ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការបើកការដ្ឋានស្ថាបនាផ្លូវ បើកលំហរមហាវិថីសម្ដេចតេជោហ៊ុនសែនហៅផ្លូវ៦០ម៉ែត្រតភ្ជាប់ជាមួយនឹងផ្លូវ២៧១គ្រោងបញ្ចប់នៅចុងឆ្នាំ២០១៩នេះ

79

ភ្នំពេញ៖ការបើកការដ្ឋានស្ថាបនាផ្លូវបើកលំហរមហាវិថីសម្ដេចតេជោហ៊ុនសែនហៅផ្លូវ៦០ម៉ែត្រតភ្ជាប់ជាមួយនឹងផ្លូវ២៧១ស្ថិតនៅក្នុងភូមិសាស្ត្រភូមិ៧សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យគ្រោងបញ្ចប់នៅចុងឆ្នាំ២០១៩នេះដើម្បីសម្រួលឲ្យការធ្វើចរាចររបស់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរបានស្រួលខណៈដែលផ្លូវខាងលើនេះមានលក្ខណៈតូចចង្អៀតដោយសារតែមានផលប៉ះពាល់ជាមួយលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួននៅទីនោះ។តែមកដល់ពេលនេះផលប៉ះពាល់ទាំងនោះត្រូវបានដោះស្រាយហើយដោយអនុវត្តតាមរូបមន្តឈ្នះឈ្នះរបស់សម្តេចតេជោ។

    ដើម្បីអោយដំណើរការនៃការបើកការដ្ឋានស្ថាបនាផ្លូវតភ្ជាប់រវាងផ្លូវមហាវិថីសម្តេចតេជោហ៊ុនសែន(ផ្លូវ៦០ម៉ែត្រ)និងផ្លូវ២៧១ឲ្យបានជោគជ័យទៅតាមគម្រោងដែលបានគ្រោងទុកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួងស្រេងកាល

ពីល្ងាចថ្ងៃទី១៧ខែតុលាឆ្នាំ២០១៩នេះបានដឹកនាំមន្ត្រីជំនាញនិងមន្ទីរពាក់ព័ន្ធចុះធ្វើការត្រួតពិនិត្យទីតាំងដែលត្រូវស្ថាបនាក្រោយពីមានការដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋដែលរស់នៅ

លើផ្លូវនេះរួចរាល់ហើយគ្រឿងចក្របាននិងកំពុងរុះរើផ្ទះជាមួយនិងការចាក់ដីបំពេញ

    ក្នុងឱកាសនៃការចុះពិនិត្យមើលជាក់ស្ដែងនោះលោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យក្រុមហ៊ុនធ្វើយ៉ាងណាជម្រុញការងារនេះអោយបានលឿនដើម្បីបើកការដ្ឋានផ្លូវអ៊ុតកៅស៊ូដាក់អោយបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរនៅចុងឆ្នាំ២០១៩នេះ

   តំណាងក្រុមហ៊ុនអាយអេនជីហូលឌីង(ING Holding Co., Ltd) លោកកែវសូថានៅក្នុងខណៈដែលចុះពិនិត្យនោះបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថាការដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋនេះគឺខាងក្រុមហ៊ុនអនុវត្តទៅតាមយុទ្ធសាស្រ្តឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុនសែនគឺប្រជាពលរដ្ឋបានទទួលយកនូវសំណងរបស់ក្រុមហ៊ុនដោយសប្បាយរីករាយក្នុងចិត្តដោយសារតែក្រុមហ៊ុនសាងសង់លំនៅដ្ឋានជូនពួកគាត់អភិវឌ្ឍន៍នៅនឹងកន្លែង។ដោយឡែកសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងបឹងដែលរងផលប៉ះពាល់ដែរនោះក៏ទទួលបានលំនៅដ្ឋានធ្វើអំពីថ្មដោយអភិវឌ្ឍន៍នៅនឹងកន្លែងផងដែរដោយពួកគាត់ទទួលបានផ្ទះល្វែងនៅក្នុងបុរីនៅក្បែរនឹងទីតាំងដែលទទួលរងផលប៉ះពាល់នោះដែរជាមួយនោះប្រជាពលរដ្ឋដែលមានបើកអាជីវកម្មនៅទីតាំងនេះខាងក្រុមហ៊ុនបានសាងសង់ផ្ទះជូនពួកគាត់នៅក្បែរទីតាំងដដែរហើយពួកគាត់នៅតែបន្តការបើកអាជីវកម្មបានដូចមុនដដែរ។

    អ្វីដែលជាគម្រោងរបស់ក្រុមហ៊ុនអាយអេនជីហូលឌីង(ING Holding Co., Ltd) គឺការសហការជាអាជ្ញាធររាជធានីភ្នំពេញបើកលំហរមហាវិថីសម្ដេចតេជោហ៊ុនសែនហៅផ្លូវ៦០ម៉ែត្រតភ្ជាប់ជាមួយនឹងផ្លូវ២៧១ដើម្បីសម្រួលឲ្យការដំណើររបស់ប្រជាពលរដ្ឋបានធ្វើដំណើរស្រួល។

   គួរបញ្ជាក់ថាមហាវិថីថ្មីមួយនេះមិនត្រឹមតែជួយសម្រួលដល់ការរស់នៅប្រកបអាជីវកម្មនិងការធ្វើដំណើរដឹកជញ្ជូនទំនិញកសិផលនិងសេវាកម្មផ្សេងៗក្នុងភូមិសាស្រ្តសង្កាត់ចាក់អង្រែលើប៉ុណ្ណោះទេប៉ុន្តែជាយុទ្ធសាស្រ្តនៃការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយនិងជាការដោះស្រាយបញ្ហាប្រឈមចំពោះមុខគឺការកកស្ទះចរាចរក្នុងរាជធានីភ្នំពេញនិងជាបច្ច័យដ៏ល្អក្នុងការកាត់បន្ថយការចំណាយនិងជំរុញឲ្យសេដ្ឋកិច្ចទីផ្សារប្រព្រឹត្តិប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល៕

 

អត្ថបទដែលជាប់ទាក់ទង