បញ្ហាចំការមីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មិនទាន់បានបោសសម្អាតនៅឡើយ
ព្រំដែនកម្ពុជា-ថៃ ៖ ចំការមីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មិនទាន់បានបោសសម្អាតនៅឡើយ និងបានបង្កគ្រោះថ្នាក់ជាហូរហែរ ជាពិសេសតំបន់ច្រករបៀងតូចៗដែលពលករ ឬប្រជាពលរដ្ឋខ្លះ បានដើរចូលចំការមីនទាំងនោះ។
ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលទាំង២ អង្គភាពCMAC និងអង្គភាពTMAC កំពុងសម្របសម្រួលខាងការងារបច្ចេកទេស និងផ្លាស់ប្តូរពិសោធន៍ ក្នុងការសហការជាមួយគ្នា ដើម្បីពិនិត្យលទ្ធភាពជំរុញការបោសសម្អាតគ្រាប់មីនទាំងនោះ។
បើតាមរយៈការផ្សព្វផ្សាយលើផេកហ្វេសប៊ុក លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ កាលពីថ្ងៃទី១៨ខែតុលា បានថ្លែងថា កន្លងទៅថ្មីៗនេះ ភាគីថៃរួមមានក្រសួងការពារថៃ ដែលអនុវត្តន៍បទបញ្ជាដោយមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនថៃ (TMAC) និងក្រសួងការពារជាតិកម្ពុជាអនុវត្តន៍ប្រតិបតិ្តការដោយCMAC ក្រោយការដឹកនាំរបស់គណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ ដែលមានឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសទាំង២ ជាសហប្រធាន។
លោកបានបន្តថា ចំការមីនតាមបណ្តោយព្រំដែននេះ បានបង្កគ្រោះថ្នាក់ជាហូរហែរមកហើយ ជាពិសេសតំបន់ច្រករបៀងតូចៗដែលពលករ ឬប្រជាពលរដ្ឋខ្លះបានដើរចូលចំការមីនទាំងនោះ។
លោកអគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលទាំង២ អង្គភាពCMAC និងអង្គភាពTMAC កំពុងសម្របសម្រួលខាងការងារបច្ចេកទេស និងផ្លាស់ប្តូរពិសោធន៍ ក្នុងការសហការជាមួយគ្នា ដើម្បីពិនិត្យលទ្ធភាពជំរុញការបោសសម្អាតគ្រាប់មីនទាំងនោះ ព្រោះថានៅចំពោះមុខនេះ នៅតែមានចំការមីនយ៉ាងច្រើននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មិនទាន់បានបោសសម្អាតនៅឡើយទេ៕