ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គាំទ្រដល់សន្និសីទអន្តរជាតិវិនិយោគចិន-កម្ពុជា ជាការជម្រុញដល់វិនិយោគិន ដែលមានបំណងមកវិនិយោគនៅកម្ពុជា

56

 

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុង”សន្និសីទអន្តរជាតិវិនិយោគចិន-កម្ពុជា” នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ថ្ងៃច័ន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។
លោកជំទាវក៏បានមានប្រសាសន៍ថា កម្ពុជា-ចិន បានចាប់ផ្តើមមានទំនាក់ទំនងការទូតជាផ្លូវការ ចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨មក ពោលគឺតាំងពីជំនាន់អតីតព្រះមហាក្សត្រកម្ពុជា សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងឯកឧត្តមប្រធាន ម៉ៅ សេទុង ជាពិសេស ជំនាន់សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានស៊ី ជិងពីង ។ តាមរយៈទំនាក់ទំនដ៏ល្អនេះក៏នៅតែបន្តរហូតដល់បច្ចុប្បន្ននេះ សម្តេចតេជោបានណែនាំថាត្រូវ «រក្សាអ្នកវិនិយោគចិនដែលមានស្រាប់ឲ្យនៅប្រទេសកម្ពុជា និងជំរុញឲ្យមានអ្នកវិនិយោគចិនថ្មីមកកម្ពុជាបន្ថែមទៀត» ក្នុងនោះទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចិន មានការកើនឡើងជាបន្តបន្ទាប់ ដែលគោលដៅក្នុងការធ្វើពាណិជ្ជកម្ម ដល់ឆ្នាំ២០២២ អាចកើនឡើងរហូតដល់ទៅ១០ពាន់លានដុល្លារអាម៉េរិក។
លោកជំទាវក៏បានគាំទ្រនូវ គំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវាត់មួយ ដែលរដ្ឋាភិបាលចិនបានដាក់ចេញពិតជាបានពង្រីក និងលើកកម្ពស់ «ភាពជាដៃគូដែលមានប្រយោជន៍ទៅវិញទៅមក» «កិច្ចសហប្រតិបត្តិការឈ្នះឈ្នះ» និង «វិបុលភាពរួមគ្នា» រវាងបណ្តាប្រទេសនៅតាមខ្សែក្រវាត់ និងផ្លូវ តាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ស្ថាប័ន និងប្រជាជន ក៏ដូចជាសហប្រតិបត្តិការផ្នែកធុរកិច្ច វប្បធម៌ និងវិស័យសំខាន់ៗដទៃទៀតទាំងបច្ចុប្បន្ន និងអនាគត។ ការរីកចំរើនខាងលើ អាចកើតឡើងបាន ក៏ដោយសារការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសកម្ពុជាទទួលបានការអភិវឌ្ឍន៍លើគ្រប់វិស័យ។
លោកជំទាវសង្ឃឹមយ៉ាងមុតមាំថា សន្និសីទវិនិយោគ ចិន-កម្ពុជា នាថ្ងៃនេះ ពិតជានឹងរួមចំណែកដ៏សំខាន់ និងបានចែករំលែកនូវបទពិសោធន៍ល្អៗ ក៏ដូចជាជម្រុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជាវេទិការមួយផ្តល់ព័ត៌មានសក្តានុពលពិតប្រាកដ ដល់វិនិយោគិនដែលមានបំណងចង់មកវិនិយោគបណ្តាក់ទុនវិនិយោគឱ្យបានយល់កាន់តែច្បាស់អំពីកម្ពុជា ៕
ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង