សម្តេច ទៀ បាញ់ និងរដ្ឋមន្ត្រី្ហការពារជាតិចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ
ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ វ៉េ ហ៊្វុងហឺ រដ្ឋមន្ត្រីការពារជាតិចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា និងចិន។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការវាងកងទ័ព នៃប្រទេសទាំងពីរ បានធ្វើឡើងកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅក្នុងឱកាស ដែលសម្តេចពិជ័យសេនា ទៀ បាញ់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ អញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាយោធាពិភពលោកលើកទី៧ នៅទីក្រុងអ៊ូហាន បានចូលជួបសម្តែងការគួសម នាយឧត្តមសេនីយ៍ វ៉េ ហ៊្វុងហឺ រដ្ឋមន្ត្រី្ហការពារជាតិចិន នៅទីក្រុងប៉េកាំង។
ក្នុងជំនួបនាឱកាសនោះ នាយឧត្តមសេនីយ៍ វ៉េ ហ៊្វុងហឺ បានសម្តែងការស្វាគមន៍ចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា មកចូលរួមក្នុងពិធីបើកការប្រកួតកីឡាយោធាពិភពលោកលើកទី៧ នៅទីក្រុងអ៊ូហាន និងចូលរួមក្នុងវេទិកាសៀនសានលើកទី៩ នៅទីក្រុងប៉េកាំង។
នាយឧត្តមសេនីយ៍ វ៉េ ហ៊្វុងហឺ បានសម្ដែងការកោតសរសើរ ចំពោះសម្តេច ពិជ័យសេនា ដែលបានខិតខំជំរុញក្នុងការអភិវឌ្ឍទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរកម្ពុជា និងចិន។
រដ្ឋមន្ត្រីការពារជាតិចិនបានបញ្ជាក់ថា ចិន និងកម្ពុជា ជាមិត្តភក្តិដែកថែប។ ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ហើយបច្ចុប្បន្ននេះ គឺស្ថិតនៅក្នុងកម្រិតខ្ពស់ជាងគេ ក្នុងប្រវត្តិសាស្រ្ត។ នាយឧត្តមសេនីយ៍ វ៉េ ហ៊្វុងហឺ បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាងកង ទ័ពទាំងពីរជិតស្និទ្ធ នឹងទទួលបាននូវសមិទ្ធផលធំធេងជាច្រើន ហើយកិច្ចសហប្រតិបត្តិកា ររវាងកងទ័ពទាំងពីរ បានក្លាយទៅជាយន្តការមួយដែលបានជួយជំរុញដល់ការ អភិវឌ្ឍទំនាក់ទំនង រវាងប្រទេសទាំងពីរកម្ពុជា និងចិន។ រដ្ឋមន្ត្រីការពារជាតិចិន បានបញ្ជាក់ទៀតថា ប្រទេសចិននៅតែបន្តផ្តល់ជំនួយ និងការគាំទ្រដល់ការកសាងកងទ័ព និងការអភិវឌ្ឍវិស័យការពារជាតិ របស់ប្រទេសកម្ពុជា។
នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីនាពេលនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្ដែងការអបអរសាទរក្នុងឱកាសប្រទេសចិន បានប្រារព្ធខួបលើកទី៧០ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដ៏មហោឡារិក កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ និង អបអរសាទរចំពោះជោគជ័យ នៃពិធីបើកការប្រកួតកីឡាយោធាពិភពលោកលើកទី៧ នៅទីក្រុង អ៊ូហាន។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ទំនាក់ទំនងមិត្តភាពរវាងប្រជាជន និងកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន ដែលបានចាប់ផ្តើម ដោយថ្នាក់ដឹកនាំគ្រប់ជំនាន់ រហូតមកដល់បច្ចុប្បន្ននេះត្រូវបានពង្រឹង និងពង្រីកថែមទៀត យ៉ាងខ្លាំងក្លាក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន។
សម្តេចពិជ័យសេនា បានវាយតម្លៃខ្ពស់ និងមានជំនឿជឿជាក់ ជាមួយតួនាទីដ៏សំខាន់ មិនអាចខ្វះបានរបស់ប្រទេសចិន ជាពិសេសតួនាទី របស់កងទ័ពរំដោះប្រជាជនចិន ដែលបានចូលរួមយ៉ាងស្វាហាប់ និងយ៉ាងមោះមុតក្នុងការកសាង និងអភិវឌ្ឍន៍ ចំពោះសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក។
សម្តេចពិជ័យសេនា បានថ្លែងអំណរគុណចំពោះការជួយជ្រោមជ្រែង ផ្តល់ការជួយឧបត្ថម្ភក្នុងការអនុវត្តិកិច្ចសហប្រតិបត្តិការទ្វេរភាគី រវាងកងទ័ពទាំងពីរកម្ពុជា-ចិន ដូចជា ការផ្លាស់ប្តូរគណៈប្រតិភូ ការបង្កើនកម្រិតនៃការធ្វើលំហាត់ហ្វឹកហ្វឺន បង្កើនប្រសិទ្ធភាព នៃការបណ្តុះបណ្តាលធនធានមនុស្ស រួមទាំងកិច្ចសហប្រតិបត្តិការ កម្រិតតំបន់ និងអន្តរជាតិផងដែល ដែលបានធ្វើឱ្យទំនាក់ទំនងកងទ័ព ទាំងពីរកាន់តែរឹងមាំ៕