សង្ស័យជិះម៉ូតូទាក់ដៃចង្កូតម៉ូតូ ខ្ទាតចូលកុងតឺន័រស្លាប់ទាំង២នាក់
ភ្នំពេញ ៖ ប្រុសស្រី២នាក់ សង្ស័យជិះម៉ូតូទាក់ដៃចង្កូតម៉ូតូមួយទៀត បណ្តាលអោយដួលខ្ទាតមនុស្សចូលកង់រថយន្ត កុងតឺន័រ ស្លាប់ទាំង២នាក់ នៅវេលាម៉ោងប្រហែល ៧និង១០នាទីយប់ ថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវវ៉េងស្រេង ត្រង់ចំណុចខាងលិចស្តុប ទួល ពង្រ ប្រមាណ១០០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សពរងគ្រោះមានឈ្មោះ ហ៊ន់ គឹមហេង ភេទប្រុស អាយុ២១ឆ្នាំ ជាសន្តិសុខឯកជន ស្នាក់នៅបន្ទប់ជួល ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅស្រុកព្រះស្តេច ខេត្តព្រៃវែង ( អ្នកឌុប) និងអ្នកជិះខាងក្រោយ មានឈ្មោះ ខេង លក្ខណា ភេទស្រី អាយុ ១៩ឆ្នាំទីលំនៅ ស្រុកពាមជរ ខេត្តព្រៃវែង អ្នកទាំងពីរជិះម៉ូតូម៉ាកហុងដាប៊ីត ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HO-5624 ចំណែក រថយន្តកុងតឺន័រ ដែលកិនជនរងគ្រោះបាន បើករត់បាត់ស្រមោល។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបើកម៉ូតូ ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីកើតទៅលិច ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ សង្ស័យទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាក ធ្វើដំណើរស្របគ្នា បណ្ដាលឲ្យដួលចូលកង់រថយន្តកុងតឺន័រ កិនស្លាប់ទាំងពីរនាក់តែម្ដង។ រថយន្តកុងតឺន័រ បានព្យាយាមបើករត់ចេញពីកន្លែងកើតហេតុបាត់ស្រមោល ចំណែកឯម៉ូតូម្ខាងទៀត ក៏បានបើកចេញពីកន្លែងកើតហេតុទៅបាត់ដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែងយកម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ រង់ចាំសាច់ញាតិ មកទទួលយកនៅពេលក្រោយ ចំណែសាកសព ត្រូវសាច់ញាតិយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕