ជំរុញឲ្យកាន់តែមានទំនាក់ទំនងច្រើនបន្ថែមទៀត លើការងារកំណែទម្រង់ វិមជ្ឈការ វិសហមជ្ឈការ ជាមួយអង្គការ JICA
ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុន បានជំរុញ និងលើកទឹកចិត្តឲ្យក្រសួងមហាផ្ទៃ បន្តកិច្ចសហការជាមួយអង្គការ JICA ដើម្បីពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលសម្ដេចក្រឡាហោមជាប្រធានដឹកនាំការងារកំណែទម្រង់នេះដោយផ្ទាល់ ។
នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអនុញ្ញាតឲ្យលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនទើបតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការស្វាគមន៍លោកឯកអគ្គរាជទូតដែលទើបតែងតាំងថ្មី និងសម្ដែងសេចក្ដីសោកស្ដាយ ព្រមទាំងមរណទុក្ខ ចំពោះគ្រោះធម្មជាតិ ដែលបានកើតឡើងនៅប្រជាជនជប៉ុន បង្កឲ្យពលរដ្ឋជប៉ុនរងគ្រោះជាច្រើននាក់ ដោយសម្ដេចបានសម្ដែងក្ដីសង្ឃឹមថា ស្មារតីរបស់ប្រជាជន និងរដ្ឋាភិបាលជប៉ុន នឹងបន្តរួបរួមគ្នាដោះស្រាយបញ្ហានេះប្រកបដោយជោគជ័យយ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ក៏សូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងជប៉ុន ដែលមានកន្លងមក ហើយសម្ដេចក៏សង្ឃឹមជឿជាក់ថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ នឹងបន្តរីកចំរើនលូតលាស់តទៅមុខជាដរាប ហើយសម្ដេចសូមថ្លែងអំណរគុណប្រជាជន និងរដ្ឋាភិបាលជប៉ុនដែលបន្តជួយគាំទ្រដល់បុព្វហេតុនៃការកសាងសេដ្ឋកិច្ច និងសង្គមកម្ពុជា។
ក្នុងឱកាសនោះក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោមក៏បានមានប្រសាសន៍សម្ដេចត្រៀមខ្លួនជានិច្ចក្នុងការបន្តផ្ដល់កិច្ចសហការជាមួយឯកឧត្តមឯកអគ្គរាជទូតជប៉ុន ហើយក៏ត្រៀមខ្លួនដោះស្រាយនូវបញ្ហានានា ដែលមានសំណើរ ឬតម្រូវការផ្សេងៗពីខាងស្ថានទូតជប៉ុន។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងអំណរគុណសម្ដេចក្រឡាហោម ស ខេង ចំពោះការចូលរួមរំលែកមរណទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុន និងសម្ដែងក្ដីសង្ឃឹមជឿជាក់ថា តាមរយៈបទពិសោធន៍ជាច្រើនក្នុងការដោះស្រាយបញ្ហាគ្រោះធម្មជាតិនេះ លោកក៏មានក្ដីសង្ឃឹមថារដ្ឋាភិបាល និងប្រជាជនជប៉ុន នឹងបន្តដោះស្រាយកិច្ចការនេះដូចទៅនឹងគ្រោះធម្មជាតិដែលបានកើតឡើងនាពេលកន្លងមកដែរ។
លោកឯកអគ្គរាជទូត បានថ្លែងថា នៅក្នុងឱកាសអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា លោកពិតជាមានក្ដីរីករាយដែលបានថ្វាយសារតាំងជូនសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី និងបានចូលគាល់សម្ដេចព្រះវររាជមាតាជាតិខ្មែរ និងឥស្សរជនជាន់ខ្ពស់ជាច្រើនទៀត និងបានសម្ដែងសក្ដីរីករាយចំពោះព្រះករុណាព្រះបាទសម្ដេចបរមនាថ នរោត្តម សីហមុនី ដែលនឹងយាងចូលរួមព្រះរាជពិធីគ្រងរាជសម្បត្តិជាផ្លូវការនៃព្រះចៅអធិរាជជប៉ុន។
លោកក៏សូមថ្លែងអំណរគុណសម្ដេចក្រឡាហោម ស ខេង និងក្រសួងមហាផ្ទៃ ដែលកន្លងមកបានយកចិត្តទុកដាក់បំពេញភារកិច្ចក្នុងការថែរក្សាសុវត្ថិភាព សន្តិសុខជូនដល់ស្ថានទូតជប៉ុន និងប្រជាពលរដ្ឋជប៉ុនដែលធ្វើដំណើរចេញចូលប្រទេសកម្ពុជា ហើយជាមួយគ្នានេះ លោកបានសម្ដែងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ក្នុងការបន្តយកចិត្តទុកដាក់ពង្រឹង និងលើកស្ទួយកិច្ចសន្ទនាជាមួយអង្គការមិនមែនរដ្ឋាភិបាល និងសង្គមស៊ីវិល តាមរយៈវេទិកា៣លើករួចមកហើយនោះ។
លោកឯកអគ្គរាជទូតជប៉ុនក៏បានសម្ដែងក្ដីរីករាយ ជំរុញ និងលើកទឹកចិត្តឲ្យក្រសួងមហាផ្ទសបន្តកិច្ចសហការជាមួយអង្គការ JICA ដើម្បីពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលសម្ដេចក្រឡាហោមជាប្រធានដឹកនាំការងារកំណែទម្រង់នេះដោយផ្ទាល់ ហើយលោកពិតជាមានបំណងក្នុងការពង្រីកបន្ថែទៀតនូវការផ្លាស់ប្ដូររវាងប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតបសម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទីបានមានប្រសាសន៍ថាព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះករុណាព្រះមហាក្សត្រ យាងចូលរួមពិធីឡើងគ្រងរាជសម្បត្តិផ្លួវការនៃព្រះចៅអធិរាជជប៉ុននាសប្ដាហ៍ក្រោយនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញការរីកចំរើនមួយកម្រិតទៀតនៃទំនាក់ទំនងកម្ពុជា ជប៉ុន។
សម្ដេចក្រឡាហោម ក៏បានសម្ដែងការឯកភាពចំពោះគោលបំណងដែលលោកឯកអគ្គរាជទូតបានលើកឡើងសម្រាប់ការពង្រីកបន្ថែមទៀតនូវការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន និងបានថ្លែងនូវក្ដីរីករាយចំពោះបំណងរបស់លោកដែលជំរុញឲ្យកាន់តែមានទំនាក់ទំនងច្រើនបន្ថែមទៀតលើការងារកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ ជាមួយអង្គការ JICA។
នៅក្នុងឱកាសនោះដែរលោកឯកអគ្គរាជទូតជប៉ុនក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចការលំបាកៗជាច្រើន ដែលក្រសួងមហាផ្ទៃក្រោមការដឹកនាំរបស់សម្ដេចក្រឡាហោម ស ខេង បានខិតខំបំពេញភារកិច្ចប្រកបដោយភាពជោគជ័យ ហើយថានៅក្នុងអាណត្តិការទូតនៅកម្ពុជានេះ លោកនឹងអញ្ជើញទស្សនកិច្ចតាមបណ្ដាខេត្តរបស់កម្ពុជា ដូចជាខេត្តសៀមរាប និងខេត្តព្រះសីហនុ ដោយបានស្នើសុំសម្ដេច និងក្រសួងមហាផ្ទៃជួយផ្ដល់ការសម្របសម្រួលដើម្បីឲ្យទស្សនកិច្ចទាំងនោះទទូលបានជោគជ័យ។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា សម្ដេចត្រៀមខ្លួនជាស្រេចដើម្បីសម្របសម្រួលដល់ការបំពេញការងារក្នុងអាណត្តិរបស់លោក និងត្រៀមខ្លួនដោះស្រាយបញ្ហាផ្សេងៗជូនលោកឯកអគ្គរាជទូត និងស្ថានទូតជប៉ុន និងបានជូនពរឲ្យលោកបំពេញអាណត្តិការទូតនៅកម្ពុជាប្រកបដោយភាពជោគជ័យ៕