សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុរសម្នាក់ ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជារ មិនប្រុងប្រយ័ត្ន បណ្តាលឲ្យស្លាប់អ្នកដទៃ
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជារ មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចបណ្តាលឲ្យស្លាប់អ្នកដទៃ ត្រូវបានលោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៧២២៥ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ។
ជនសង្ស័យដែលសមត្ថកិច្ចនាំទៅឃុំខ្លួនឈ្មោះ សយ ចន្ទរស្មី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មេកាផ្ទះសំណាក់ ទីកន្លែងកំណើតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅផ្ទះលេខ៤៣ឈ ផ្លូវលំ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សូមបញ្ជាក់ថា ជនសង្ស័យបានប្រព្រឹត្តនៅចំណុចផ្លូវជាតិលេខ៦ ប្រសព្វផ្លូវបេតុងនាងមច្ឆា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ក្នុងបទល្មើសព្រហ្មទណ្ឌមានចែងផ្តន្ទាទោសតាមមាត្រា៨៥នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕