ឆ្នាំ២០១៩ ចាប់ខ្លួនជនជាតិចិន ជាង១០០០នាក់ ប្រព្រឹត្តបទល្មើសនៅកម្ពុជា
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧ខែតុលា បានសរសេរសារលើហ្វេសប៊ុកផ្លូវការថា ការបង្ហាញពីសមិទ្ធផលនៃឆ្នាំសហប្រតិបត្តិការអនុវត្តន៍ច្បាប់រវាងចិននិងកម្ពុជា។
ស្ថានទូតចិន បានបញ្ជាក់ថា ឆ្នាំ២០១៩ ជា”ឆ្នាំសហប្រតិបត្តិការអនុវត្តន៍ច្បាប់រវាងចិននិងកម្ពុជា”។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ស្ថិតនៅក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងនគរបាលទាំងពីរប្រទេស នគរបាលភាគីកម្ពុជា បានធ្វើការចាប់ខ្លួនជនសង្ស័យជនជាតិចិន មានចំនួនលើសពី១០០០នាក់ ដែលប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងពេស្យាចារ ល្បែងភ្នាល់គ្នាតាមប្រព័ន្ធអ៊ិនធើណេត គ្រឿងញៀន សង្គមងងឹត និងបទល្មើសផ្សេងទៀត ហើយក៏បានធ្វើការចាប់បញ្ជួនត្រឡប់ទៅវិញ។ ក្រោយពីការិយាល័យសហប្រតិបត្តិការអនុវត្តន៍ច្បាប់ រវាងចិននិងកម្ពុជា ត្រូវបានបង្កើតឡើង ស្ថាប័នអនុវត្តន៍ច្បាប់ នៃប្រទេសទាំងពីរបានសហការគ្នា យ៉ាងជិតស្និទ្ធថែមមួយកម្រិតទៀត ចុះបង្ក្រាបយ៉ាងតឹងរ៉ឹងនូវបទឧក្រិដ្ឋណា ដែលបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ទ្រព្យសម្បត្តិ សុវត្ថិភាពប្រជាពលរដ្ឋទាំងពីរប្រទេស ៕