ទូតកម្ពុជាស្នើអោយអាជ្ញាធរ និងថៅកែរោងចក្រនៅកូរ៉េ បន្ដយកចិត្តទុកដាក់ និងជ្រើសរើសពលករកម្ពុជាបន្ថែមទៀត
ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ លោក ឡុង ឌីម៉ង់ បានស្នើអោយអាជ្ញាធរ និងថៅកែរោងចក្រនៅកូរ៉េ បន្ដយកចិត្តទុកដាក់ និងជ្រើសរើសពលករកម្ពុជាទៅបំរើការងារនៅប្រទេស
កូរ៉េបន្ថែមទៀត។
ការស្នើបែបនេះរបស់លោកឯកអគ្គរាជទូតកម្ពុជាបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ខណៈដែលលោក និងក្រុមការងារទីប្រឹក្សាការងារទទួលបន្ទុកពលករ សហការជាមួយមជ្ឈ
មណ្ឌលប្រឹក្សាយោបល់ជនបរទេសនាទីក្រុងអានសាន ចុះទស្សនៈកិច្ច និងសួរសុខទុក្ខបងប្អូនពលករខ្មែរចំនួន១០នាក់ នៅរោងចក្រ Changdae Metal (រោងចក្រផលិតតួម៉ាស៊ីនរបស់រថយន្ដ) នាតំបន់អានសាន។
លោកឡុង ឌីម៉ង់ឯកអគ្គរាជទូត ក្នុងឱកាសនោះបានថ្លែងអំណរគុណជាអនេកដល់សាលាក្រុងអានសាន និងមជ្ឈមណ្ឌលប្រឹក្សាយោបល់ជនបរទេសនាទីក្រុងអានសាន ដែលតែងតែសហការបង្កលក្ខណៈដល់ស្ថានទូតកម្ពុជាក្នុងការជួយដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋខ្មែរនៅទីក្រុងអានសាន និងសូមថ្លែងអំណរគុណដល់ម្ចាស់រោងចក្រ Changdae Metal លោក ស៊ុង ក្វាងស៊ង ដែលបានស្រលាញ់ថែទាំពលករកម្ពុជាទាំង១០នាក់ ដែលកំពុងបម្រើការងារនៅរោងចក្ររបស់លោក និងស្នើដល់លោកថៅកែសូមបន្ដជ្រើសរើសពលករកម្ពុជាបន្ថែមទៀតនៅពេលដែលពង្រីករោងចក្រ ហើយសូមលើកទឹកចិត្តឱ្យមកបណ្ដាក់ទុនបើករោងចក្រនៅកម្ពុជាដើម្បីជ្រើសរើសអតីតពលករដែលបានចប់អាណត្តិធ្វើការដើម្បីបន្ដជំនាញវិជ្ជាជីវៈរបស់ពួកគេ៕