត់ក្រហមទាំង២ របស់ជនក្បត់ជាតិ សម រង្ស៊ី ដែលបន្ទាត់ក្រហមទី១ គឺមានគំនិតធ្វើរដ្ឋប្រហារ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយបន្ទាត់ក្រហមទី២ គឺការប្រមាថមើលងាយព្រះមហាក្សត្រ មិនទទួលស្គាល់ព្រះមហាក្សត្រ និងបង្ខំព្រះមហាក្សត្រដាក់រាជ។
លោកវង្ស ពិសេន បានបញ្ជាក់ថា “ដូច្នេះកងកម្លាំងប្រដាប់អាវុធទាំងមូល មានទាហាន នគរបាល និងកងរាជអាវុធហត្ថ ត្រូវតែចូលរួមថែរក្សាអោយបាន នូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ ហើយអនុវត្តន៍ម៉ឺងម៉ាត់ ចំពោះជនក្បត់ជាតិ សម រង្ស៊ី ទៅតាមផ្លូវច្បាប់។ កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រៀមលក្ខណៈការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងចូលរួមតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ការហូបអំបុកសាមគ្គីជាតិ”៕